ប្រធានាធិបតីអាមេរិកចុះហត្ថលេខាផ្តល់សច្ចាប័នគាំទ្រស៊ុយអែត និងហ្វាំងឡង់ចូលជាសមាជិកណាតូ
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃអង្គារសប្តាហ៍នេះ បានបង្ហាញការស្វាគមន៍ជាផ្លូវការចំពោះហ្វាំងឡង់ និងស៊ុយអែតដែលចូលរួមក្នុងសម្ព័ន្ធភាពអង្គការណាតូ ខណៈលោកបានចុះហត្ថលេខាលើការផ្តល់សច្ចាប័ន ដែលផ្តល់ការគាំទ្រជាផ្លូវការរបស់សហរដ្ឋអាមេរិកចំពោះប្រទេស Nordic ទាំងពីរចូលទៅក្នុងកតិកាសញ្ញាការពារទៅវិញទៅមក។
លោក បៃដិន បានថ្លែងនៅក្នុងពិធីចុះហត្ថលេខានេះថា ដើម្បីស្វែងរកការចូលរួមក្នុងអង្គការណាតូ ហ្វាំងឡង់ និងស៊ុយអែតកំពុងធ្វើការប្តេជ្ញាចិត្តដ៏ពិសិដ្ឋថា ការវាយប្រហារប្រឆាំងនឹងរដ្ឋណាមួយ គឺជាការវាយប្រហារប្រឆាំងនឹងរដ្ឋសមាជិកទាំងអស់គ្នា។
សហរដ្ឋអាមេរិកបានក្លាយជាសម្ព័ន្ធមិត្តទី២៣ ដែលអនុម័តសមាជិកភាពណាតូសម្រាប់ប្រទេសទាំងពីរ។ លោក បៃដិន បន្តថា លោកបាននិយាយជាមួយប្រមុខដឹកនាំប្រទេសទាំងពីរ មុនពេលចុះហត្ថលេខាលើការផ្តល់សច្ចាប័ន និងបានជំរុញឱ្យសមាជិកណាតូដែលនៅសេសសល់ឱ្យបញ្ចប់ដំណើរការផ្តល់សច្ចាប័នរបស់ពួកគេ ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។
គួរបញ្ជាក់ថា ប្រទេសនានាបានស្វែងរកសមាជិកភាពណាតូកាលពីដើមឆ្នាំនេះ ដើម្បីធានាសន្តិសុខប្រទេសរបស់ពួកគេ បន្ទាប់ពីមានការលុកលុយរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅអ៊ុយក្រែន។
ទោះបីជាយ៉ាងណា ច្បាប់របស់អង្គការណាតូតម្រូវឱ្យមានការយល់ព្រមពីសមាជិកដែលមានស្រាប់ចំនួន ៣០ របស់ខ្លួន មុនពេលហ្វាំងឡង់ និងស៊ុយអែតអាចចូលជាសម្ព័ន្ធភាពជាផ្លូវការ ដែលត្រូវបានរំពឹងទុកនៅប៉ុន្មានខែខាងមុខទៀតនេះ៕ ប្រភព៖ AP ប្រែសម្រួល៖ ទីណា និងបុត្រា




