ពលរដ្ឋ២៩១គ្រួសារដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុន CHPB យល់ព្រមទទួលយកដីសម្បទានសង្គមកិច្ចតាមការចាត់ចែងរបស់អាជ្ញាធរខេត្តក្រចេះ
ក្រចេះ៖ ក្រោយពីបានជួបប្រជុំពិភាក្សារវាងអាជ្ញាធរខេត្តក្រចេះ និងប្រជាពលរដ្ឋ២៩១គ្រួសារដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុនCHPB គឺបានរកច្រកចេញឃើញហើយ ដោយប្រជាពលរដ្ឋយកព្រមតាមការ ចាត់ចែងរបស់អាជ្ញាធរខេត្តសម្រេចទទួលយកដីសម្បទានសង្គមកិច្ច ប្តូរទៅទីតាំងផ្សេងនៅក្នុងស្រុកសំបូរ ខេត្តក្រចេះដើម្បីបញ្ចប់រឿង។
កាលរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ អាជ្ញាធរខេត្តក្រចេះ បានអនុញ្ញាតឲ្យប្រជាពលរដ្ឋជាង២០០ គ្រួសារដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុន CHPB បានជួបប្រជុំដើម្បីពិភាក្សារកដំណោះស្រាយ ក្រោមអធិបតីភាព លោកគង់ គឺមនី អភិបាលរងខេត្ត លោកកៅ ម៉ាឌីឡែន ប្រធានមន្ទីររៀបចំដែនដីនគរូបនីយ កម្មសំណង់ និងសុរិយោដីខេត្ត និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តជាច្រើនផ្សេងទៀត។
នៅក្នុងជំនួបរយ:ពេលជាង២ម៉ោង អាជ្ញាធរនិងប្រជាពលរដ្ឋ ក៏បានយល់ព្រមលើគោលការណ៍រួមមួយដោយ អាជ្ញាធរសម្រេចប្រគល់ជូនពួកគាត់នូវដីសម្បទានសង្គមកិច្ច លើទីតាំងដីមួយកន្លែងទៀតស្ថិតនៅក្នុងភូមិសាស្ត្រស្រុកសំបូរ ដដែល ។
លោក គង់ គីមនី អភិបាលរងខេត្តក្រចេះ បានស្នើឱ្យថា ប្រជាពលរដ្ឋទាំង២៩១គ្រួសារ ត្រូវមានកិច្ចសហការជាមួយ អាជ្ញាធរនិងគណ:កម្មាធិការរៀបចំដីធ្លីថ្នាក់ខេត្ត និងរៀបចំដាក់ពាក្យស្នើឲ្យបានច្បាស់លាស់ ដើម្បីជួយសម្រួលដល់ក្រុមការងារធ្វើការងាឲ្យបានឆាប់ ។
លោកអភិបាលបញ្ជាក់ថា អាជ្ញាធរខេត្ត នឹងពន្លឿនការដោះស្រាយឲ្យបានលឿនក្នុងពេលដ៍ខ្លីខាងមុខ នេះ ហើយអាជ្ញាធរខេត្តនឹងបង្កើតគណៈកម្មាធិការ គ្រប់គ្រងប្រើប្រាស់ និងបែងចែកដីរដ្ឋថ្នាក់ខេត្ត ដើម្បីរង់ចាំដោះស្រាយជូន ហើយគណៈកម្មាធិការនិងរៀបចំទីតាំងច្បាស់មួយដើម្បីរងចាំពលរដ្ឋទៅបំពេញបែបបទតាមនិតិវិធីដើម្បីទទួលដីស្របច្បាប់។
ជាមួយគ្នានោះលោក គង់ គឹមនី ក៏បានជំរុញឲ្យមន្ទីរជំនាញនិងអាជ្ញាធរពាក់ព័ន្ធ ជួយពន្លឿននិងសម្រួល ការរៀបចំលើពាក្យស្នើសុំរបស់ប្រជាពលរដ្ឋអោយបានត្រឹមត្រូវ នឹងពិនិត្យទៅលើស្ថានភាពគ្រួសាររបស់ប្រជាពលរដ្ឋជាក់ស្ដែងដែលអត់ដីប្រើប្រាស់ពិត ប្រាកដដើម្បីសំដៅធ្វើយ៉ាងណាឱ្យបានចំគោលដៅ ចៀសវាងមានបញ្ហាប្រជាពលរដ្ឋពិតប្រាកដមិនបានដី បែរទៅជាអ្នកមានលុយមានអំណាចបានដីទៅវិញ ៕ ដោយ៖ ម៉េង គាង







