សហរដ្ឋអាមេរិកចោទរដ្ឋាភិបាលតាលីបង់ថា បានជួយលាក់បាំងមេដឹកនាំអាល់កៃដា
វ៉ាស៊ីនតោន ៖ មន្ត្រីជាន់ខ្ពស់សេតវិមានបានរិះគន់ក្រុមតាលីបង់ ដោយនិយាយថា ពួកគេបានលាក់បាំងមេដឹកនាំអាល់កៃដា អៃម៉ាន់ អាល់ហ្សាវ៉ាហ៊ីរី នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
អ្នកសម្របសម្រួលក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ចន ខើប៊ី បានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃអង្គារសប្តាហ៍នេះថា ក្រុមតាលីបង់បានជួយលាក់បាំង អាល់ហ្សាវ៉ាហ៊ីរី និងក្រុមគ្រួសាររបស់គាត់ ហើយថា បន្ទាប់ពីការស្លាប់របស់គាត់ ពួកគេក៏បានព្យាយាមលាក់បាំងភស្តុតាងរបស់មេដឹកនាំអាល់កៃដានេះផងដែរ។
លោក ខើប៊ី ក៏បានចោទក្រុមតាលីបង់ដែរថា បានជួយការពារមេដឹកនាំអាល់កៃដា អាល់ហ្សាវ៉ាហ៊ីរី ដោយរំលោភលើកិច្ចព្រមព្រៀងទីក្រុងដូហា។ រដ្ឋាភិបាលអាមេរិក និងក្រុមតាលីបង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះក្នុងឆ្នាំ ២០២០ ដើម្បីនាំមកនូវសន្តិភាពដល់អាហ្វហ្គានីស្ថាន។ កិច្ចព្រមព្រៀងនេះបានស្នើឱ្យអាមេរិកដកកងកម្លាំងយោធាចេញពីអាហ្វហ្គានីស្ថាន ខណៈដែលក្រុមតាលីបង់បានសន្យាផ្តាច់ទំនាក់ទំនងជាមួយក្រុមអាល់កៃដា។
ការអះអាងខាងលើនេះរបស់លោក ចន ខើប៊ី បានកើតឡើងមួយថ្ងៃបន្ទាប់ពីលោក ចូ បៃដិន បានប្រកាសថា មេដឹកនាំអាល់កៃដា អៃម៉ាន់ អាល់ហ្សាវ៉ាហ៊ីរី ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយយន្តហោះដ្រូនរបស់អាមេរិកនៅក្នុងរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។ អាល់ហ្សាវ៉ាហ៊ីរី បានចូលរួមក្នុងការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា។ លោកបានចូលកាន់តំណែងជាមេដឹកនាំក្រុមអាល់កៃដា បន្ទាប់ពីកងកម្លាំងអាមេរិកបានសម្លាប់លោក អូសាម៉ា ប៊ីនឡាដិនក្នុងឆ្នាំ ២០១១៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា



