អ្នកសេដ្ឋកិច្ចអន្តរជាតិស្នើឱ្យលោក បៃដិនបញ្ចេញមូលនិធិធនាគារកណ្តាលអាហ្វហ្គានីស្ថាន
អ្នកសេដ្ឋកិច្ច និងអ្នកជំនាញជាង៧០ នាក់ រួមទាំងជ័យលាភីណូបែលលោក Joseph Stiglitz អំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន និងប្រទេសដទៃទៀត ដកការបង្កកទ្រព្យសម្បត្តិធនាគារកណ្តាលរបស់អាហ្វហ្គានីស្ថាន នៅក្នុងលិខិតមួយផ្ញើទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិកចូ បៃដិន កាលពីថ្ងៃពុធ។
លិខិតដែលចេញដោយមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងគោលនយោបាយ (CEPR)និយាយថា មូលធនបរទេសចាំបាច់ ត្រូវប្រគល់ទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលអាហ្វហ្គានីស្ថានប្រហែល ៩ប៊ីលានដុល្លារទៅឱ្យធនាគារDa Afghanistan (DAB) ដើម្បីបើកឱ្យសេដ្ឋកិច្ចដំណើរការ។
ការស្នើសុំនេះធ្វើឡើងខណៈដែលអាហ្វហ្គានីស្ថាន ធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ហើយបើទោះបីជាមានការរិះគន់អំពីអាកប្បកិរិយារបស់ពួកតាលីបង់ ដែលកាន់អំណាចត្រួតត្រាលើស្ត្រី និងក្រុមជនជាតិភាគតិចក្ដី។
លិខិតនិយាយថា៖«ប្រជាជនអាហ្វហ្គានីស្ថានត្រូវរងទុក្ខទ្វេដងចំពោះរដ្ឋាភិបាល ដែលពួកគេមិនបានជ្រើសរើស។ដើម្បីកាត់បន្ថយវិបត្តិមនុស្សធម៌ និងកំណត់សេដ្ឋកិច្ចអាហ្វហ្គានីស្ថាននៅលើផ្លូវឆ្ពោះទៅរកការងើបឡើងវិញ យើងជំរុញអ្នកអនុញ្ញាតឱ្យDAB ទទួលបានមកវិញនូវទុនបម្រុងអន្តរជាតិរបស់ខ្លួន»។
លិខិតដែលផ្ញើទៅកាន់រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោកស្រីJanet Yellen ផងដែរនោះត្រូវបានចុះហត្ថលេខាដោយអ្នកសេដ្ឋកិច្ច និងអ្នកជំនាញការសិក្សាចំនួន៧១ នាក់ ដែលភាគច្រើនមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ក៏ដូចជាប្រទេសអាល្លឺម៉ង់ ឥណ្ឌា និងចក្រភពអង់គ្លេស។
ក្នុងចំណោមអ្នកទាំងនោះ មានអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុក្រិកលោកYanis Varoufakis និងលោកStiglitz ដែលជាសាស្ត្រាចារ្យសាកលវិទ្យាល័យColumbia ដែលបានទទួលរង្វាន់ណូបែលផ្នែកសេដ្ឋកិច្ចក្នុងឆ្នាំ២០០១ និងជាសមាជិកនៃក្រុមប្រឹក្សាភិបាលនៃ CEPR ដែលមានមូលដ្ឋាននៅក្រុងវ៉ាស៊ីនតោន។
សេដ្ឋកិច្ចអាហ្វហ្គានីស្ថាន ធ្លាក់ចុះយ៉ាងជ្រៅទៅក្នុងវិបត្តិ ចាប់តាំងពីក្រុមតាលីបង់ចូលកាន់កាប់កាលពី១ឆ្នាំមុន ក្រោយកម្លាំងទ័ពដឹកនាំដោយសហរដ្ឋអាមេរិក ដកខ្លួនចេញ។ ការកាត់បន្ថយជំនួយភ្លាមៗ និងកត្តាផ្សេងទៀត រួមទាំងអតិផរណាដែលជំរុញដោយសង្រ្គាមអ៊ុយក្រែន បានរួមចំណែកក្នុងវិបត្តិនេះ ប៉ុន្តែអ្នកសេដ្ឋកិច្ចនិយាយថា សេដ្ឋកិច្ចអាហ្វហ្គានីស្ថានត្រូវយ៉ាប់យឺន ដោយសារតែធនាគារកណ្ដាលមិនអាចប្រើទុនបង្រុងបរទេសរបស់ខ្លួន។
លិខិតដដែលនិយាយថា៖ «ប្រសិនមិនអាចប្រើប្រាស់ទុនបម្រុងបរទេសរបស់ខ្លួន ធនាគារកណ្តាលអាហ្វហ្គានីស្ថាន មិនអាចអនុវត្តមុខងារធម្មតា និងសំខាន់របស់ខ្លួនបានទេ។ សេដ្ឋកិច្ចរបស់ប្រទេសត្រូវបានព្យាករណ៍ថាដួលរលំ»។
អាមេរិក និងប្រទេសផ្សេងទៀតនិយាយថា ពួកគេចង់ស្វែងរកមធ្យោបាយ ដើម្បីបញ្ចេញមូលនិធិសម្រាប់ជាប្រយោជន៍ដល់ប្រជាជនអាហ្វហ្គានីស្ថាន ខណៈមិនផ្តល់ផលប្រយោជន៍ដល់ពួកតាលីបង់ ដែលខ្លួនថ្កោលទោស ចំពោះការដាក់កម្រិតធ្ងន់ធ្ងរលើសេរីភាពរបស់ស្ត្រីកាលពីឆ្នាំមុន ហើយត្រូវបានចោទប្រកាន់ថាប្រព្រឹត្តការរំលោភសិទ្ធិមនុស្សផ្សេងៗ។
ពួកតាលីបង់និយាយថា ពួកគេគោរពសិទ្ធិស្របតាមការបកស្រាយរបស់ខ្លួននៃច្បាប់អ៊ិស្លាម ហើយថាការរំលោភបំពានបុគ្គលនឹងត្រូវស៊ើបអង្កេត។
យ៉ាងណាមិញ ភាគីទាំង២បានចូលរួមក្នុងការពិភាក្សាលម្អិតអំពីផែនការដើម្បីអាចបញ្ចេញទ្រព្យសកម្មរបស់ធនាគារកណ្តាល ប្រហែល ៧ ប៊ីលានដុល្លារ ដែលធ្វើឡើងនៅក្នុងសហរដ្ឋអាមេរិក។ ប្រហែលពាក់កណ្តាលនៃចំនួននោះ បច្ចុប្បន្នត្រូវបានទុកមួយឡែកសិន ពាក់ព័ន្ធនឹងការដោះស្រាយនូវរឿងក្ដីវាយប្រហារ ៩/១១។

ប្រភព៖ Reuters