មន្រ្តីជំនាញពាក់ព័ន្ធរួមគ្នាដោះស្រាយករណីសំណើសុំធ្វើប្លង់កម្មសិទ្ធិដីចំនួន ១៦ក្បាលដី ជូនប្រជាពលរដ្ឋ ក្នុងស្រុកមង្គលបូរី

បន្ទាយមានជ័យ៖ បញ្ហាដីធ្លីគឺជាបញ្ហាដ៏ស្មុគស្មាញសម្រាប់ថ្នាក់ដឹកនាំក្នុងការដោះស្រាយ ខេត្តបន្ទាយមានជ័យ លោក លី សារី អភិបាលរងខេត្តតំណាងឱ្យឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីករណីសំណើសុំធ្វើប្លង់កម្មសិទ្ធិដីចំនួន ១៦ក្បាលដីជូនប្រជាពលរដ្ឋ ដែលបានកាត់ចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ នៃវិទ្យាល័យមង្គលបូរី ដែលមានទីតាំងស្ថិតនៅភូមិឬស្សីក្រោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ ធ្វើនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។

លោក លី សារី អភិបាលរងខេត្ត បានមានប្រសាសន៍ថា កិច្ចប្រជុំពិភាក្សាគ្នារវាងក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធបានលើកឡើងជាមតិយោបល់ បានធ្វើឱ្យក្រុមការងារទទួលបានគន្លឹះសំខាន់ៗបន្ថែមទៀត ដែលជាលទ្ធផលល្អ សម្រាប់ជាជំនួយដល់យន្តការឈានទៅរកការដោះស្រាយបញ្ហានេះផងដែរ។

លោក លី សារី បានបញ្ជាក់ថា ជាលទ្ធផលនៃកិច្ចប្រជុំ បានយល់ស្របគ្នាដូចខាងក្រោម ១-យល់ព្រមតាមការឯកភាព និងឋានានុក្រម ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ ចុះហត្ថលេខាអតិតអភិបាលខេត្ត ឯកឧត្តម គោស៊ុ សារឿត។
២-យល់ព្រមឱ្យ តំណាងប្រជាជន និងមន្ត្រីរាជការ សហការជាមួយ លោក តាន់ សុផល និងស្ថាប័នមន្ទីរជំនាញពាក់ព័ន្ធ ជាពិសេសអាជ្ញាធរដែនដី ដើម្បីរៀបចំសំណុំឯកសារពាក់ព័ន្ធ និងឋានានុក្រម ស្នើសុំការសម្រេចពីថ្នាក់ជាតិ ជាពិសេសប្រមុខរាជរដ្ឋាភិបាល ជាមុនសិន។
៣-ស្នើសុំគោលការណ៍ អាចចេញលិខិតបញ្ជាក់ការកាន់កាប់ ប្រើប្រាស់ អាស្រ័យផលជាក់ស្តែង ជូន ពលរដ្ឋ និងមន្ត្រីរាជការ បណ្តោះអាសន្ន ព្រោះរយៈពេលសម្រចពីប្រមុខរាជរដ្ឋាភិបាល និងអនុវត្តគោលការណ៍អនុក្រឹត្យសម្បទានដីសង្គមកិច្ចលេខ១៩ គឺរយៈ ៥ឆ្នាំទៀត ទើបបានទទួលសិទ្ធិស្របច្បាប់(កម្មសិទ្ធិ)៕ដោយ៖ ឃិន គន្ធា

ads banner