លោក ហ្សេលេនស្គី ថា ការប្រយុទ្ធគ្នានៅតំបន់ដុនបាស់ គឺប្រៀបដូចជាសមរភូមិ “ឋាននរក”

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃអង្គារសប្តាហ៍នេះថ្លែងថា ការប្រយុទ្ធគ្នានៅតំបន់ដុនបាស់ គឺប្រៀបដូចជាសមរភូមិ “ឋាននរក” ដោយលោកបានអះអាងថា យោធារបស់ទីក្រុងកៀវនៅតែគ្មានអាវុធខ្លាំង ដើម្បីតតាំងនឹងកងកម្លាំងរុស្ស៊ីដែលមានឥទ្ធិពលជាង ហើយបានអំពាវនាវដល់អាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនសម្រាប់ជំនួយសព្វាវុធបន្ថែមទៀត។

នៅក្នុងសុន្ទរកថារយៈពេល៥នាទីទៅកាន់ប្រជាជនអ៊ុយក្រែន លោក ហ្សេលេនស្គី បានថ្លែងអំណរគុណដល់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងអង្គការណាតូ សម្រាប់ការបញ្ជូនកាំភ្លើងធំបាញ់រ៉ុក្កែត ដោយហៅវាថា “មានប្រសិទ្ធភាពណាស់” និងបានប្តេជ្ញាថា នឹងធ្វើឱ្យជនជាតិរុស្ស៊ីរងការខាតបង់កាន់តែឈឺចាប់ ដោយលោកចង់សំដៅដល់ហ្វូងមនុស្សដែលជាអ្នកឈ្លានពាន។

លោក ហ្សេលេនស្គី បានបញ្ជាក់យ៉ាងដូច្នេះថា ពាក្យថា HIMARS ស្ទើរតែមានន័យដូចនឹងពាក្យ “យុត្តិធម៌” សម្រាប់ប្រទេសរបស់យើង។
គិតមកទល់ពេលនេះ សហរដ្ឋអាមេរិកបានបញ្ជូនប្រព័ន្ធមីស៊ីល HIMARS ចំនួន១៦គ្រឿងទៅឱ្យអ៊ុយក្រែន។ រុស្ស៊ីថា ខ្លួនបានបំផ្លាញប្រព័ន្ធមីស៊ីលនេះចំនួន៤គ្រឿង បើទោះបីជាអ៊ុយក្រែន និងមន្ទីរបញ្ចកោណបានបដិសេធរឿងនេះក៏ដោយ។

ទោះបីជាយ៉ាងណា លោក ហ្សេលេនស្គី បានអះអាងថា លោកកំពុងរំពឹងថា នឹងមានសព្វាវុធកាន់តែច្រើនថែមទៀតមកពីលោកខាងលិច ហើយបានអរគុណអ្នកការទូតអ៊ុយក្រែន ដែលព្យាយាមរៀបចំឱ្យមានការដឹកជញ្ជូនបន្ថែម ៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner