សម្តេចតេជោនាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមបុណ្យខួបគម្រប់ ១០០ថ្ងៃ ថ្ងៃទី២ ឧទ្ទិសកុសលជូនដល់វិញញញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង

នៅថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០២២ លោកជំទាវ លាង វួចឆេង ហ៊ុនណេង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលត្រូវជាភរិយា ប្អូនបង្កើន ប្អូនថ្លៃ កូនបង្កើត កូនប្រសារ ចៅៗទាំអស់ របស់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង បានមូលមតិគ្នាប្រារព្ធពិធីបុណ្យគម្រប់ខួប ១០០ថ្ងៃ ឧទ្ទិសមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលបានធ្វើកម្មកិរិយាមរណភាពលាចាកលោកយើងនេះ ទៅកាន់លោកខាងមុខគម្រប់ ១០០ថ្ងៃ នៅ១៤កើត ១៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី១១ និងទី១២ ខែសីហា ឆ្នាំ២០២២។ នៅក្នុងពិធីបុណ្យទក្ខិណានុប្បទាន ឧទ្ទិសមហាកុសលជូនដល់វិញ្ញាណក្ខន្ធសម្តេចឧត្តមទេពញាណ ហ៊ុន ណេង សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ត្រូវជាភរិយា ប្អូន កូន ចៅទាំងអស់ ប្រារព្ធរៀបចំនូវគ្រឿងសក្ការៈបូជាទានធូបផ្កាភ្ញីទឹកអប់ប្រេងម៉្សៅ ថ្វាយចំពោះព្រះបដិមា ធ្វើបទនមស្សការព្រះរតនត្រ័យ និងសមាទាននិច្ចសិល ក្រោមកិច្ចដឹកនាំរបស់អ្នកឧកញ៉ាព្រះស្តេច ហេង គឹមគុណ ធម្មការព្រះបរមរាជវាំង។

ភរិយាបងប្អូនកូនចៅទាំងអស់ បាននិមន្ត សម្តេចព្រះពោធិវង្ស អំ លឹមហេង ព្រះសង្ឃនាយករងទី១ សម្តេចព្រះវ័ន្តរត្ន ណយ ច្រឹក ព្រះសង្ឍនាយករងទី២ សម្តេចព្រះឧត្តមវង្សា មួង រ៉ា ព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះរាជាគណៈ និងមន្រ្តីសង្ឃជាន់ខ្ពស់ ៩ព្រះអង្គ ចំរើនព្រះបរិត្ត នមស្សការព្រះរតនត្រ័យ និងសមាទាននិច្ចសិល តាមគន្លងប្រពៃណីសាសនា។

សូមបញ្ជាក់ថា សម្តេចឧត្តមទេពញាណ ហ៊ុន ណេង បានទទួលមរណភាពនៅវេលាម៉ោង ១៨និង២៥នាទី ថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ឆ្នាំ ដោយជំងឺបេះដូង។ ការទទួលអនិច្ចកម្មរបស់ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង គឺជាការបាត់បង់មួយដ៏ធំធេងរបស់ស្វាមី បងប្អូនឪពុកជីតា ដែលមានព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់បំផុត ចំពោះភរិយាបងប្អូនកូនចៅ។ ចាប់ពីថ្ងៃនេះតទៅ ភរិយាបងប្អូនកូនចៅទាំងអស់ ព្រមទាំងញាតិមិត្តជិតឆ្ងាយលែងបាន ជួបមុខជារៀងរហូត។ សេចក្តីល្អ គុណធម៌ឧត្តុងឧត្តមបរិសុទ្ធថ្លៃថ្លា និងសេចក្តីអង់អាចក្នុងការតស៊ូជម្នះឧបសគ្គគ្រប់យ៉ាង របស់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង នឹងស្ថិតនៅក្នុងការចងចាំរបស់ភរិយាបងប្អូនកូនចៅ និងញាតិមិត្តទាំងអស់ គ្មានថ្ងៃបំភ្លេច បានឡើយ។

បន្ទាប់ពីប្រារព្ធកិច្ចតាមប្រពៃណីសាសនារួចមក អង្គពិធីទាំងមូល បានអារតនាយាងនិមន្ត សម្តេចព្រះសង្ឃនាយករង សម្តេចព្រះរាជាគណៈ ព្រះសង្ឃ ស្វាធ្យាយព្រះសតប្បករណាភិធម្ម រាប់បាត្រវេរភត្តាហារ ថ្វាយប្រគេនសម្តេចព្រះសង្ឃនាយករង សម្តេចព្រះរាជាគណៈ ព្រះសង្ឃ។ សម្តេចព្រះរាជាគណៈ ព្រះសង្ឃ កត្តានុមោទនា ពហូរទេវាធ្វន៍ បត្តិទានតាហ និមន្តសម្តេចព្រះសង្ឃនាយករង ព្រះរាជាគណៈ ព្រះសង្ឃ ៧៤អង្គ គោចរបិណ្ឌបាត្រតាមកម្មវិធីដែលបានគ្រោងទុក។

សម្តេច ឯកឧត្តម លោកជំទាវ កូន ចៅទាំងអស់ បានធ្វើបទនមសិកា ព្រះរតនត្រ័យ ដើម្បីរំលឹកដល់គុណបុណ្យ ព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង ដែលព្រះអង្គត្រាសដឹងនូវអនុត្តរសម្មាសម្ពុទ្ធធិញាណ និងព្រះធម៌វិន័យ ដ៏វិសេសវិសាល បន្សល់ទុកឲ្យពុទ្ធបរិស័ទគ្រប់ជំនាន់ គោរពប្រតិបត្តិជារៀងដរាប រហូតមកដល់បច្ចុប្បន្ននិងទៅអនាគត។

នៅក្នុងពិធីតាមបែបសាសនានោះ សម្តេចព្រះសង្ឃនាយករង សម្តេចព្រះរាជាគណៈ និងព្រះសង្ឃទាំង ៧៤ព្រះអង្គ បានប្រោសព្រំប្រសិទ្ធពរជ័យបវរមហាប្រសើរ ជូនដល់វិញ្ញាណក្ខន្ធ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលបានធ្វើកម្មកិរិយា លាចាកលោកយើងនេះ ទៅកាន់លោកខាងមុខហើយនោះ បានយោងយិតទៅចាប់បដិសន្ធិក្នុងឋាន បរមសុខ សុគតិភព កុំបីឃ្លាងឃ្លាតដោយប្រការណាមួយឡើយ និងម៉្យាងវិញទៀត តាមអំណាច នៃពិធីបុណ្យគម្រប់ខួប១០០ថ្ងៃនេះដែរ សម្តេចព្រះសង្ឃនាយករង សម្តេចព្រះរាជាគណៈ និងព្រះសង្ឃទាំង៧៤អង្គ បានប្រសិទ្ធពរដល់ទសបារមីវត្ថុស័ក្តិសិទ្ធ ទេវតា ថែរក្សាក្នុងលោក សូមតាមជួយគាំពារថែរក្សាការពារ សម្តេចតេជោនាយករដ្ឋមន្រ្តី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារទាំងអស់របស់ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង សូមមានរិទ្ធីបារមីខ្លាំងពូកែ ឈ្នះអស់មាសត្រូវ បន្តស្ថិតនៅជាអ្នកដឹកនាំ ដ៏ឆ្នើមនៅកម្ពុជា ដើម្បីថែរក្សាការពារសុខសន្តិភាព និងការអភិវឌ្ឍប្រទេសកម្ពុជា ឲ្យកាន់ តែមានភាពរីកចម្រើនរុងរឿង ចាប់តាំងពីពេលនេះជាយូរអង្វែងតរៀងទៅ ពិសេសសូម សមប្រកបតែពុទ្ធពរទាំងឡាយបួនប្រការ និងប្រកបដោយភាពត្រជាក់ត្រជុំចម្រុងចម្រើន គ្រប់ក្រុមគ្រួសារចាប់តាំងពីពេលនេះតរៀងទៅ។
បើតាមជីវប្រវត្តិរបស់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង បានឲ្យដឹងថា សម្តេចឧត្តមទេពញាណ ហ៊ុន ណេង មានឈ្មោះដើម ហ៊ុន ឡុងសេង ប្រសូត្រនៅថ្ងៃទី២ ខែមេសា ឆ្នាំ១៩៥០ នៅភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅក្នុងគ្រួសារកសិករ ដែលមានឪពុកឈ្មោះ ហ៊ុន នាង និងម្តាយឈ្មោះ ឌី ប៉ុក។ សម្តេចជាកូនទី២ ក្នុងចំណោមបងប្អូនប្រុសស្រី៦នាក់។ សម្តេចបានរៀបអាពាហ៍ពិពាហ៍ជាមួយ លោកជំទាវ លាង វួចឆេង នៅឆ្នាំ១៩៧១ និងមានបុត្រាបុត្រីចំនួន៦នាក់។ ពេញមួយជីវិតរបស់សម្តេច ហ៊ុន ណេង ពិសេសពេលវេលាដែលសម្តេចបានមកដឹកនាំនៅខេត្តកំពង់ចាម សម្តេចតែងតែបំពេញការងារសង្គម ការងារមនុស្សធម៌ ជាអ្នកកសាងមូលដ្ឋាននៃការអភិវឌ្ឍនៅខេត្តកំពង់ចាម ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ។ តាមរយៈសកម្មភាពការងារទាំងអស់នោះ បានធ្វើឲ្យសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ទទួលបាននូវការគោរពស្រឡាញ់ ពីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារជា សម្តេចឧត្តមទេពញាណ ហ៊ុន ណេងនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ ។

នៅក្នុងពិធីតាមបែសាសនានោះដែរ សម្តេច ឯកឧត្តម លោកជំទាវ កូន ចៅទាំងអស់ អញ្ជើញសែនព្រេនជើងធូបបុព្វការីជនរបស់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ប្រកបដោយក្តីជ្រះថ្លា និងកតញ្ញូតាធម៌បំផុត របស់សម្តេច ឯកឧត្តម លោកជំទាវ ភរិយា បងប្អូនកូនចៅទាំងអស់ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner