ក្រសួងបរិស្ថានបើកសិក្ខាសាលាសផ្សព្វផ្សាយ ស្តីពីការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រប្រកបដោយសុវត្ថិភាពបរិស្ថាន ដល់ម្ចាស់ទីតាំងសេវាថែទាំឯកជនទូទាំងខេត្តសៀមរាប

សៀមរាប៖ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២នេះ ក្នុងសាលប្រជុំធំនៃរដ្ឋបាលខេត្ត ក្រសួងបរិស្ថានបានបើកសិក្ខាសាលាសផ្សព្វផ្សាយស្តីពីការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រ ប្រកបដោយសុវត្ថិភាពបរិស្ថានដល់ម្ចាស់ទីតាំងសេវាថែទាំឯកជនទូទាំងខេត្តសៀមរាប ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន និងក្រសួងសុខាភិបាល សហការជាមួយក្រុមហ៊ុន ប៊ុន លាងលី គ្លូប៊ល ។

សិក្ខាសាលាសនេះរៀបចំឡើថ ក្រោមអធិបតីភាពឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការកសួងបរិស្ថាន តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក ប្រាក់ សោភ័ណ អភិបាលរងខេត្តសៀមរាប និងតំណាងមកពីក្រសួងសុខាភិបាល ពីក្រុមហ៊ុន ប៊ុន លាងលី គ្លូប៊ល ព្រមទាំងស្ថាប័ន អង្គភាពពាក់ព័ន្ធ មន្ត្រីរាជការជុំវិញខេត្តជាច្រើននាក់ផងដែរ។

ឯកឧត្តម សាបូ អូហ្សាណូ បានកោតសរសើរ ចំពោះសិក្ខាកាមទាំងអស់ ដែលតំណាង មកពីរដ្ឋបាលខេត្តសៀមរាប មន្ទីរបរិស្ថាន មន្ទីរសុខាភិបាល ម្ចាស់ទីតាំងសេវាថែទាំឯកជន និងគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តការងារគ្រប់គ្រងសំណល់វេជ្ជសាស្ត នាពេលកន្លងមក ក៏ដូចជាពេលនេះ។

ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការកសួងបរិស្ថាន មានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងរយៈពេលជាងមួយអាណ្ណត្តិនេះ ក្រសួងបរិស្ថានបាននិងកំពុងអនុវត្តភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ដោយសម្រចបានលទ្ធផលគួរជាទីមោទនៈ ជាពិសេស លើការងារកិច្ចគាំពារបរិស្ថាន ដែលត្រូវបានចាត់ទុកជាបញ្ហាអាទិភាពរបស់រាជរដ្ឋាភិបាល និងបានកំណត់យ៉ាងច្បាស់លាស់នៅក្នុងសូចនាករ និងគោលដៅនៃការអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់កម្ពុជា។

ក្នុងនោះដែរក្រសួងបរិស្ថានបានដាក់ចេញនូវទិសដៅ និងវិធានការគ្រប់គ្រងសំរាម សំណល់រឹងនៅទីប្រជុំជនដោយបាន ១. ប្រគល់មុខងារគ្រប់គ្រងសំរាម សំណល់រឹងនៅទីប្រជុំជនទៅឱ្យរដ្ឋាបាលក្រុង ស្រុកទទួលខុសត្រូវ។ ២. បានផ្ដល់កញ្ចប់ថវិការសេវាអនាម័យបរិស្ថានប្រមាណ ២ លានដុល្លា ក្នុង១ឆ្នាំ ដល់ក្រុងទាំង ២៧ ចាប់ពីឆ្នាំ២០១៥ កន្លងមក។ ៣. រៀបចំក្រុមការងារអន្តរក្រសួងសម្របសម្រួលដល់ការផ្ទេរសេវាសំរាម និងគាំទ្រការអនុវត្តមុខងារគ្រប់គ្រងសំរាម សំណល់រឹងនៅទីប្រជុំ។ ៤. ក្រសួងបានបណ្តុះបណ្តាល នឹងផ្តល់ប្រឹក្សាបច្ចេកទេសការងារសំរាម នឹងផ្ដល់សម្ភារៈមធ្យោបាយសម្រាប់គាំទ្រការគ្រប់គ្រងសំរាម សំណល់រឹងនៅទីប្រជុំជន។

