ថៃ៖ អភិបាលរាជធានី-ខេត្ត ប្រកាសអាសន្នខ្ពស់ចំពោះគ្រោះជំនន់ទឹកភ្លៀង
បាងកក៖ បណ្តាអភិបាលរាជធានី ខេត្ត ស្ថិតនៅតំបន់ភាគខាងជើង ឦសាន និងកណ្តាល បានប្រកាសអាសន្នសម្រាប់ទឹកជំនន់ភ្លាមៗ(ជំនន់ទឹកភ្លៀង) ដែលអាចកើតមាននៅថ្ងៃច័ន្ទ និងថ្ងៃអង្គារនេះ។
អ្នកនាំពាក្យរដ្ឋាភិបាលលោក Thanakorn Wangboonkongchana បាននិយាយនៅថ្ងៃទី៨ សីហា ២០២២ថា លោកនាយករដ្ឋមន្ត្រី Prayut Chan-o-cha បានណែនាំក្រសួងមហាផ្ទៃកាលពីថ្ងៃអាទិត្យដើម្បីធានាថាអភិបាលនានា ឆ្លើយតបទៅនឹងការព្យាករណ៍អាកាសធាតុនៃភ្លៀងធ្លាក់ខ្លាំង។
លោក ប្រាយុទ្ធ ក៏បានបញ្ជាឱ្យអភិបាលខេត្ត ដែលត្រួតពិនិត្យមជ្ឈមណ្ឌលបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយខេត្តផងដែរ ដើម្បីធានាថា អ្នកស្រុកត្រូវបានព្រមានពីហានិភ័យនៃទឹកជំនន់ភ្លាមៗ។
មជ្ឈមណ្ឌលខេត្តក៏ត្រូវបានណែនាំផងដែរ ឱ្យតាមដាន និងសម្របសម្រួលជាមួយមជ្ឈមណ្ឌលជាតិ ព្រមានអំពីគ្រោះមហន្តរាយ ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីអាចចាត់វិធានការបានទាន់ពេលវេលា ក្នុងករណីមានទឹកជំនន់ភ្លាមៗ។
លោក Thanakorn បាននិយាយថា មជ្ឈមណ្ឌលក៏ត្រូវបានណែនាំផងដែរ ឱ្យមានគ្រឿងចក្រធុនធ្ងន់ត្រៀមរួចជាស្រេចសម្រាប់កាត់បន្ថយគ្រោះមហន្តរាយ៕ ប្រភពពី The Nation ដោយ៖ សារ៉ាត



