លោក ហ្សេលេនស្គី ស្នើឱ្យសភាបន្តច្បាប់អាជ្ញាសឹកបីខែទៀត

កៀវ៖ សេចក្តីព្រាងច្បាប់ចំនួនពីរដាច់ដោយឡែកពីគ្នា ស្តីពីការបន្តច្បាប់អាជ្ញាសឹក និងការចល័តទ័ពទូទៅត្រូវបានដាក់ជូនសភាដើម្បីពិចារណា។

ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃសុក្រសប្តាហ៍នេះ បានស្នើទៅសភាដើម្បីពន្យារច្បាប់អាជ្ញាសឹកបច្ចុប្បន្ន និងការចល័តទូទៅនៅក្នុងប្រទេសសម្រាប់រយៈពេល ៩០ថ្ងៃទៀត។

យោងតាមគេហទំព័ររបស់សភាបានឱ្យដឹងថា សេចក្តីព្រាងច្បាប់ចំនួនពីរដាច់ដោយឡែកពីគ្នា ស្តីពីការបន្តច្បាប់អាជ្ញាសឹក និងការចល័តទូទៅត្រូវបានដាក់ជូនសភាដើម្បីពិចារណា។ សភាអ៊ុយក្រែនបានដាក់ច្បាប់អាជ្ញាសឹកបន្ទាប់ពីការចាប់ផ្តើមនៃជម្លោះជាមួយរុស្ស៊ីកាលពីថ្ងៃទី២៤ ខែកុម្ភៈ ហើយបានពង្រីកវាចំនួន ៣លើករួចមកហើយ ចាប់តាំងពីពេលនោះមក។

ការចល័តរបស់ប្រជាជនទូទៅត្រូវបានអនុវត្តនៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ហើយត្រូវបានអូសបន្លាយក្នុងខែឧសភា សម្រាប់រយៈពេល ៣ខែទៀត។ ច្បាប់ស្តីពីច្បាប់អាជ្ញាសឹក និងការចល័តទូទៅក្នុងប្រទេសអ៊ុយក្រែន នឹងត្រូវផុតកំណត់នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ខាងមុខនេះ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner