លោក ហ្សេលេនស្គី ថា អ៊ុយក្រែនរំពឹងទទួលបានអាវុធធុនធ្ងន់បន្ថែមទៀតពីប្រទេសសមាជិកណាតូ

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃអង្គារសប្តាហ៍នេះ បានសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាធិការអង្គការណាតូលោក ជេន ស្តូលថែនប៊ឺក ដើម្បីពិភាក្សាអំពីជំនួយសម្រាប់ទីក្រុងគៀវ។

នៅក្នុងកិច្ចពិភាក្សាខាងលើនេះ លោក ហ្សេលេនស្គី បានជូនដំណឹងដល់លោក ស្តូលថែនប៊ឺគ អំពីស្ថានភាពនៅតំបន់សមរភូមិជួរមុខក្នុងប្រទេសអ៊ុយក្រែន ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់សម្រាប់ទីក្រុងកៀវ ក្នុងការទទួលបានជំនួយយោធាពីអង្គការណាតូ ដែលបានព្រមព្រៀងគ្នាក្នុងអំឡុងកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធមិត្តនៅទីក្រុងម៉ាឌ្រីដ ឆ្នាំ២០២២។

ក្រៅពីនេះ លោក ហ្សលេនស្គី បាននិយាយថា អ៊ុយក្រែនកំពុងស្វែងរកការទទួលបានអាវុធធុនធ្ងន់បន្ថែមទៀតពីប្រទេសសមាជិកណាតូ។ មេដឹកនាំទាំងពីរក៏បានពិភាក្សាផងដែរ អំពីការបន្តការនាំចេញគ្រាប់ធញ្ញជាតិពីអ៊ុយក្រែនតាមរយៈកំពង់ផែសមុទ្រខ្មៅ និងការរំពឹងទុកនៃជំនួយរបស់អង្គការណាតូ ក្នុងការផ្តល់ជំនួយដោះមីននៅអ៊ុយក្រែន។

សូមរម្លឹកថា នៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូក្នុងរដ្ឋធានីអេស្ប៉ាញ កាលពីថ្ងៃទី២៩-៣០ ខែមិថុនាកន្លងទៅ សមាជិកបក្សសម្ព័ន្ធយោធានេះបានយល់ព្រមផ្តល់ការគាំទ្រដល់អ៊ុយក្រែន ក្នុងវិស័យជាច្រើន រួមទាំងការទំនាក់ទំនងប្រកបដោយសុវត្ថិភាព ការការពារតាមប្រព័ន្ធអ៊ីនធើណិត ប្រេងឥន្ធនៈ និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តជាដើម៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner