ឯកអគ្គរដ្ឋទូតអូស្ត្រាលី អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម លើកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម
ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងឯកឧត្តម ប៉ាប្លូ កាង (Pablo Kang) ឯកអគ្គរដ្ឋទូតអូស្ត្រាលី បានជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មរវាងប្រទេសទាំងពីរ។
ប្រភពក្រសួងកសិកម្មបានឱ្យដឹងថា ក្នុងជំនួបនៅថ្ងៃទី១១ខែសីហានាទីស្តីការក្រសួងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលបានជួយលើកស្ទួយវិស័យកសិកម្មកម្ពុជា និងប្រែក្លាយកម្ពុជាពីប្រទេសដែលខ្វះអង្ករហូបទៅជាប្រទេសដែលមានអតិរេកអង្ករ និងនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ដែលមានគុណភាពខ្ពស់ និងជាប់ចំណាត់ថ្នាក់អង្ករល្អលេខ១លើកពិភពលោក៣ឆ្នាំជាប់គ្នាផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើសុំឱ្យភាគីអូស្ត្រាលីជួយពិនិត្យនិងគាំទ្រជំរុញកិច្ចសហការជាមួយក្រុមហ៊ុនឯកជនទាំងក្នុងស្រុក និងក្រៅ ប្រទេស ដើម្បីបង្កើតជាក្រុមហ៊ុនផលិតពូជស្រូវចែកចាយជូនកសិករនៅទូទាំងប្រទេស ក្រោយពេលដែលវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា បានផលិតពូជគ្រឹះរួចហើយនោះ ស្នើបង្កើតកម្មវិធីកម្មសិក្សាសម្រាប់និស្សិតកសិកម្ម និងពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេសផ្សេងទៀតរួមទាំងការកែច្នៃផលិតផលកសិកម្មផងដែរ សម្រាប់គម្រោងកម្មវិធីថ្មី ដែលនឹងត្រូវចាប់ផ្តើមអនុវត្តន៍នៅចុងឆ្នាំ២០២២ខាងមុខនេះ។
ចំពោះគម្រោងកិច្ចសហប្រតិបត្តិការថ្មី ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថា គម្រោងថ្មីស្តីពីភាពជាដៃគូកម្ពុជា-អូស្ត្រាលីដើម្បីស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (Cambodia-Australia Partnership for Resilience Economic Development) នឹងជួយជំរុញវិស័យកសិកម្មកម្ពុជាអោយរីកចម្រើនកាន់ខ្លាំងថែមទៀត។
បន្ទាប់មក ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូត ក៏បានប្រគល់រថយន្តដែលបានប្រើប្រាស់ក្នុងគម្រោង CAVAC Phase2 ចំនួន៤គ្រឿងទៅអោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា CARDI ដើម្បីយកប្រើប្រាស់ក្នុងការស្រាវជ្រាវបន្តទៀត។
សូមបញ្ជាក់ថា៖ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កន្លងមកក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មតាមរយៈភ្នាក់ងារ AusAid លើការផ្តល់ជំនួយទាំងហិរញ្ញវត្ថុ និងបច្ចេកទេសដើម្បីជំរុញ និងលើកកម្ពស់ ផលិតភាពផលិតកម្មតាមរយ: ៖ ១- ការអភិរក្សពូជដំណាំសំខាន់ៗ ២- ការអភិវឌ្ឍ និងបញ្ចេញពូជដំណាំល្អៗឲ្យកសិករប្រើប្រាស់ ៣- ការអភិវឌ្ឍ និងផ្ទេរបច្ចេកទេសកសិកម្ម ជាពិសេសបច្ចេកទេសគ្រប់គ្រងធនធានដីកសិកម្ម និងការប្រើប្រាស់សារធាតុចិញ្ចឹមឲ្យមាននវានុវត្តន៍ និរន្តរភាព និងផលចំណេញសេដ្ឋកិច្ច ៤- ការបណ្តុះបណ្តាលធនធានមនុស្សឲ្យមានទេពកោសល្យផ្នែកកសិកម្ម និង៥- ការធ្វើកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងអភិវឌ្ឍន៍ បច្ចេកវិទ្យាកសិកម្មជាមួយដៃគូអន្តរជាតិដ៏ច្រើនរួមទាំង CAVAC ផងដែរ៕ ដោយ៖ សេឌី








