លោក ឆាយ គឹមខឿន៖ យានយន្ត ២៧៩គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី០៣ ខែសីហានេះ

ភ្នំពេញ៖ យោងតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២នេះ មានយានយន្តសរុបចំនួន ២៧៩គ្រឿងទៀត ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងធ្វើការផាកពិន័យ ក្នុងនោះ មានម៉ូតូ ២៣៩គ្រឿង និងរថយន្ត ៤០គ្រឿង។

បើតាមអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ គិតត្រឹមថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២នេះ កម្លាំងនគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងធ្វើការផាកពិន័យយានយន្តសរុបចំនួន ១០០,៦១០គ្រឿង ក្នុងនោះ មានម៉ូតូ ៨០,២២៩គ្រឿង និងរថយន្តគ្រប់ប្រភេទ ២០,៣៨១គ្រឿង។ បទល្មើស ដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ រួមមាន ៖ មួក ល្មើសសញ្ញា និងអត់ស្លាកលេខ។ ដោយឡែក រថយន្តល្បឿន និងអត់ប័ណ្ណបើកបរជាដើម។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តទៀតថា ការអនុវត្តតាមអនុក្រឹត្យលេខ៣៩ ក្នុងការផាកពិន័យយានយន្តល្មើស គឺបានដំណើរការទៅយ៉ាងល្អប្រសើរ។ លោក ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិ ជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេស កោតសរសើរ និងអរគុណដល់កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងច្បាប់ចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។

សូមជម្រាប់ផងដែរថា នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន ០៣លើក ក្នុងនោះស្លាប់ចំនួន ០៥នាក់ របួសចំនួន ២៣នាក់ (របួសធ្ងន់ ០៦នាក់)។ បើគិតត្រឹមតែរយៈពេល ២១៥ថ្ងៃនេះ គឺមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១,៨៣៩លើក បណ្ដាលឱ្យមនុស្សស្លាប់ចំនួន ១,០៦៧នាក់ របួសស្រាល់ចំនួន ២,៥៦៦នាក់ និង (របួសធ្ងន់ចំនួន ១,៦៣៤នាក់)៕ ដោយ៖ ឆៃហួត និងប៊ុនធី

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner