កូរ៉េខាងជើង បាញ់មីស៊ីលទៀតហើយ ព្រឹកមិញនេះ
អត្ថបទដោយ៖
Kien Sereyvuth
ទាំងសារព័ត៌មានជប៉ុន និងកូរ៉េខាងត្បូង សុទ្ធតែបានអះអាងដូចគ្នាថា នាព្រឹកថ្ងៃទី២ តុលា ២០១៩នេះ កូរ៉េខាងជើង បានបាញ់មីស៊ីលចេញពីនាវាមុជទឹក SLBM ជាការបាញ់សាកល្បងជាថ្មី ប្រឆាំងនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

វិមានប្រធានាធិបតីកូរ៉េខាងត្បូងបានថ្កោលទោស និងបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងផងដែរចំពោះការធ្វើតេស្ដមីស៊ីលនេះ ដែលកើតឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពី ទីក្រុងព្យុងយ៉ាង យល់ព្រមជួបចរចាឡើងវិញជាមួយសហរដ្ឋអាម៉េរិក នៅថ្ងៃទី០៥ ខែតុលា ខាងមុខនេះ។

មុនដំបូងឡើយ រដ្ឋាភិបាលជប៉ុន បានឱ្យដឹងថាកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលមិនស្គាល់ ម៉ាកចំនួនពីរគ្រាប់ នៅព្រឹកថ្ងៃពុធនេះ ដោយមួយគ្រាប់បានធ្លាក់ចូលក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ជប៉ុន នៃឆ្នេរសមុទ្រក្នុងខេត្ត Shimane និងមួយគ្រាប់ទៀតធ្លាក់នៅខាងក្រៅតំបន់នេះ៕ធ.ដ


