អគ្គកុងស៊ុល កូរ៉េ ប្រចាំខេត្តសៀមរាប ចូលជួបសម្តែងការគួរសម និងជម្រាបលា អភិបាលខេត្ត ក្នុងឱកាសបញ្ចប់អាណត្តិ របស់ខ្លួន
សៀមរាប៖ ឯកឧត្តម ទៀ សីហា គណៈអភិបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២២នេះ បានអនុញ្ញាតឲ្យឯកឧត្តម Park Sungjin អគ្គកុងស៊ុលនៃសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសបញ្ចប់អាណត្តិ អគ្គកុងស៊ុលរបស់ខ្លួន ប្រចាំខេត្ត ។
ឯកឧត្តម Park Sungjin បានសម្តែងការកោតសរសើរ ពីភាពដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក៏ដូចជាការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរខេត្តសៀមរាប លើកិច្ចអភិវឌ្ឍន៍នូវគ្រប់ហេដ្ឋារចនាសម្ព័ន្ធ សំខាន់នៅក្នុងបរិបទកូវិដ១៩ ខេត្តសៀមរាប មានកិច្ចអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្នុងក្រុងសៀមរាប ដែលជាក្រុងគោលដៅទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ ក្នុងការទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាត អន្តរជាតិ ចូលមកទស្សនាកម្សាន្ត ហើយក៏ជាទីក្រុងមួយដែលមានការអភិវឌ្ឍន៍ជឿនលឿនទៀតផង ។
ឯកឧត្តមក៏បានថ្លែងអំណរគុណផងដែរ ពីភាពយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា លើការងារសុខភាពសាធារណៈ សំខាន់ការចាក់វ៉ាក់សាំងប្រឆាំងជម្ងឺកូវិដ១៩ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ សំខាន់ប្រជាជនកូរ៉េ នៅកម្ពុជាបានចាក់គ្រប់ៗគ្នាផងដែរ ។
ឯកឧត្តម ទៀ សីហា ក៏បានលើកឡើងថា ក្នុងរយៈពេល៣ឆ្នាំមកនេះ ឯកឧត្តមអគ្គកុងស៊ុល បានធ្វើកិច្ចទំនាក់ទំនងសហប្រតិបត្តិការល្អ ជាមួយរដ្ឋបាលខេត្តសៀមរាប ទទួលបានលទ្ធផលជាផ្លែផ្កាគួឲ្យកត់សម្គាល់ ។ ម៉្យាងទៀតក្នុងពេលកន្លងមក អគ្គកុងស៊ុលកូរ៉េប្រចាំខេត្តសៀមរាប ក៏បានធ្វើការសម្របសម្រួលនូវការងារមួយចំនួន ជាមួយបណ្តាខេត្ត ក្រុងចងសម្ព័ន្ធមេត្រីភាព ជាមួយខេត្តសៀមរាប ។ ក្នុងនោះឯកឧត្តមក៏បានលើកផងដែរថា ចំពោះកិច្ចទំនាក់ទំនងសហប្រតិបត្តិការជាមួយខេត្ត ក្រុងសម្ព័នមេត្រីជាមួយខេត្តសៀមរាប ដែលបានអសកម្មកន្លងមកដោយបញ្ហាជម្ងឺកូវិដ១៩ ធ្វើឲ្យមានការអាក់ខានក៏ពិតមែន តែកិច្ចសហប្រតិបត្តិការទំនាក់ទំនងក៏រដ្ឋបាលខេត្តសៀមរាប នៅតែបន្តរក្សានូវចំណងមេត្រីភាពទៅមុខជានិច្ច ។ ម៉្យាងទៀត នៅខែតុលាខាងមុខនេះ រដ្ឋបាលខេត្តសៀមរាប រៀបចំក្រុមប្រតិភូមួយ ដឹកនាំដោយឯកឧត្តមអភិបាលខេត្តផ្ទាល់ ទៅបន្តការចុះហត្ថលេខាកិច្ចការយោគយល់គ្នា រវាងខេត្ត ក្រុងសម្ព័ន្ធមេត្រី ក្នុងការរឹតចំណងមិត្តភាពនៃប្រទេស និងប្រជាជនទាំងពីរ ឲ្យកាន់តែរឹងមាំថែមទៀត ។
ឯកឧត្តមក៏បានលើក ផងដែរ ពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការកន្លងមក លើវិស័យអប់រំ សុខាភិបាល កសិកម្ម ការផ្តល់អាហារូបករណ៍ទៅសិក្សា ព្រមទាំងការផ្តល់នូវសម្ភារៈផ្សេងៗជាច្រើនទៀត សំខាន់ក្រុងស៊ូវ៉ុន ក៏បានបង្កើតភូមិមិត្តភាពស៊ូវ៉ុន ភ្នំក្រោម ព្រមទាំងសាងសង់ អគារសិក្សាថ្នាក់បឋម , អនុវិទ្យាល័យ និងវិទ្យាល័យទៀតផង ។
ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកូរ៉េ ដែលបានជម្រុញដល់វិស័យទេសចរណ៍ ចូលមកកម្ពុជានៅថ្ងៃខាងមុខ តាមជើងហោះហើរឆ្ពោះត្រង់មកខេត្តសៀមរាប នឹងធ្វើឲ្យវិស័យទេសចរណ៍នៅខេត្តសៀមរាប មានការរីកចម្រើនឡើងវិញ ក្រោយពីបញ្ចប់វិបត្តិជម្ងឺកូវិដ១៩ ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប






