សម្តេចតេជោ ហ៊ុន សែន ៖ យើងកំពុងធ្វើការស្វិតស្វាញ ដើម្បីបញ្ចប់ក្រមប្រតិបត្តិបញ្ហាសមុទ្រចិនខាងត្បូង

ភ្នំពេញ ៖ ថ្លែងក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនាព្រឹកថ្ងៃទី៣ សីហា ឆ្នាំ២០២២ នៅសណ្ឋាគាសុខាភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២នេះ បានបញ្ជាក់ ទៅកាន់រដ្ឋមន្ត្រីការបទេសអាស៊ាន ដែលចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ថា អាស៊ាន បានកំពុងតែធ្វើការយ៉ាងស្វិតស្វាញ ដើម្បីបញ្ចប់ក្រមប្រតិបត្តិពីបញ្ហាសមុទ្រចិនខាងត្បូង ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅក្នុងឆ្នាំនេះ យើងក៏សម្រេចបាននូវសមិទ្ធផលជាច្រើនផងដែរ ។ ជុំវិញបញ្ហាវិបត្តិសុខភាព យើងក៏អាចងើបចេញពីជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ។ បើនិយាយអំពីពាណិជ្ជកម្ម និងការវិនិយោគ យើងបានដាក់ចូលជាធរមាននូវកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (ឬហៅកាត់ថា អាសិប – RCEP) ។

សម្តេចបន្តថា ព្រឹត្តិការណ៍សំខាន់មួយទៀត គឺខួបទី២០ឆ្នាំនៃសេចក្ដីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង (DOC) ដែលជាឯកសារដ៏សំខាន់ក្នុងការគ្រប់គ្រងទំនាក់ទំនងរវាងគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅសមុទ្រចិនខាងត្បូង ។

សម្តេចតេជោ ៖« យើងក៏បាន និងកំពុងធ្វើការយ៉ាងស្វិតស្វាញ ផងដែរ ដើម្បីបញ្ចប់ក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC) ដែលប្រកបដោយអត្ថន័យ និងប្រសិទ្ធភាពដោយអនុលោមតាមច្បាប់អន្តរជាតិដូចជា អនុសញ្ញាសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ផងដែរ »។

ជាមួយគ្នានោះដែរ សម្តេចតេជោក៏បានលើកឡើងថា ចំពោះ ដំណើរការនៃការចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស្តេ កំពុងមានវឌ្ឍនភាពយ៉ាងល្អ ហើយខ្ញុំមានសុទិដ្ឋិនិយមថា យើងនឹងអាចស្វាគមន៍ប្រទេសនេះមកកាន់គ្រួសារអាស៊ានបានយ៉ាងយូរនៅត្រឹមឆ្នាំក្រោយ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner