ប្រធានាធិបតីតៃវ៉ាន់ថា ការគំរាមកំហែងរបស់ចិននៅតែមាន ខណៈយន្តហោះយោធាចិន ១១គ្រឿងឆ្លងកាត់ខ្សែបន្ទាត់មេឌានជាថ្មីទៀត
តៃប៉ិ៖ ក្រសួងការពារជាតិតៃវ៉ាន់បានលើកឡើងថា យន្តហោះយោធាចិនចំនួន ១១គ្រឿងបានឆ្លងកាត់ខ្សែបន្ទាត់មេឌាននៅច្រកសមុទ្រតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ ខ្សែបន្ទាត់នេះជាការរារាំងក្រៅផ្លូវការ ដើម្បីការពារការប៉ះទង្គិចយោធាដោយអចេតនារវាងតៃវ៉ាន់ និងចិន។
ក្រសួងការពារជាតិតៃវ៉ាន់បន្តថា ខ្លួនបានមើលឃើញយន្តហោះចំនួន ២១គ្រឿង និងនាវាចំនួន ៦គ្រឿងរបស់យោធាចិននៅក្នុង និងជុំវិញច្រកសមុទ្រតៃវ៉ាន់ គិតត្រឹមម៉ោង ៥ល្ងាចនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។
ក្រសួងបន្ថែមថា យន្តហោះចំនួន ១១គ្រឿងបានហោះហើរនៅផ្នែកខាងកើតនៃខ្សែបន្ទាត់មេឌាន ខណៈដែលយន្តហោះយោធាចិនបានហោះហើរឆ្លងកាត់ខ្សែបន្ទាត់ជារៀងរាល់ថ្ងៃចាប់តាំងពីថ្ងៃទី៣ ខែសីហាមក ។
ការឆ្លងកាត់ចុងក្រោយនេះ បានកើតឡើងបន្ទាប់ពីប្រទេសចិន នៅថ្ងៃពុធសប្តាហ៍នេះ បានប្រកាសពីការបញ្ចប់សមយុទ្ធយោធាទ្រង់ទ្រាយធំនៅជុំវិញកោះតៃវ៉ាន់។ សមយុទ្ធនេះបានចាប់ផ្តើមកាលពីសប្តាហ៍មុន បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្រ្តអាមេរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី នៅកោះតៃវ៉ាន់។
ទោះបីជាយ៉ាងណា ប្រធានាធិបតីតៃវ៉ាន់លោកស្រី ត្សៃ អ៊ីងវិន បាននិយាយថា ការគំរាមកំហែងនៃកម្លាំងរបស់ចិន គឺគ្មានការថយចុះឡើយ ទោះបីជាសមយុទ្ធយោធាដ៏ធំបំផុតមិនធ្លាប់មានរបស់ទីក្រុងប៉េកាំងនៅជុំវិញកោះនេះ ហាក់ដូចជាកំពុងធ្លាក់ចុះក៏ដោយ៕ ប្រភព៖ NHK និង Reuters ប្រែសម្រួល៖ ទីណា និងបុត្រា





