ជនជាតិដើមភាគតិចព្នង ផលិតសម្ភារៈកែច្នៃពីឫស្សីសម្រាប់រកចំណូលលើកស្ទួយជីវភាពគ្រួសារ

ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋរស់នៅសហគមន៍ជនជាតិដើមភាគតិចព្នងស្ថិតនៅ ភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានធ្វើការច្នៃដើមឫស្សីមកធ្វើជាវត្ថុប្រើប្រាស់សម្រាប់លក់ដើម្បីលើកស្ទួយជីវភាពគ្រួសារ ។ បច្ចុប្បន្នសម្ភារៈទាំងនេះបានក្លាយជាទំនិញលក់លើទីផ្សារតាមតំបន់ទេសចរណ៍ពេញនិយម ពិសេសទាំងប្រជាពលរដ្ឋកម្ពុជា និងបរទេសទិញសម្រាប់ទុកជារបស់អនុវស្សារវីយ៍ និងខ្លះប្រើប្រាស់ប្រចាំថ្ងៃទៀតផង ។

គួរបញ្ជាក់ថា ក្នុងសម្ភារៈប្រើប្រាស់ដែលកែច្នៃចេញពីឬស្សីទាំងនេះមើលទៅមានលក្ខណៈស្អាតសមរម្យ និងមានលក្ខណៈជារបស់ប្រើប្រាស់ខ្មែរបុរាណយើងទាំងនេះមានដូចជា៖បំពង់ឬស្សី ដាក់ក្រដាស ប៉ាន់តែ កាទឹក កែវទឹក កន្រ្តកដាក់សម្ភារៈ ប្រអប់ក្រដាសជូតមាត់ ស្មាព្យូរខោអាវ បំពង់ទឹកត្នោតជូរ បំពង់ដាក់ប៊ិកនិង សម្ភារផ្ទះបាយជាដើម។
ក្នុងពេលយកមកដាក់តាំងបង្ហាញលក់ក្នុងពិធី”យុទ្ធនាការអន្ទាក់សូន្យ” ដែលបានរៀបចំឡើង នៅខេត្តមណ្ឌលគិរីនាពេលថ្មីៗមកនេះ អ្នកស្រី សុខង៉ា ជនជាតិភាគតិចព្នង សព្វថ្ងៃរស់នៅ ភូមិ ពូគង់ ឃុំស្រែព្រះ ស្រុក កែវសីមា បានឱ្យដឹងថាពលរដ្ឋនៅទីកន្លែងនេះមួយចំនួនបាននាំគ្នាកែច្នៃឬស្សីមកធ្វើជាសម្ភារៈប្រើប្រាស់ដោយមុខរបរនេះគឺជាការងារបន្ទាប់បន្សំក្រៅពីរបរកសិកម្ម។
ស្រ្តីវ័យ៥២ឆ្នាំរូបនេះបានប្រាប់ឱ្យដឹងបន្ថែមថា “ចាប់តាំងតែពីគ្រួសារអ្នកស្រីបានចាប់ផ្តើមជ្រើសរើសប្រើឬស្សីមកកែច្នៃធ្វើជាសម្ភារៈសម្រាប់ទុកលក់ដល់ភ្ញៀវទេសចរក៏ដូចជាទីផ្សារក្នុងស្រុកនេះមកឃើញថាអាចរកប្រាក់ចំណូលគ្រាន់ដោះស្រាយជីវភាពផងដែរក្នុងនេះដោយក្នុងមួយថ្ងៃក្នុងអ្នកស្រី អាចធ្វើវត្ថុពីឫស្សីបាន៤ ទៅ៥ ដោយគិតជាទឹកប្រាក់បានពី១ម៉ឺនទៅជាង២ម៉ឺនរៀល”។
ស្រ្តីដែលនាំគ្រួសារយកផលិតផលធ្វើបានមកដាក់លក់រូបនេះបានប្រាប់ឱ្យដឹងបន្ថែមថា វត្ថុប្រើប្រាស់ដែលច្នៃពីដើមឫស្សី ច្រើនតែយកមកដាក់លក់តាមសិក្ខាសាលា លក់ក្នុងសហគមន៍ លក់តាមតំបន់ទេសចរណ៍និងមួយផ្នែកទៀតលក់តាមគេកម្ម៉ង់តែម្តង។
បញ្ជាក់ដូចគ្នានេះលោក ឡើក អុន ជនជាតិដើមភាគតិចព្នងដែលយកសម្ភារៈកែច្នៃពីឬស្សីមកដាក់លក់ដូចគ្នានេះបានបញ្ជាក់ប្រាប់ឱ្យដឹងថា៖អ្នកភូមិរបស់លោកក្រៅពីនេះចេះធ្វើការកែច្នៃឬស្សីជាសម្ភារៈលក់នេះពួកគាត់ ក៏មានមុខរបរបន្ទាប់បន្សំផ្សេងៗទៀតក្នុងនេះដូចជា៖ធ្វើស្រែចម្ការ ដងជ័រទឹក ជ័ររាំង រកផ្សិត និងបោចវល្លិ៍សម្រាប់ចិញ្ចឹមគ្រួសារផងដែរ។
បុរសវ័យ៤៩ឆ្នាំរូបនេះបានលើកឡើងឱ្យដឹងបន្ថែមថាតាមរយៈការកែច្នៃឬស្សីដែលជាវត្ថុប្រើប្រាស់នេះអាចជួយបង្កើតការងារក្រុមគ្រួសារគាត់រកចំណូលគ្រាន់ដោះស្រាយជីវភាពផងដែរ ។ក្រៅពីនេះក៏បង្ហាញឱ្យពួកគាត់យល់ដឹងកាន់តែច្រើនទៅលើតម្លៃធនធានធម្មជាតិ ពិសេសសត្វព្រៃដែលមានតម្លៃមហាសាលមិនអាចកាត់ថ្លែបាន។ពួកគាត់មួយចំនួនដែលធ្លាប់តែចូលព្រៃកាប់ឈើនិងបរបាញ់សត្វ បច្ចុប្បន្ន បាននាំគ្នាងាកមកចូលរួមអភិរក្សការពារសម្រាប់បម្រើលើវិស័យទេសចរណ៍ដែលជាប្រភពរកប្រាក់ចំណូលមិនចេះរីងស្ងួតទាំងពេលបច្ចុប្បន្ននិងទៅថ្ងៃអនាគត។
គួរបញ្ជាក់ថានៅក្នុងអំឡុងយុទ្ធនាការអន្ទាក់សូន្យនៅខេត្តមណ្ឌលគិរី នេះដែរ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថានបានអញ្ជើញចូលរួមទស្សនាស្តង់ពិព័រណ៌របស់បងប្អូនសហគមន៍ដែលរួមមាន សហគមន៍ទឹកឃ្មុំព្រៃមណ្ឌលគិរី សហគមន៍បន្លែធម្មជាតិទន្សោងកោះញែក សហគមន៍កែច្នៃឫស្សីស្រែព្រះជាដើម ដែលអនុវត្តគម្រោងដោយអង្គការ WWF, WCS និងអង្គការដៃគូផ្សេងទៀតរួមនឹងម្ចាស់ជំនួយ ៕ ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner