រដ្ឋមន្ត្រីក្រសួងអប់រំអញ្ជើញបើកសិក្ខាសាលាស្តីពីការអភិរក្សាកីឡាប្រពៃណីអាស៊ាន
ភ្នំពេញ -ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញថ្លែងបើកសិក្ខាសាលាស្តីពីការអភិរក្សកីឡាប្រពៃណីអាស៊ាន នៅសណ្ឋាគារ សុខាភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២នេះ។
លោក អ៊ុក ឌីវ៉ង់ អគ្គនាយករង អគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡាបានផ្តល់ខ្លឹមសារពីសិក្ខាសាលានេះថា ក្រសួងបានរៀបចំសិក្ខាសាលាពីរ នៅសណ្ឋាគារ សុខាភ្នំពេញ ដោយសិក្ខាសាលាទី១ មានរយៈពេល២ថ្ងៃនៅថ្ងៃទី៨-៩ ខែសីហានេះ ស្តីពីការអភិរក្សកីឡាប្រពៃណីអាស៊ាន និងសិក្ខាសាលាទី២ គ្រោងនឹងធ្វើឡើង នៅថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២២ ស្តីពីការហាត់ប្រាណ និងការលេងកីឡា។ ក្នុងឆ្នាំ២០២២ កម្ពុជាក្នុងឋានៈជាប្រធានអាស៊ាន ក្រសួងបានរៀបចំសេចក្តីប្រកាសពីរនូវទស្សនៈទាន ដោយទទួលបានការគាំទ្រពីបណ្តាប្រទេសអាស៊ាន ហើយពេលនេះយើងកំពុងកសាងសេចក្តីព្រាងលើសេចក្តីប្រកាសនេះ។ យើងកំពុងដំណើរការជិតបញ្ចប់ហើយដោយបានជាង ៨០ទៅ៩០ភាគរយ ហើយត្រូវពិភាក្សា១ជុំទៀតជាមួយបណ្តាប្រទេសអាស៊ានជាសមាជិកទាំងអស់ ដើម្បីកែសម្រួល និងទទួលយកធាតុចូលទាំងឡាយ។
ការរៀបចំសិក្ខាសាលានេះ គឺដើម្បីគាំទ្រដល់សេចក្តីប្រកាសទាំងពីរនេះ ហើយនឹងយកសេចក្តីសម្រេចនេះទៅឆ្លង និងអនុម័តចុងក្រោយ នាខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលអាស៊ាន។ ថ្ងៃនេះយើងមានសិក្ខាសាលាមួយ ដើម្បីជាការបញ្ជាក់នៃប្រភេទកីឡាក្នុងប្រទេសអាស៊ាន ហើយយើងមានខ្លឹមសារនៃការអភិរក្សវប្បធម៌ ដោយកីឡាជាផ្នែកមួយនៃវប្បធម៌។ ក្នុងសិក្ខាសាលានេះមានការពិភាក្សាគ្នា ក្នុងនោះមានការចូលរួមមតិពីអង្គការយូណេស្កូផងដែរ ក្រោយពីទទួលបានការបើកពិធីដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន។ ជាមួយគ្នានេះ លេខាធិការដ្ឋានរបស់អាស៊ានក៏បានធ្វើបទបង្ហាញពីផែនការរយៈពេល៥ឆ្នាំនៃការលើកកម្ពស់ប្រភេទកីឡាប្រពៃណីអាស៊ានផងដែរ។
លោកអគ្គនាយករងគូសបញ្ជាក់ទៀតថា ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាក៏បានធ្វើបទបង្ហាពីការអភិរក្ស និងអភិវឌ្ឍប្រភេទកីឡាប្រពៃណីរបស់ខ្លួនផងដែរ។ គោលបំណងចម្បង គឺការលើកកម្ពស់អត្តសញ្ញាណអាស៊ានតាមរយៈការដាក់បញ្ចូលនូវប្រភេទកីឡាប្រពៃណីរៀងៗខ្លួន។ ដូច្នេះគោលដៅរបស់អាស៊ាន នាពេលនេះ គឺរួមគ្នាដើម្បីអភិរក្សនូវប្រភេទកីឡាអត្តសញ្ញាណជាតិ ដែលបណ្តាប្រទេសអាស៊ានទាំងអស់មានពីមុនមក ហើយរួមគ្នាអភិវឌ្ឍឲ្យក្លាយទៅជាប្រភេទកីឡាទំនើប ដើម្បីត្រៀមដាក់បញ្ចូលការប្រកួតព្រឹត្តិការណ៍ធំៗ ដូចជាស៊ីហ្គេម និងការប្រកួតផ្សេងៗទៀត។ សម្រាប់កម្ពុជា ក្នុងឋានៈជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ គឺយើងបានបញ្ចូលប្រភេទកីឡាប្រពៃណីរបស់យើង មានដូចជាគុនល្បុក្កតោ គុនខ្មែរ ចំបាប់ និងទូកជាដើម៕ ចាន់ វិចិត្រ













