សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា ភ្នំពេញ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅក្នុងដំណើរនៃការរីកចម្រើន និងអភិវឌ្ឍនៃតំបន់អាស៊ាន, បញ្ហាប្រឈមផ្សេងៗបានកើតមានឡើងជាបន្តបន្ទាប់ ដោយរាប់ចាប់ពីបញ្ហាភូមិសាស្ត្រនយោបាយ រហូតដល់បញ្ហាសង្គម-សេដ្ឋកិច្ច។ ជាក់ស្ដែង, នៅក្នុងការធ្វើជាប្រធានអាស៊ានប្តូរវេនប្រចាំឆ្នាំ, យើងតែងតែ ប្រឈមនឹងបញ្ហាមួយចំនួន ដែលទាមទារឱ្យមានការដោះស្រាយ ប៉ុន្តែយើងមិនដែលធ្លាប់ បានប្រឈមនឹងគ្រោះថ្នាក់ជាច្រើនក្នុងពេលតែមួយ ដែលបានបង្កការគំរាមកំហែងយ៉ាង ធ្ងន់ធ្ងរមកលើតំបន់ និងពិភពលោកទាំងមូល ដូចជាពេលនេះឡើយ ។
ត្រង់ចំណុចនេះ សម្ដេច បញ្ជាក់ថា កំពុងតែនិយាយអំពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃជំងឺកូរីដ-១៩ ដែលទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងដ៏ធំសម្បើម ដើម្បីស្តារ និងងើបចេញពីវិបត្តិ ដែល មានលក្ខណៈបែបពហុទិដ្ឋភាព ស្របពេលដែលការប្រកួតប្រជែងដែលកាន់តែគ្រោះថ្នាក់ រវាងមហាអំណាច ក៏បាន និងកំពុងដាក់សម្ពាធកាន់តែខ្លាំងឡើង មកលើប្រទេសរបស់យើង តាមរយៈឥទ្ធិពលនៃការផ្តាច់ខ្លួន ចេញពីគ្នារវាងផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យា, ការកើនឡើង នៃចំនួនសម្ព័ន្ធភាពតូចៗ, ការប្រណាំងប្រជែងផ្នែកសព្វាវុធ និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ។
ដោយឡែក, វិបត្តិនយោបាយ និងសន្តិសុខ បូករួមវិបត្តិសេដ្ឋកិច្ច និងមនុស្សធម៌ ដែលទើប កើតមានឡើងនៅមីយ៉ាន់ម៉ា ដែលជាសមាជិកគ្រួសាររបស់យើងផ្ទាល់ ក៏បានបង្កជាបញ្ហាប្រឈមដល់មជ្ឈភាព និងឯកភាពរបស់អាស៊ាន ព្រមទាំងបានបង្កឱ្យមានការរង្គោះរង្គើដល់ ស្ថិរភាពតំបន់ផងដែរ។ នៅខាងក្រៅតំបន់អាស៊ានវិញ, សង្គ្រាមនៅអ៊ុយក្រែន ក៏បាន និង កំពុងបង្កឱ្យមានភាពស្មុគស្មាញដល់ទំនាក់ទំនងនៅអឺរ៉ុប ក៏ដូចជាតំបន់របស់យើងផងដែរ ។ សង្គ្រាមនេះ បានបង្កឱ្យមានការរំខានយ៉ាងធ្ងន់ធ្ងរមកលើសេដ្ឋកិច្ច, បង្កជាបញ្ហាកាន់តែធ្ងន់ធ្ងរ ដល់សន្តិសុខស្បៀង និងថាមពល ហើយអាក្រក់ជាងនេះទៅទៀតនោះគឺការគំរាមកំហែងឱ្យ ពិភពលោកមានការបែកខ្ញែកជាថ្មីទៀត ។ បន្ថែមលើនេះ, គ្រោះមហន្តរាយដែលបណ្ដាលមក ពីការប្រែប្រួលអាកាសធាតុ និងបញ្ហាប្រឈមផ្នែកសន្តិសុខបែបប្រពៃណី និងមិនប្រពៃណី ផ្សេងទៀត ក៏នៅតែជាកង្វល់សម្រាប់យើងទាំងអស់គ្នា ។
ក្នុងនាមជាប្រធានអាស៊ាននាឆ្នាំនេះ, កម្ពុជាបានកំណត់មូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» សំដៅឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងអស់ ដូចដែល បានលើកឡើង ដែលទាមទារឱ្យយើងត្រូវកៀរគរកិច្ចខិតខំប្រឹងប្រែងរួមគ្នា ព្រមទាំង ប្រមូលផ្តុំស្មារតីនៃ “ការរួបរួមគ្នា” ដើម្បីអាចដោះស្រាយបញ្ហាទាំងនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត ។
សម្ដេចបន្ថែមថា ៖ កម្ពុជា សូមសង្កត់ធ្ងន់ពីគោលជំហររបស់ខ្លួន ក្នុង «ឯកភាពដើម្បីកិច្ចសហប្រតិបត្តិការ» មិនមែន «ឯកភាពដើម្បីប្រឈមមុខដាក់គ្នា» នោះទេ ។ យើងត្រូវព្យាយាមផ្ដោតលើបញ្ហា ដែល បង្រួបបង្រួមយើងទាំងអស់គ្នា ជាជាងផ្ដោតលើបញ្ហាដែលនាំឱ្យយើងបែកបាក់គ្នា ។ យើងត្រូវ តែផ្តល់អាទិភាពដល់សន្តិភាព ខ្ពស់ជាងអ្វីទាំងអស់ ។
ជាមួយនេះដែរ សម្ដេចតេជោ បានស្នើឱ្យរដ្ឋមន្ត្រីការបរទេសអាស៊ាន ពិចារណា និងផ្តល់ការគាំទ្រ លើយោបល់ពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើម ចំនួនពីរ ៖ គំនិតផ្តួចផ្តើមទី១ គឺការដោះស្រាយចំពោះការគំរាមកំហែងដល់ភាពរស់រាននៃជីវិត នៅក្នុងតំបន់ និងពិភពលោក ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ និងការខូចខាត ផ្នែកបរិស្ថាន ។
សម្ដេចលើកឡើងថា រហូតមកដល់ពេលនេះ, អាស៊ាន បាននិងកំពុងដាក់ចេញនូវដំណោះស្រាយជាគោលនយោបាយជាច្រើន ប៉ុន្ដែការឆ្លើយតបរបស់យើង ហាក់នៅផ្តោតតែលើវិស័យជាក់លាក់ និងខ្វះការសម្របសម្រួលរវាងគ្នា។ អាស៊ានចាំបាច់ត្រូវជំរុញកិច្ចការនេះបន្ថែមទៀត តាមរយៈការប្រើប្រាស់ឱ្យអស់លទ្ធភាពនូវលក្ខខណ្ឌថ្នាក់ជាតិផ្សេងៗ ដើម្បីផ្ដល់ជាវេទិកា សម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសជាសមាជិកអាស៊ាន ក៏ដូចជាដៃគូខាងក្រៅ ។
ជាការប្រសើរ ប្រសិនបើអាស៊ានអាចពិចារណាលើគំនិតផ្តួចផ្តើមបង្កើតក្របខណ្ឌធំទូលាយមួយ ដែលសម្ដេច ហៅថាជា កិច្ចព្រមព្រៀងបៃតងអាស៊ាន (ASEAN Green Deal) សំដៅអនុញ្ញាត ឱ្យតំបន់របស់យើងអាចប្រែខ្លួនបន្តិចម្ដងៗ ឆ្ពោះទៅកាន់អនាគតបៃតងមួយដែលមានចីរភាព, ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ភាពធន់ និងភាពប្រកួតប្រជែងក្នុងផ្នែក សេដ្ឋកិច្ច កិច្ចព្រមព្រៀងបៃតងអាស៊ាននេះ នឹងអាចគ្របដណ្តប់ទៅលើវិស័យជាច្រើន ដូចជា ហេដ្ឋារចនាសម្ព័ន្ធ, ថាមពល, កម្មន្តសាល, ការប្រើប្រាស់, កសិកម្ម, ការដឹកជញ្ជូន, បរិស្ថាន និងហិរញ្ញវត្ថុ ដោយមានបច្ចេកវិទ្យា, នវានុវត្តន៍ និងការកែច្នៃដើម្បីប្រើប្រាស់ឡើងវិញ បំពេញតួនាទីជាកត្តាជំរុញ ។
គំនិតផ្តួចផ្តើមទី២ គឺពាក់ព័ន្ធនឹងវិធានការ ដើម្បីស្តារ និងងើបចេញពីផលប៉ះពាល់ន ជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព ។ អាស៊ាន បានឯកភាពអនុវត្តគំនិតផ្តួចផ្តើម និងកម្មវិធី នានា ក្រោមយុទ្ធសាស្ត្រធំទាំង ៤ នៃក្របខណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយ របស់អាស៊ាន។ ស្របតាមយុទ្ធសាស្ត្រធំទី ៣ ដែលសំដៅបង្កើនជាអតិបរមានូវសក្តានុពលនៃទីផ្សារអន្តរ អាស៊ាន និងសមាហរណកម្មសេដ្ឋកិច្ច ដែលទូលំទូលាយជាងមុន, សម្ដេច ជឿជាក់ថា យើងត្រូវការជាចាំបាច់នូវលេខាធិការដ្ឋានដាច់ដោយឡែកមួយឱ្យបានឆាប់បំផុត ដើម្បីសម្របសម្រួលការ អនុវត្តប្រកបដោយ ប្រសិទ្ធភាព នូវកិច្ចព្រមព្រៀងអាសិប (RCEP) ដែលបានចូលជាធរមាន កាលពីខែ មករា កន្លងទៅនេះ ។
សម្ដេចតេជោ បានបន្តទៀតថា កម្ពុជា ត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើជាម្ចាស់ផ្ទះនៃ លេខាធិការដ្ឋានអាសិបនេះ ហើយថែមទាំងបានកំណត់ទីតាំងរួចជាស្រេចសម្រាប់លេខា ធិការដ្ឋានអាសិបនេះ នៅរាជធានីភ្នំពេញ និងបាន និងកំពុងរៀបចំគម្រោងសំណើលម្អិត ទៀតផង ។
សម្ដេចតេជោ សង្ឃឹមថា កម្ពុជាអាចទទួលបានការគាំទ្រពីប្រទេសសមាជិកអាស៊ាន ក៏ដូច ជាប្រទេសជាសមាជិកផ្សេងទៀត នៃកិច្ចព្រមព្រៀងអាសិប នៅពេលដែលកម្ពុជាដាក់សំណើ នេះជាផ្លូវការ ៕ ដោយ វណ្ណលុក




