ក្រុមហ៊ុន Alibaba នឹងដាក់ក្រុមហ៊ុនបុត្រសម្ព័ន្ធដ៏ធំរបស់ខ្លួន គឺ Ant Group ឬ Alipay ចូលផ្សារហ៊ុនសៀងហៃ និង ហុងកុង នាសប្តាហ៍ក្រោយនេះ
ចិន៖ ក្រុមហ៊ុន Alibaba Group ត្រូវបានរំពឹងថា នឹងអាចទទួលបានប្រាក់ប្រមាណ២០០ពាន់លានដុល្លារ បន្ទាប់ពីយកក្រុមហ៊ុន Ant Group ឬ Alipay ដែលជាបុត្រសម្ព័ន្ធដ៏ធំរបស់ខ្លួនចូលទៅកាន់ទីផ្សារហ៊ុន សៀងហៃ និង ហុងកុង នាសប្តាហ៍ក្រោយ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ។
យ៉ាងណាមិញ គេនៅមិនទាន់ដឹងច្បាស់ថាតើក្រុមហ៊ុន Alibaba នឹងលក់ហ៊ុនរបស់ Alipay តម្លៃប៉ុន្មាននោះទេ ប៉ុន្តែក្រុមអ្នកវិភាគនៅស្ថាប័ន Wall Street បានប៉ាន់ប្រមាណថា តម្លៃហ៊ុនសរុបរបស់ Alipay នៅលើទីផ្សារហ៊ុនសៀងហៃ និង ហុងកុង នឹងទទួលបាន២០០ពាន់លានដុល្លារ ។
សូមជម្រាបផងដងដែរថា ភាគហ៊ុនរបស់ក្រុមហ៊ុន Ant Group ឬ Alipay ភាគច្រើនគឺជាកម្មសិទ្ធិរបស់មហាសេដ្ឋកិច្ចចិន លោក Jack Ma ហើយបើសិនជាដាក់លក់នៅលើទីផ្សារហ៊ុន ដោយទទួលបានប្រាក់២០០ពាន់លានដុល្លារនោះ លោក Jack Ma អាចនឹងក្លាយជាកំពូលអ្នកមានលុយច្រើនជាងគេបំផុតក្នុងប្រទេសចិន ៕ធ.ដ