សហរដ្ឋអាមេរិកចោទថា មន្រ្តីរុស្ស៊ីបានទទួលការហ្វឹកហ្វឺនបញ្ជាយន្តហោះដ្រូននៅអ៊ីរ៉ង់
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកបានបញ្ជាក់ថា មន្ត្រីរុស្ស៊ីបានទទួលការបណ្តុះបណ្តាល ដើម្បីប្រតិបត្តិការយន្តហោះគ្មានមនុស្សបើកនៅក្នុងប្រទេសអ៊ីរ៉ង់ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀង ស្តីពីការផ្ទេរយានជំនិះគ្មានមនុស្សបើករវាងប្រទេសទាំងពីរ។
អ្នកនាំពាក្យរងក្រសួងការបរទេសលោក Vedant Patel បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា អ៊ីរ៉ង់កំពុងធ្វើការដើម្បីផ្គត់ផ្គង់រុស្ស៊ីជាមួយនឹងយន្តហោះគ្មានមនុស្សបើករាប់រយគ្រឿង រួមទាំងយន្តហោះដ្រូនដែលអាចបំពាក់អាវុធផងដែរ។
លោក Patel បន្តថា វគ្គបណ្តុះបណ្តាលនេះត្រូវបានធ្វើឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកថា សហរដ្ឋអាមេរិកនឹងអនុវត្តទណ្ឌកម្មទាំងអស់របស់ខ្លួន យ៉ាងខ្លាំងក្លាលើពាណិជ្ជកម្មសព្វាវុធរបស់រុស្ស៊ី និងអ៊ីរ៉ង់។
គួរបញ្ជាក់ផងដែរថា កាលពីខែមុន ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan បាននិយាយថា ការផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើក គឺជាភស្តុតាងដែលបង្ហាញថា រុស្ស៊ីកំពុងបំផ្លាញឃ្លាំងអាវុធរបស់ខ្លួន ក្នុងការឈ្លានពានអ៊ុយក្រែន។ ទោះបីជាយ៉ាងណា អ៊ីរ៉ង់បានច្រានចោលរបាយការណ៍នេះថា គ្មានមូលដ្ឋាន៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា





