បញ្ហានៅច្រកសមុទ្រតៃវ៉ាន់៖ កម្ពុជានៅតែប្រកាន់គោលជំហរ និងគោលការណ៍ចិនតែមួយ
ភ្នំពេញ៖ ពាក់ព័ន្ធបញ្ហានៅច្រកសមុទ្រតៃវ៉ាន់ អាស៊ានបានបង្ហាញពីការព្រួយបារម្ភរបស់ខ្លួនពីការកើនឡើងនៃភាពតានតឹង ដែលស្ថានភាពនេះបើសិនគ្រប់គ្រងមិនបានល្អនឹងនាំទៅដល់ការគណនាខុស ក៏ដូចជាការកើតឡើងនៃកំដៅរវាងភាគីពាក់ព័ន្ធ។ ដូច្នេះអាស៊ានស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់បញ្ជៀសការបង្កហេតុ ឬក៏ការប្រព្រឹត្តសកម្មភាពណាមួយដែលបង្កើនភាពតានតឹងនេះ ហើយព្យាយាមឱ្យអស់លទ្ធភាពដើម្បីបន្ធូបន្ថយស្ថានភាពតានតឹង ចាប់ផ្តើមជជែកចរចាគ្នាដើម្បីធ្វើឱ្យស្ថានភាពមកធម្មតាវិញ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ និងជាអ្នកនាំពាក្យសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន បានបញ្ជាក់ ក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២នេះ នៅសណ្ឋាគារសុខា។

អ្នកនាំពាក្យសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ឯកឧត្តម គង់ ភោគ បានបញ្ជាក់ទៀតថា សម្រាប់កម្ពុជានៅតែប្រកាន់គោលជំហរ ឬមួយក៏គោលការណ៍ចិនតែមួយ ហើយសង្ឃឹមថា រាល់ឯកសារទាំងឡាយដែលភាគីទាំងអស់បានយល់ស្របគ្នាហើយបន្តអនុវត្តឱ្យបានពេញលេញ ពីព្រោះទាំងអសនេះ គឺសុទ្ធតែជាកត្តាធ្វើឱ្យមានស្ថេរភាព ក៏ដូចជាឱ្យមានលំនឹងនៅក្នុងទំនាក់ទំនងរវាងប្រទេសដែលពាក់ព័ន្ធនៅក្នុងច្រកសមុទ្រតៃវ៉ាន់៕
ដោយ៖ពលជ័យ


