ជនសង្ស័យម្នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីប្រជាពលរដ្ឋ មិនបានសម្រេច ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន បញ្ជូនទៅតុលាការ
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ ម្សិលមិញនេះ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំដូងរាជថានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធី ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ពីប្រជាពលរដ្ឋ។
ជនសង្ស័យមានឈ្មោះ រី ថន ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ផ្ទះជួលម្តុំឡនុំប៉័ងផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ជនសង្ស័យ រូបនេះ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករា ដែលកំពុងប្រចាំការនៅគោលដៅ ចំណុចក្តាន់ពីរ ឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីពួកគេ និងបក្ខពួកម្នាក់ទៀត បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ មិនបានសម្រេចពីប្រជាពលរដ្ឋ ដែលធ្វើដំណើរលើដងផ្លូវ កាលពីវេលាម៉ោង៧ និង១០នាទីយប់ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ នៅចំណុចក្តាន់ពីរ ផ្លូវ១២៨ កែងផ្លូវ២១៥ សង្កាត់មិត្តភាព ខណ្ឌ៧មករា។
ចំពោះ មុខសមត្ថកិច្ចជំនាញ ជនសង្ស័យ រូបនេះ បានឆ្លើយសារភាពថា ខ្លួនគេ និងបក្ខពួក ពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីប្រជាពលរដ្ឋ តែមិនបានសម្រេច ពិតប្រាកដមែន។ ចំណែកឯ បក្ខពួកជនសង្ស័យ ដែលបានរត់គេចខ្លួន កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ កំពុងតែធ្វើការស្រាវជ្រាវឃាត់ខ្លួនបន្ត។
បច្ចុបន្ន ជនសង្ស័យម្នាក់ ខាងលើនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនខ្លួនទៅកាន់សាលាដំដូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ ម្សិលមិញ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕ ដោយ ៖ ឆៃហួត