ឯកឧត្តម បានបង្ហាញទៀតថា ទន្ទឹមនិងនោះ ក្រសួងក៏បានរៀបចំគោលនយោបាយបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងផែនការយុទ្ធសាស្ត្ររយៈពេលវែង និងខ្លីសម្រាប់ប្រសិទ្ធភាពគ្រប់គ្រងសំរាម និងសំណល់រឹងនៅទីប្រជុំជនថ្នាក់ក្រោមជាតិ។ យើងគិតត្រឹមឆ្នាំ២០១៨ មូលដ្ឋានសុខាភិបាលសាធារណៈ មានចំនួនសរុប ១.៤៥៧ កន្លែង (មន្ទីរពេទ្យជាតិចំនួន៩កន្លែង មន្ទីរពេទ្យខេត្តចំនួន២៥កន្លែង មន្ទីរពេទ្យបង្អែកក្រុង ស្រុក ចំនួន ៨៩កន្លែង មណ្ឌលសុខភាពមានចំនួន ១,២០៥កន្លែង និងប៉ុស្តិ៍សុខភាពចំនួន ១២៩កន្លែង) ក្នុងនោះដែរយើងឃើញថា ចំនួនគ្រែសរុបមានចំនួន ១១៨៨៣គ្រែ ដោយនៅតាមបណ្តាខេត្ត និងរាជធានីមានចំនួន ៧៧១៦គ្រែ និងនៅមន្ទីរពេទ្យជាតិមានចំនួន ៤១៦៧គ្រែ។

ចំពោះមូលដ្ឋានសុខាភិបាល ឯកជនវិញ គិតមកត្រឹមឆ្នាំ២០១៨ មូលដ្ឋានសុខាភិបាលឯកជនមានចំនួនសរុប ១២.៧៨៥កន្លែង។ តួរលេខ នេះបានកើនដល់ ១៤.៤៣២កន្លែង គិតត្រឹមឆ្នាំ២០២០ (មន្ទីរពហុព្យាបាល មន្ទីរសំរាកព្យាបាលជំងឺ និង មន្ទីរពេទ្យឯកជន មានចំនួន ៦៦៩កន្លែង និងបន្ទប់ពិនិត្យ ពិគ្រោះជំងឺគ្រប់ប្រភេទមានចំនួន ១៣.៧៦៣ កន្លែង)។

ឯកឧត្តម បានបញ្ជាក់ទៀតថា តាមការសិក្សារបស់ក្រុមការងារនាពេលថ្មីៗនេះក្នុងឆ្នាំ២០២០ ចំពោះបរិមាណសំណល់នេះ អាចបានកើនឡើងប្រមាណជិត ៣តោនក្នុង១ថ្ងៃ ស្របតាមការកើនឡើងនៃចំនួនទីតាំងសេវាថែទាំសុខភាព និងការរីកចម្រើននៃវិស័យសុខាភិបាលក្នុងរាជធានីភ្នំពេញ។

យោងតាមការលទ្ធផលនៃការសិក្សារបស់អង្គការសុខភាពពិភពលោក យើងធ្វើការសន្មត់ថា បរិមាណសំណល់វេជ្ជសាស្ត្របង្កើតឡើងក្នុងប្រទេសកម្ពុជា មានប្រមាណ ០,៥គីឡូក្រាមសម្រាប់គ្រែក្នុង១ថ្ងៃ ដូចនេះ បរិមាណសំណល់វេជ្ជសាស្ត្រដែលបង្កើតឡើងចេញពីមូលដ្ឋានថែទាំសុខភាពសាធារណៈ មានប្រមាណ ៥.៤៧៩គីឡូក្រាមក្នុង១ថ្ងៃ ឬប្រមាណ ២.០០០តោនក្នុង១ឆ្នាំ ខណៈពេលដែលបរិមាណសំណល់បង្កើតពីមូលដ្ឋានថែទាំសុខភាពឯកជននៅទូទាំងប្រទេស អាចមានប្រមាណ ១៦តោនក្នុង១ថ្ងៃ ឬប្រមាណ ៥.៦៧៦តោនក្នុង១ឆ្នាំ។ បរិមាណនៃសំណល់បង្កើតឡើងពីសេវាថែទាំសុខភាពឯកជន ត្រូវបានវាយតម្លៃថា អាចមានបរិមាណច្រើនជាង ៣ ទៅ ៤ដង បើធៀបជាមួយនឹងបរិមាណសំណល់បង្កើតឡើងពីសេវាថែទាំសុខភាពសាធារណៈនោះ៕ ដោយ ស៊ាន សុផាត

ads banner