អភិបាលខេត្តបាត់ដំបងបញ្ជាឲ្យអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ និងក្រុមការងារ ត្រួតពិនិត្យរថយន្តដឹកទំនិញធុនធ្ងន់ ចុះឃាត់រថយន្តដែលដឹកទំនិញធុនធ្ងន់ចូលក្នុងក្រុងបាត់ដំបង ដើម្បីធ្វើការត្រួតពិនិត្យរកទំនិញគេចពន្ធ
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ ដំបងបានបញ្ជាដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធជាពិសេសក្រុមការងារដែលត្រួតពិនិត្យរថយន្តដឹកទំនិញធុនធ្ងន់ចុះឃាត់រថយន្តដែលដឹកទំនិញធុនធ្ងន់ដោយគ្មានសណ្តាប់ធ្នាប់បានចូលមកក្នុងក្រុងបាត់ដំបង នៅចំណុចម្តុំផ្លូវកៅស៊ូវត្តពោធិវង្ស សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខាងត្បូងភោជនីយដ្ឋាន(ជ.ឃ)។
ការចុះឃាត់រថយន្តនេះគឺដោយសារកន្លងមករថយន្តទាំងនេះ បានបង្កការបំផ្លិចបំផ្លាញផ្លូវក្នុងក្រុងស្ទើរគ្រប់កន្លែងយ៉ាងធ្ងន់ធ្ងរនិងបង្កការលំបាកដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋរស់នៅក្មុងក្រុងទៀតផង។
រថយន្តដែលអាជ្ញាធរមានសមត្ថកិច្ច និងក្រុមការងារ បានឃាត់គឺសង្ស័យដឹកផ្ទុកលើសទម្ងន់ និងល្មើសការហាមប្រាមរបស់អាជ្ញាធរខេត្តកន្លងមកដែលបង្កឱ្យមានការខូចខាតផ្លូវសាធារណៈផងនិងការប្រព្រឹត្តខុសពីសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តបាត់ដំបង “ស្ដីពីការបញ្ឈប់រថយន្ត ដឹកជញ្ជូនធុនធ្ងន់ ចូលមកក្នុងក្រុងបាត់ដំបង និង ត្រូវផ្លាស់ប្ដូរទីតាំងឃ្លាំងស្ដុកទំនិញរបស់ខ្លួន ទៅនៅក្រៅក្រុងបាត់ដំបង” ។
គួររម្លឹកថាកន្លងមកនេះ រដ្ឋបាលខេត្តបាត់ ដំបង បានចេញសេចក្តីជូនដំណឹងនិងបានប្រកាសជាសាធារណៈតាមប្រព័ន្ធបណ្តាញផ្សព្វផ្សាយទាំងវិទ្យុនិងទូរទស្សន៍និងផុសតាមបណ្តាញព័ត៌មានសង្គមយ៉ាងទូលំទូលាយទាំងក្នុងខេត្តនិងក្រៅខេត្តខ្លួនដល់ ប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករ បានជ្រួតជ្រាប ” ស្ដីពីការបញ្ឈប់ រថយន្តដឹកជញ្ជូនធុនធ្ងនចូលមកក្រុងបាត់ដមបងនិងកំណត់ឲ្យធ្វើការផ្លាស់ប្ដូរទីតាំងឃ្លាំងស្ដុកទំនិញ របស់ខ្លួន ចេញទៅនៅខាងក្រៅក្រុងបាត់ដំបង។ ក្នុងនោះ រដ្ឋបាលខេត្ត ក៏បានសម្រួលទុក” រយៈពេលយ៉ាងយូរ០១ឆ្នាំ” ដោយគិតចាប់ពីថ្ងៃទី០២ខែឧសភាឆ្នាំ២០២២ រហូតដល់ដំណាច់ខែមេសាឆ្នាំ២០២៣ ដើម្បីសម្រួលដល់ការផ្លាស់ប្ដូរ នូវទីតាំងឃ្លាំងស្ដុកទំនិញទៅក្រៅក្រុង…។ បើពុំនោះទេ រដ្ឋបាលខេត្តបាត់ដំបង នឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់នូវរាល់ការដឹកជញ្ជូនទំនិញ ដោយប្រើប្រាស់រថយន្តធុនធ្ងន់ ឬដឹកជញ្ជូនលើសទម្ងន់ដែលបានកំណត់ចូលមកក្នុងក្រុង។
នៅក្នុងប្រតិបត្តិការនេះដែរ ក៏បានធ្វើការហាមឃាត់រថយន្តធុនធ្ងន់មួយចំនួន ដែលចូលក្នុងក្រុងបាត់ដំបង និងបានស្វែងរកឃើញទំនិញហាមឃាត់មួយចំនួន។បច្ចុប្បន្នរថយន្ដដែលហាមឃាត់ទាំងនោះ ត្រូវបានសមត្ថកិច្ចគយចល័ត នាំយកទៅទីស្នាក់ការគយចល័ត នៅឃុំអូរតាគី ស្រុកថ្មគោល ដើម្បីចាត់ការតាមនីតិវិធី ។
ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានដាក់រំលឹកដល់សមត្ថកិច្ចគយចល័ត ក៏មិនត្រូវភ្លេចត្រួតពិនិត្យទំនិញខុសច្បាប់ ឬទំនិញមិនបង់ពន្ធជូនរដ្ឋដែរ ៕ ដោយ៖ អ៊ុក សំអាន



