នាយករដ្ឋមន្ត្រីកម្ពុជា ផ្តល់យោបល់ និងស្នើឱ្យរដ្ឋមន្ត្រីការបរទេសអាស៊ាន ពិចារណា និងផ្តល់ការគាំទ្រ ទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងវិធានការស្តារពីផលប៉ះពាល់នៃជំងឺកូវីដ ១៩
ភ្នំពេញ៖ ថ្លែងក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនាព្រឹកថ្ងៃទី៣ សីហា ឆ្នាំ២០២២ នៅសណ្ឋាគាសុខាភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់យោបល់ពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមចំនួន ២ ដែលលោកបានស្នើឱ្យរដ្ឋមន្ត្រីការបរទេសអាស៊ានពិចារណា និងផ្តល់ការគាំទ្រ ដែលក្នុងនោះមានបញ្ហាដែលបង្កឡើងទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងការខូចខាតផ្នែកបរិស្ថាន និងវិធានការស្តារ និងងើបចេញពីផលប៉ះពាល់នៃជំងឺកូវីដ ១៩។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ សូមអនុញ្ញាតឱ្យខ្ញុំលើកជាយោបល់ពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមចំនួន ២ ដែលខ្ញុំសូមស្នើឱ្យរដ្ឋមន្ត្រីការបរទេសអាស៊ានពិចារណា និងផ្តល់ការគាំទ្រ។ គំនិតផ្តួចផ្តើមទី១ គឺការដោះស្រាយចំពោះការគំរាមកំហែងដល់ភាពរស់រាននៃជីវិត នៅក្នុងតំបន់ និងពិភពលោក ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ និងការខូចខាត ផ្នែកបរិស្ថាន។
សម្ដេចបន្ថែមថា គំនិតផ្តួចផ្តើមទី២ គឺពាក់ព័ន្ធនឹងវិធានការដើម្បីស្តារ និងងើបចេញពីផលប៉ះពាល់នៃជំងឺកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាព។ អាស៊ាន បានឯកភាពអនុវត្តគំនិតផ្តួចផ្តើម និងកម្មវិធីនានា ក្រោមយុទ្ធសាស្ត្រធំទាំង ៤ នៃក្របខ័ណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រហូតមកដល់ពេលនេះ អាស៊ានបាននិងកំពុងដាក់ចេញនូវដំណោះស្រាយ ជាគោលនយោបាយជាច្រើន ប៉ុន្តែការឆ្លើយតបហាក់នៅផ្តោតតែលើវិស័យជាក់លាក់ និងខ្វះការសម្របសម្រួលរវាងគ្នា។ អាស៊ាន ចាំបាច់ត្រូវជំរុញកិច្ចការនេះបន្ថែមទៀត តាមរយៈការប្រើប្រាស់ឱ្យអស់លទ្ធភាពនូវលក្ខខណ្ឌថ្នាក់ជាតិផ្សេងៗ ដើម្បីផ្តល់ជាវេទិកា សម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសជាសមាជិកអាស៊ាន ក៏ដូចជាដៃគូខាងក្រៅ។
សូមជម្រាបថា ព្រះរាជណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ចាប់ថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ដែលមានប្រទេសចូលរួមសរុបចំនួន ៣៩ប្រទេស៕ ដោយ វណ្ណលុក





