តួកគីជំរុញឱ្យស៊ុយអែត និងហ្វាំងឡង់បំពេញតាមការសន្យាមុនចូលណាតូ

អង់ការ៉ា៖ រដ្ឋមន្ត្រីការបរទេសតួកគីលោក ម៉េវលុត ខាវូសូគ្លូ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានជំរុញឱ្យហ្វាំងឡង់ និងស៊ុយអែត ចាត់វិធានការជាក់ស្តែងអំពីការប្តេជ្ញាចិត្តរបស់ពួកគេ ដែលគួរតែត្រូវបានបំពេញ មុនពេលចូលជាសមាជិកអង្គការណាតូ។

លោក ខាវូសូគ្លូ បានប្រាប់សន្និសីទឯកអគ្គរដ្ឋទូតប្រចាំឆ្នាំ ដែលរៀបចំនៅរដ្ឋធានីអង់ការ៉ា ដើម្បីពិភាក្សាអំពីគោលនយោបាយការបរទេសតួកគីថា ពួកគេ (ស៊ុយអែត-ហ្វាំងឡង់) នៅពុំទាន់បានបំពេញតាមការសន្យារបស់ពួកគេ ដែលបានធ្វើនៅក្នុងឯកសារដើម្បីចូលរួមជាមួយអង្គការណាតូនៅឡើយទេ។

លោក ខាវូសូគ្លូ បានបញ្ជាក់យ៉ាងដូច្នេះថា យើងចង់សិក្សាពីមូលហេតុដែលជំហានចាំបាច់មិនត្រូវបានចាត់វិធានការ… មិនមានសម្ពាធពេលវេលាសម្រាប់យើងទេ… ពិតណាស់ យើងមានសម្ពាធពេលវេលាសម្រាប់បញ្ហាភេរវកម្ម ប៉ុន្តែនៅទីបំផុត ពួកគេគឺជាប្រទេសដែលចង់ក្លាយជាសមាជិកណាតូ។

ដោយឡែកប្រធានាធិបតីតួកគីលោក តាយយីប អឺដូហ្គាន់ បាននិយាយកាលពីខែកក្កដាថា តួកគីនឹងផ្អាកដំណើរការចូលជាសមាជិកណាតូរបស់ហ្វាំងឡង់ និងស៊ុយអែត ប្រសិនបើពួកគេបរាជ័យក្នុងការរក្សាការសន្យាស្តីពីការប្រឆាំងភេរវកម្ម។

គួរបញ្ជាក់ថា ហ្វាំងឡង់ និងស៊ុយអែតបានសម្រេចចិត្តចូលរួមជាមួយអង្គការណាតូ បន្ទាប់ពីការផ្ទុះជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែនកាលពីចុងខែកុម្ភៈ។ ទោះជាយ៉ាងណាក៏ដោយ ការដេញថ្លៃចូលជាសមាជិករបស់ប្រទេសទាំងពីរត្រូវបានរារាំងដោយតួកគី ដែលបានចោទប្រកាន់ពួកគេថា បានគាំទ្រអង្គការភេរវករប្រឆាំងនឹងតួកគី បន្ទាប់ពីពួកគេបានបដិសេធសំណើធ្វើបត្យាប័នរបស់តួកគី សម្រាប់ជនសង្ស័យដែលមានទំនាក់ទំនងជាមួយគណបក្សពលករឃឺដ (PKK) និងចលនា Gulen ដែលធ្វើរដ្ឋប្រហារនៅប្រទេសតួកគី៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner