និស្សិតជ័យលាភីចំនួន ១២៦២នាក់ នៃសាកលវិទ្យាល័យវេស្ទើន សាខាខេត្តកំពង់ចាមទទួលបានសញ្ញាប័ត្រថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់
ខេត្តកំពង់ចាម៖ និស្សិតជ័យលាភីចំនួន ១.២៦២នាក់ នៃសាកលវិទ្យាល័យវេស្ទើន សាខាខេត្តកំពង់ចាម បានទទួលសញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម។
ពិធីនេះត្រូវបានរៀបចំធ្វើនៅមណ្ឌលអភិរក្សសួនគ្រញូងនគរបាជ័យខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំសាកលវិទ្យាល័យវេស្ទើនជាច្រើនរូបទៀត។
លោកឧកញ៉ា តែ ឡូរិន ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ វេស្ទើន មានប្រសាសន៍ថា ជិត២០ឆ្នាំមកនេះ សាកលវិទ្យាលល័យវេស្ទើន បានចូលរួមបណ្តុះបណ្តាលធនធានមនុស្សដោយឈរលើគោលការណ៍គុណភាពជាចម្បង ទទួលបាននូវការវាយតម្លៃខ្ពស់ពីស្ថាប័នជាតិ និងអន្តរជាតិ អំពីគុណភាពនៃការសិក្សា និងបានធ្វើកិច្ចសហការជាមួយសកលវិទ្យាល័យនានាលើសកលលោក ពិសេសថ្មីៗនេះ សាកលវិទ្យាល័យវេស្ទើន បានចុះកិច្ចព្រមព្រៀងជាមួយសាកលវិទ្យាល័យ យ៉ុងណាម ដែលជាសាកលវិទ្យាល័យដ៏ធំ និងល្បីល្បាយនៃសាធារណៈរដ្ឋកូរ៉េ លើជំនាញ ចលនាភូមិថ្មី (សាម៉ោលអុនឌុង) ដែលមានចរិតជួយដល់កសិករ ពាណិជ្ជករ ផលិតករ នៅតាមទីជនបទ ក្នុងការផលិត និងរកទីផ្សារសម្រាប់ផលិតផលក្នុងស្រុក។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានកោតសរសើរដល់សាកលវិទ្យាល័យវេស្ទើន ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងវិស័យអប់រំ ដែលជាវិស័យអទិភាពមួយក្នុងកិច្ចអភិវឌ្ឍន៍ជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្តថា ការអភិវឌ្ឍប្រទេសជាតិមួយប្រកបដោយចិរភាព យើងត្រូវផ្តល់អាទិភាពលើការកសាង អភិវឌ្ឍ និងពង្រឹងធនធានមនុស្ស ក្នុងនោះយើងត្រូវផ្តល់អាទិភាពទៅលើវិស័យអប់រំ ទាំងស្ថាប័នរដ្ឋ និងឯកជន ដោយត្រូវពង្រឹងទាំងបរិមាណ និងគុណភាពសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ព្រមទាំងបុគ្គលិកសិក្សាទាំងអស់ និងមធ្យោបាយនានាដែលយើងត្រូវការដើម្បីពង្រឹង និងពង្រីកវិស័យអប់រំប្រកបដោយគុណភាពខ្ពស់។
រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចំណាយថវិកាជាតិ និងកៀរគរថវិកាសប្បុរសជនរាប់ពាន់លានដុល្លារ វិនិយោគក្នុងវិស័យអប់រំនេះ ដើម្បីឱ្យក្មួយៗដែលរៀនចប់គ្រប់កម្រិត មានទាំងចំណេះដឹង និងចំណេះធ្វើ មានការងារធ្វើជួយខ្លួនឯង ជួយក្រុមគ្រួសារ សហគមន៍ និងរួមចំណែកអភិវឌ្ឍប្រទេសជាតិយើង។ សម្តេចតេជោបានមានប្រសាសន៍ថា “យើងមិនអាចកាត់បន្ថយគម្លាតរវាងអ្នកមាន និងអ្នកក្របាន ១០០%ទេ តែយើងអាចកាត់បន្ថយនូវគម្លាតខួរក្បាលបាន តាមរយៈវិស័យអប់រំ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បញ្ចាក់ថា វិស័យអប់រំបានដើរតួនាទីជាក្បាលម៉ាស៊ីនជំរុញការអភិវឌ្ឍលើគ្រប់វិស័យ និងធានានិរន្តរភាពនៃការអភិវឌ្ឍទាំងនោះ ប្រៀបបាននឹងរោងចក្រកែច្នៃមនុស្ស ដែលជាកោសិកាមួយដ៏សំខាន់នៅក្នុងសង្គម ហើយពួកគេត្រូវមានចំណេះដឹង មានសមត្ថភាពវិជ្ជាជីវៈ មានសមត្ថភាពស្រាវជ្រាវក្នុងការបង្កើតគោលការណ៍ ទ្រឹស្តី និងមូលដ្ឋានសម្ភារៈថ្មីនានា ដើម្បីបម្រើសេចក្តីត្រូវការរបស់សង្គមមនុស្ស នៅក្នុងបរិបទនៃសម័យឌីជីថល អច្ឆរិយៈបច្ចេកវិទ្យា និងវិទ្យាសាស្ត្រទំនើប។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា “មាស ដែលចម្រាញ់ចេញពីរ៉ែធម្មជាតិ វាគង់នឹងរីងស្ងួតអស់នៅពេលណាមួយ ប៉ុន្តែ មាស ដែលចម្រាញ់ពីខួរក្បាលមនុស្ស ពិតជាមិនអាចរីងស្ងួតអស់នោះទេ”។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្ថែមថា រាជរដ្ឋាភិបាល បានពង្រឹងនូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដើម្បីធានា និងសម្រេចឱ្យបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្រ ជាពិសេសជាង២ឆ្នាំមកនេះ បានការពារ និងទប់ស្កាត់ប្រកបដោយប្រសិទ្ឋិភាពនូវជម្ងឺកូវីដ១៩ ផ្តល់ឱកាសមាសមួយសម្រាប់ក្មួយៗទទួលបានការសិក្សារៀនសូត្រ ដើម្បីអប់រំខ្លួនយើងឱ្យក្លាយទៅជាពលរដ្ឋល្អនៅក្នុងសង្គម ចៀសឆ្ងាយពីគ្រឿងញៀន និងអំពើរអបាយមុខ អសីលធម៌ផ្សេងៗនៅក្នុងសង្គម។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់នូវអនុសាសន៍មួយចំនួនដល់គណៈគ្រប់គ្រង សាស្ត្រាចារ្យ និងសិស្ស និស្សិត ដើម្បីរួមគ្នាពង្រឹងវិស័យអប់រំ បណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព ប្រសិទ្ធភាព សមត្ថភាព មានចំណេះដឹង ចំណេះធ្វើ ក្រមសីលធម៌វិជ្ជាជីវៈ សីលធម៌ក្នុងការរស់នៅ ការទទួលខុសត្រូវ និងមនសិការស្នេហាជាតិដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អភិវឌ្ឍន៏ប្រទេសជាតិលើគ្រប់វិស័យ៕ ប្រភព ៖ គណៈរដ្ឋមន្រ្តី + ជា សេឌី









