អភិបាលខណ្ឌចំការមន ក្រើនរំលឹកដល់ពលរដ្ឋ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ កុំចោលសំរាមពាសវាលពាសកាល
ភ្នំពេញ៖ លោក ថេង សុថុល អភិបាលខណ្ឌចំការមន និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានក្រើនរំលឹកដល់ពលរដ្ឋ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ កុំចោលសំរាមពាសវាលពាសកាល នាំឱ្យសំរាមហូរតាមទឹកភ្លៀង បង្កជាការកកស្ទះតាមមាត់អណ្តូងលូ ឬហូរចូលប្រឡាយ បណ្តាលឱ្យលិចលង់ដល់លំនៅឋាន។ លោក ថេង សុថុល បានរំលឹកដូចនេះក្នុងឱកាសដែលអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន បានចែកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈឯកឧត្តម ឃួង ស្រេង ប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងជនចាស់ជរាចំនួន ៤០គ្រួសារ ក្នុងសង្កាត់ទួលទំពូង២ និងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន នៅព្រឹកថ្ងៃទី៣ សីហា ឆ្នាំ២០២២ ។
លោកប្រធានគណៈកម្មាធិការអនុសាខា បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ប្រកបដោយសេចក្តីនឹករលឹក ដែលសម្តេចទាំងទ្វេរ តែងបានយកចិត្តទុកដាក់ជានិច្ច ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងនៅគ្រប់ទីកន្លែង ដោយមិនដែលប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ ឬពណ៌សម្បុរ អ្វីឡើយ ដូចពាក្យថា ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ។
លោក ថេង សុថុល បានលើកឡើងទៀតថា ប្រជាពលរដ្ឋជនចាស់ជរា ជនពិការ ត្រូវបានចាត់ទុកថា ជាមុខសញ្ញាងាយរងគ្រោះ ហើយក៏ជាមុខសញ្ញា ត្រូវសង្រ្គោះជាបន្ទាន់ ដែលត្រូវទទួលបានអំណោយនៅពេលនេះ ដើម្បីជាការដោះស្រាយជីវភាពប្រចាំថ្ងៃ ។ លោកប្រធានគណៈកម្មាធិការអនុសាខា ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយត្ន័បន្ថែមទៀត សូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីគឺ៖ ៣ការពារ និង៣កុំ ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ឬត្រូវប្រយ័ត្នបំផុត ជំងឺអុតស្វា ទាំងអស់គ្នា ។
ជាមួយគ្នានេះដែរ លោកក៏បានក្រើនរំលឹកដល់ពលរដ្ឋថា ត្រូវចេះទុកដាក់សំរាមអោយបានត្រឹមត្រូវ កុំចោលសំរាមពាសវាលពាសកាល នាំអោយសំរាមហូរតាមទឹកភ្លៀង បង្កជាការកកស្ទះតាមមាត់អណ្តូងលូ ឬហូរចូលប្រឡាយ នាំកកស្ទះផ្លូវ បណ្តាលអោយលិចលង់ដល់លំនៅឋានបងប្អូនប្រជាពលរដ្ឋ ជាចំបង ។
អំណោយដែលចែកជូននៅពេលនេះ ក្នុង០១គ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាមមី ០១កេស ទឹកស៊ីអ៊ីវ ០១យួរ ទឹកបរិសុទ្ធ ០១យួរ ម៉ាស ២៥សន្លឹកជែលសម្លាប់មេរោគ ០១ដប និងថវិកា ២ម៉ឺនរៀល ៕ ដោយ វណ្ណលុក










