រដ្ឋមន្រ្តីក្រសួងអប់រំ លើកទឹកចិត្តដល់គ្រឹះស្ថានឧត្តមសិក្សាទាំងសាធារណៈ និងឯកជន ពិសេសអ្នកស្រាវជ្រាវ ក្នុងការសិក្សាស្រាវជ្រាវប្រកបដោយគុណភាព និងបន្តបោះពុម្ពអត្ថបទ សម្រាប់បម្រើលើការៀន និងបង្រៀននៅកម្ពុជា
ភ្នំពេញ៖ នាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្រ្ត នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកម្មវិធីបើក និងប្រកាសដាក់ឱ្យប្រើប្រាស់ទស្សនាវដ្តីកម្ពុជា សម្រាប់ការស្រាវជ្រាវអប់រំ និងស្ទែម (Cambodian Journal of STEM and Education Research) ក្រោមវត្តមានឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដោយមានអ្នកចូលរួមសរុបប្រមាណ ២៦០នាក់។
ការរៀបចំឱ្យមានទស្សនាវដ្ដីស្រាវជ្រាវវិទ្យាសាស្រ្ត សម្រាប់បោះពុម្ពផ្សាយអត្ថបទស្រាវជ្រាវក្នុងស្រុកជាភាសាខ្មែរនេះ ជាការរួមចំណែកបន្ថែមក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីនៃការស្រាវជ្រាវនៅកម្ពុជា។ ជាមួយនឹងគំនិតផ្ដួចផ្ដើមនេះ ក្រសួងអប់រំ យុវជន និងកីឡា សូមលើកទឹកចិត្តដល់គ្រឹះស្ថានឧត្តមសិក្សាទាំងសាធារណៈ និងឯកជនជាពិសេសអ្នកស្រាវជ្រាវទាំងអស់ ក្នុងការសិក្សាស្រាវជ្រាវប្រកបដោយគុណភាព និងបន្តបោះពុម្ពអត្ថបទដែលមានលក្ខណៈវិទ្យាសាស្រ្តជាភាសារខ្មែរ ដើម្បីបង្កើនធនធានសិក្សាសម្រាប់បម្រើលើការៀន និងបង្រៀននៅកម្ពុជា ៕ ដោយ-រ៉ាវុធ



