ប្រមុខការទូតចិន៖ ការវិលត្រឡប់របស់តៃវ៉ាន់មកកាន់មាតុភូមិវិញ ជាប្រវត្តិសាស្រ្តដែលមិនអាចជៀសបាន
ភ្នំពេញ៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី នៅថ្ងៃពុធម្សិលមិញនេះ បានបញ្ជាក់យ៉ាងច្បាស់ពីគោលជំហរដ៏មុតមាំរបស់ប្រទេសចិន ចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្រ្តអាមេរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី ទៅកាន់កោះតៃវ៉ាន់។
លោក វ៉ាង ដែលកំពុងចូលរួមកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា និងក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃពុធសប្តាហ៍នេះថា ភាគីអាមេរិកដែលស្ថិតក្រោមការក្លែងបន្លំនូវអ្វីដែលហៅថា «លទ្ធិប្រជាធិបតេយ្យ» កំពុងតែប្រព្រឹត្តអំពើដ៏សាហាវឃោរឃៅ នៃការរំលោភបំពានលើអធិបតេយ្យភាពរបស់ប្រទេសចិន។
លោក វ៉ាង បានបន្ថែមថា កងកម្លាំងអបគមន៍ “ឯករាជ្យតៃវ៉ាន់” តំណាងដោយលោកស្រីប្រធានាធិបតី ត្សៃ អ៊ីងវិន បានពាក់អាវធំរបស់សហរដ្ឋអាមេរិក ហើយក្បត់ភាពសុចរិតនៃបុព្វហេតុជាតិដ៏អស្ចារ្យ។
ប្រមុខការទូតចិនរូបនេះបានសង្កត់ធ្ងន់ទៀតថា ការអនុវត្តខុសឆ្គងទាំងនេះនឹងមិនផ្លាស់ប្តូរការយល់ស្របជាអន្តរជាតិ ដែលថា មានប្រទេសចិនតែមួយទេ ហើយក៏នឹងមិនផ្លាស់ប្តូរនិន្នាការប្រវត្តិសាស្ត្រ ដែលតៃវ៉ាន់នឹងត្រលប់ទៅមាតុភូមិវិញនោះទេ។
លោកថា អ្នកដែលលេងភ្លើងនឹងមិនអាចបញ្ចប់បានល្អនោះទេ ហើយអ្នកដែលបំពានអធិបតេយ្យភាពរបស់ប្រទេសចិន នឹងត្រូវទទួលទោសទណ្ឌ៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

