ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ៖ អជ្ញាធរ និងក្រុមប្រឹក្សាឃុំ ដែលទើបជាប់ឆ្នោត ត្រូវបន្តធានាការផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព អនុវត្តឱ្យបានម៉ឹងម៉ាត់នូវអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់
ស្រុកព្រៃឈរ ៖ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវទីស្នាក់ការគណបក្សស្រុកព្រៃឈរ និងផ្សព្វផ្សាយលទ្ធផលសន្និបាតវិសមញ្ញរបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងសំណេះសំណាលជាមួយមន្ត្រី សកម្មជននៃស្រុកព្រៃឈរ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម បានមានប្រសាសន៍ថា អាជ្ញាធរមូលដ្ឋាន និងក្រុមប្រឹក្សាឃុំ ដែលទើបជាប់ឆ្នោតអាណត្តិទី៥ ត្រូវបន្តខិតខំលើកកម្ពស់អភិបាលកិច្ច ធានាការផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព ដោយអនុវត្តឱ្យបានម៉ឹងម៉ាត់នូវអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ព្រមទាំងខិតខំដោះស្រាយជម្លោះដីធ្លីក្រៅប្រព័ន្ធតុលាការឱ្យបានល្អ និងឆាប់រហ័ស,ខិតខំជំរុញការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំ ឱ្យទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត។
លោក ឡោ ចាន់លី ប្រធានគណបក្សស្រុកព្រៃឈរ បានឡើងរាយការណ៍ស្តីពីដំណើរការនៃការសាងសង់អគារគណបក្សស្រុកព្រៃឈរ និងជម្រាបជូនពីលទ្ធលផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២កន្លងទៅ ដោយបញ្ជាក់ថា អ្នកបោះឆ្នោតសរុបក្នុងស្រុកព្រៃឈរមានចំនួន ៧២.៤៧៩សំលេង ហើយគណបក្សប្រជាជនកម្ពុជាទទួលបាន ៥១.២៣៤ សំលេង។
ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្តកំពង់ចាម ក៏បានឡើងអានលទ្ធផលសន្និបាតវិសាមញ្ញរបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលទើបបញ្ចប់ទៅថ្មីៗនេះ។
ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះប្រជាពលរដ្ឋខេត្តកំពង់ចាម និយាយដោយទ្បែកប្រជាពលរដ្ឋស្រុកស្រីសន្ធរ ដែលរក្សាការជឿទុកចិត្ត និងផ្តល់ការគាំទ្រជារៀងរហូតដល់សម្តេចតេជោ ហ៊ុន សែន និងតែងតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាច្រើនអាណត្តិកន្លងមក ជាពិសេសថ្មីៗនេះ គឺការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលបងប្អូនបានបោះឆ្នោតជូនបេក្ខជនរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីមានឱកាសបន្តបំពេញកាតព្វកិច្ចក្នុងការបម្រើប្រជាជនឱ្យកាន់តែមានជីវភាពសម្បូរសប្បាយ និងដឹកនាំអភិវឌ្ឍឃុំ សង្កាត់បន្តទៀត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្តថា គោលនយោបាយរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសឱ្យមានការអភិវឌ្ឍរហូតមកដល់ពេលបច្ចុប្បន្ននេះ គឺមានឆន្ទៈមោះមុតបន្តផ្តោតលើការជំរុញនាវាកម្ពុជាឱ្យធ្វើដំណើរទៅមុខជារៀងរហូត បើទោះបីជួបបញ្ហាប្រឈមមួយចំនួនក៏ដោយ, ពិសេស ក្នុងរយៈពេល ២ឆ្នាំមកនេះ រាជរដ្ឋាភិបាលបានខិតខំតស៊ូ ការពារអាយុជីវិតប្រជាជនរហូតទទួលបានជោគជ័យ និងមានការអបអរសាទរពីសហគមន៍ជាតិ អន្តរជាតិដល់យុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងការការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩។
ដើម្បីរក្សាប្រៀបឈ្នះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នាឆ្នាំ២០២៣ ”ខាងមុខ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់នូវអនុសាសន៍ចំនួន ១៦ចំណុច ដល់ក្រុមការងារថ្នាក់កណ្តាល និងថ្នាក់ខេត្តចុះជួយក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីយកទៅអនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់ និងមានប្រសិទ្ធិភាព ៕ ប្រភព ៖ គណៈរដ្ឋមន្ត្រី +ជា សេឌី









