ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ជំហរថា កម្ពុជា ឯកភាពដើម្បីកិច្ចសហប្រតិបត្តិការ មិនមែនឯកភាពដើម្បីប្រឈមមុខដាក់គ្នានោះទេ

ភ្នំពេញ ៖ ថ្លែងក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនាព្រឹកថ្ងៃទី៣ សីហា ឆ្នាំ២០២២ នៅសណ្ឋាគាសុខាភ្នំពេញ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ពីគោលជំហររបស់កម្ពុជា ក្នុងនាមប្រធានអាស៊ានថា ឯកភាពដើម្បីកិច្ចសហប្រតិបត្តិការ មិនមែនឯកភាពដើម្បីប្រឈមមុខដាក់គ្នានោះទេ ។ សម្តេច បានសង្កត់ធ្ងន់ថា ត្រូវព្យាយាមផ្ដោតលើបញ្ហា ដែលបង្រួបបង្រួមអាស៊ានទាំងអស់គ្នា ជាជាងផ្ដោតលើបញ្ហាដែលនាំឱ្យបែកបាក់គ្នា ។ អាស៊ាន ត្រូវតែផ្ដល់អាទិភាពដល់សន្តិភាពខ្ពស់ជាងអ្វីទាំងអស់ ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ ក្នុងនាមជាប្រធានអាស៊ាននាឆ្នាំនេះ កម្ពុជាបានកំណត់មូលបទ «អាស៊ានរួមគ្នាធ្វើ៖ដោះស្រាយបញ្ហាប្រឈម ទាំងអស់គ្នា» សំដៅឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងអស់ ដូចដែលសម្ដេចបានលើកឡើង ដែលទាមទារឱ្យយើងត្រូវកៀរគរកិច្ចខិតខំប្រឹងប្រែងរួមគ្នាព្រមទាំងប្រមូលផ្តុំស្មារតីនៃការរួបរួមគ្នា ដើម្បីអាចដោះស្រាយបញ្ហាទាំងនេះប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្តថា ក្នុងឱកាសនៃការប្រារព្ធខួប ៥៥ ឆ្នាំ នៃជីវិតរបស់អាស៊ានខ្ញុំមានសេចក្តីសោមនស្សដែលយើងបានកសាងសហគមន៍ អាស៊ានប្រកបដោយបរិយាបន្នយ៉ាងពិតប្រាកដស្របតាមស្មារតីស្នូលរបស់អាស៊ាន គឺចក្ខុវិស័យមួយ,អត្តសញ្ញាណមួយនិងសហគមន៍តែមួយ ។ ជាការពិត សហគមន៍របស់យើងឬខ្ញុំអាចនិយាយថាគ្រួសាររបស់យើងគឺមិនល្អឥតខ្ចោះនោះទេដោយយើងទាំងអស់គ្នាសុទ្ធតែមានភាពខុសគ្នារៀងៗខ្លួន ។ ប៉ុន្តែសម្ដេច សូមសួរថា តើ មានគ្រួសារណាមួយដែលមិនមានភាពខុសគ្នានោះ?។

ក្នុងរយៈពេល ៥ទសវត្សរ៍កន្លះ នៃសហវិជ្ជមាន អាស៊ានសម្រេចបាននូវសមិទ្ធផលជាក់ស្តែងជាច្រើនដោយផ្អែកលើគោលការណ៍ព្រមព្រៀងគ្នាជាឯកច្ឆន្ទនិងការ មិនជ្រៀតជែកគ្នាដែលបានបង្កើតជាស្នូលនៃមាគ៌ាអាស៊ាន ។ជាក់ស្ដែង,បើទោះបីជាមានឧបសគ្គរារាំងយ៉ាងណាក៏ដោយ, អាស៊ានសម្រេចបាននូវគោលដៅកំពូល របស់អាស៊ាន គឺ «ឯកភាពក្នុងភាពចម្រុះ» នៅក្នុងតំបន់មួយដែលសម្បូរទៅដោយភាពចម្រុះនៃវប្បធម៌,សេដ្ឋកិច្ច និងនយោបាយ ។

សម្ដេចបន្តថា នៅក្នុងឆ្នាំនេះ អាស៊ាន ក៏សម្រេចបាននូវសមិទ្ធផលជាច្រើនផងដែរ ។ ជុំវិញបញ្ហាវិបត្តិសុខភាព, អាស៊ានក៏អាចងើបចេញពីជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ។ បើនិយាយអំពីពាណិជ្ជកម្មនិងការវិនិយោគ, អាស៊ានបានដាក់ចូលជាធរមាននូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(ឬហៅកាត់ថាអា សិប – RCEP)។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ទោះបីជាការអនុវត្តកុងសង់ស៊ីស ៥ចំណុចពុំមានភាពជឿនលឿនតាមដែលគ្រប់គ្នាចង់បានប៉ុន្តែការខិតខំរបស់អាស៊ានកន្លងមកបានសម្រេចភាពជឿនលឿនខ្លះដែរជាពិសេសលើការងារផ្តល់ជំនួយមនុស្សធម៌ដល់អ្នកដែលត្រូវការបំផុត។

សម្តេចតេជោសង្កត់ធ្ងន់ថា សភាពការណ៍នៅពេលនេះប្រែប្រួលខ្លាំងដែលអាចនិយាយបានថាកាន់តែអាក្រក់ជាងមុនមានការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច ទៅទៀតក្រោយពីការអនុវត្តទោសប្រហារជីវិតទៅលើសកម្មជនបក្សប្រឆាំង ៤រូប ។ កម្ពុជា ក៏ដូចជារដ្ឋសមាជិកអាស៊ានទាំងអស់ខកចិត្តនិងរន្ធត់យ៉ាងក្រៃលែង ចំពោះការប្រហារជីវិតសកម្មជនបក្សប្រឆាំងទាំងនេះបើទោះបីជាសម្តេចក្នុងនាមប្រធានអាស៊ាន និងថ្នាក់ដឹកនាំដទៃទៀតបានអំពាវនាវឲ្យមានការពិចារណា ឡើងវិញអំពីការកាត់ទោសប្រហារជីវិតនេះដើម្បីជាប្រយោជន៍នៃកិច្ចសន្ទនានយោបាយ សន្តិភាព និងការបង្រួបបង្រួមជាតិ ។ ក្នុងករណីមានអ្នកទោសដទៃ ទៀតដែលនឹងត្រូវកាត់ទោសប្រហារជីវិត អាស៊ាននឹងត្រូវបង្ខំចិត្តគិតគូរឡើងវិញអំពីតួនាទីរបស់អាស៊ានចំពោះការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ាន ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner