សម្ពោធដាក់ឲ្យប្រើប្រាស់មជ្ឈមណ្ឌលហ្វឹកហ្វឺនថ្មីភ្នំស្រង់ និងពិធីអបអសាទរ ខួបអនុស្សាវរីយ៍ឆ្នាំទី១០ ឈានចូលឆ្នាំទី១១ ថ្ងៃប្រកាសបង្កើតបញ្ជាការដ្ឋានអង្គរក្សនៃខ.ភ.ម

អត្ថបទដោយ៖
Kien Sereyvuth

នៅបញ្ជាការដ្ឋានអង្គរក្ស នៃខ.ភ.ម បានប្រារព្ធពិធីសម្ពោធមជ្ឈមណ្ឌលហ្វឹកហ្វឺនថ្មីភ្នំស្រង់ និងពិធីអបអសាទរខួបអនុស្សាវរីយ៍ឆ្នាំទី១០ ឈានចូលឆ្នាំទី១១ ថ្ងៃប្រកាសបង្កើតបញ្ជាការដ្ឋានអង្គរក្ស នៃខ.ភ.ម នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ម្សិលមិញ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃខ.ភ.ម និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងសម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃខ.ភ.ម និងឯកឧត្ដម នាយឧត្ដមសេនីយ៍ ហ៊ុយ ពិសិដ្ឋ រដ្ឋលេខាធិការ ក្រសួងការពារជាតិ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមុល មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស បានរាយការណ៍ថា បញ្ជាការដ្ឋានអង្គរក្ស បានផ្តើមចេញពីវរសេនាតូចលេខ២.៤៦ អតីតយោធាក្រុងភ្នំពេញ។ ដោយមានការជឿទុកចិត្តពីអគ្គសេនាធិការ ក្រសួងការពារប្រទេស បានចាត់តាំងកម្លាំង១២នាក់ ដឹកនាំដោយឯកឧត្តម ហ៊ីង ប៊ុនហៀង មកការពារសន្តិសុខផ្ទាល់ជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ១៩៩៣។ បញ្ជាការដ្ឋានអង្គរក្ស ជាអង្គភាពមួយក្នុងកងយោធពលខេមរភូមិន្ទ ដែលមានឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ ពីមួយខែទៅមួយខែ ពីមួយឆ្នាំទៅមួយឆ្នាំ មានការវិវឌ្ឍរីកចម្រើនធំធាត់ និងមានការគាំទ្រ និងកោតសរសើរពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ហើយមានសហការយ៉ាងរឹងមាំពីស្ថាប័នជាតិ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដី សម្រេចបានជោគជ័យ លើកិច្ចការការពារសន្តិសុខ ធានាសុវត្ថិភាព ស្ថេរភាពថ្នាក់ជាតិ កិច្ចប្រជុំកំពូលរបស់ជាតិ ភ្ញៀវជាតិ និងអន្តរជាតិ។

ក្រៅពីនេះ អង្គភាពតែងតែយកចិត្តទុកដាក់ ជួសជុលថែទាំកែសម្រួល ដើម្បីធានាឲ្យមានការស្នាក់នៅជីវភាពប្រចាំថ្ងៃបានសមរម្យ ជាទីតាំងកងយោធពលខេមរភូមិន្ទ ក្នុងនោះអង្គភាពបានសាងសង់ទីតាំងថ្មីចំនួន០២កន្លែង គឺមជ្ឈមណ្ឌលហ្វឹកហ្វឺននៅជិតភ្នំស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ លើផ្ទៃដីចំនួន៥៣៩ហិកតា អាចហ្វឹកហ្វឺនបាននូវប្រភេទរថក្រោះ រថពាសដែក យន្តហោះ ហ្វឹកហ្វឺនបាញ់គ្រាប់ពិត ដែលជាទីតាំងថ្មីមួយ និងបានប្តូរពីមជ្ឈមណ្ឌលហ្វឹកហ្វឺនមិត្តភាព កម្ពុជា-ឥណ្ឌូនេស៊ី ក្រាំងចេក ដែលសម្ពោធដាក់ឲ្យប្រើប្រាស់ក្នុងថ្ងៃនេះ បានកសាងមានអគារស្នាក់នៅ ចំនួន១៥អគារ ការយល័យចំនួន០៥អគារ អគារសាលប្រជុំចំនួន២អគារ រោងបាយចំនួន០៤អគារ រោងរថយន្ត១អគារ ឃ្លាំងចំនួន ០៣អគារ បន្ទប់ទឹក អណ្តូងទឹក ស្ថានីយ៍ប្រេងឥន្ទនៈ បង្គោលភ្លើង ក្លោងទ្វារ ស្រះទឹក ផ្លូវក្នុងសាលាក្រាលថ្ម ប្រវែង៧,៨គីឡូម៉ែត្រ កសាងឧបសគ្គសម្រាប់ហ្វឹកហ្វឺន និងថោវើ ចំនួន០២ ដោយចំណាយថវិកាសរុបជាង៥លានដុល្លាសហរដ្ឋអាម៉េរិក។

កសាងស្នាក់ការសន្តិសុខ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានអគារទីបញ្ហាការ អគារទ័ពស្នាក់នៅ អគាររោងបាយ រោងឡាន និងរៀបចំហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធទឹក ភ្លើង ដោយបានចំណាយអស់ថវិកាចំនួនជាង៣លានដុល្លាសហរដ្ឋអាម៉េរិក ព្រមទាំងកំពុងដំណើរការសាងសង់ជាបន្តបន្ទាប់ រហូតជូនចប់ជាស្ថាពរ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបញ្ជាការដ្ឋាអង្គរក្ស ដែលដឹកនាំបញ្ជា និងការគ្រប់គ្រងអង្គភាព ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនបានល្អប្រសើរ ដែលបានធ្វើឲ្យអង្គភាពមួយនេះ ក្លាយជាអង្គភាពគំរូមានវិន័យថ្លៃថ្លូរ និងមានសាមគ្គីភាពផ្ទៃក្នុងបានល្អប្រសើរ។

ក្រៅពីភារកិច្ចស្នូលធានាសុវត្ថិភាពសន្តិសុខជូនសម្តេចនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ក៏ដូចជាការពារថ្នាក់ដឹកនាំជាតិ អន្តរជាតិ ក្នុងពិធីបុណ្យជាតិ ក៏ចជាការរៀបចំព្រឹត្តិការណ៍សំខាន់ៗហើយនោះ បញ្ជាការដ្ឋាអង្គរក្ស ក៏សម្រេចបាននូវការងារនៅមូលដ្ឋានយ៉ាងផុសផលជាមួយប្រជាពលរដ្ឋនៅក្នុងទីតាំងឈរជើងរបស់អង្គភាព ការងារសង្គម សាសនា ការងារសាងសង់ ការងារបណ្តុះបណ្តាលធនធានមនុស្សគ្រប់ជំនាញ ធ្វើឲ្យអង្គភាពរឹងមាំពី១ឆ្នាំទៅ១ឆ្នាំ ជាកងឯកភាពគំរូ និងក្លាយជាអង្គភាពពហុជំនាញប្រកបដោយភាពជឿជាក់។

ឯកឧត្តមឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា ការងារហ្វឹកហ្វឺនជាវិធីសាស្ត្រតែមួយគត់ ដែលអាចធានាបាននូវនិរន្តរភាពនៃសមត្ថភាពរបស់កងទ័ពពី១ជំនាន់ទៅ១ជំនាន់ ធានានូវប្រសិទ្ធិភាព និងបង្កើននូវសមត្ថភាពក្នុងកិច្ចការការពារជាតិរបស់កងកម្លាំងប្រដាប់អាវុធរបស់យើង។ ឯកឧត្តមបានគូសបញ្ជាក់ថា គោលបំណងធំរបស់យើង គឺការពារឲ្យបានដាច់ខាតនូវសុខសន្តិភាព ដើម្បីកូនចៅរបស់យើងនៅជំនាន់ក្រោយៗទៀត តាមរយៈភាពស្មោះត្រងចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បាននាំអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភដល់បញ្ជាការដ្ឋានអង្គរក្ស មានអង្ករ១០តោន មី៥០កេស ត្រីខកំប៉ុង ៥០កេស ទឹកដោះគោ៥០កេស និងថវិកាចំនួន២៥០លានរៀល៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner