លោក Elon Musk ចង់ទិញក្លឹបបាល់ទាត់បិសាចក្រហម Manchester United
ឡុងដ៍៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk ក្នុងថ្ងៃអង្គារសប្តាហ៍នេះ បាននិយាយថា រូបលោកមានបំណងចង់ទិញក្លឹបបាល់ទាត់បិសាចក្រហម Manchester United។
លោក Musk បានបង្ហោះសារនៅក្នុងបណ្តាញសង្គម Twitter យ៉ាងដូច្នេះថា ខ្ញុំកំពុងមានបំណងចង់ទិញក្លឹបបាល់ទាត់អង់គ្លេស Manchester United របស់អ្នក។ ស្របពេលជាមួយគ្នានេះដែរ អ្នកគាំទ្រមួយចំនួនបានជំរុញឱ្យលោក Musk ទិញក្លឹបបាល់ទាត់បិសាចក្រហម Manchester United ជំនួសឱ្យការទិញបណ្តាញសង្គម Twitter ខណៈដែលលោក Musk កំពុងព្យាយាមចាកចេញពីកិច្ចព្រមព្រៀងតម្លៃ ៤៤ពាន់លានដុល្លា។
គួរបញ្ជាក់ផងដែរថា Manchester United គឺជាក្លឹបបាល់ទាត់យក្សរបស់អង់គ្លេសដែលទទួលបានការគាំទ្រល្អបំផុតមួយរបស់ពិភពលោក។ ក្លឹបបាល់ទាត់នេះធ្លាប់ជាជើងឯករបស់អង់គ្លេសចំនួន ២០ដង និងបានឈ្នះពានរង្វាន់ European Cup ដែលជាការប្រកួតក្លឹបដ៏មានកិត្យានុភាពបំផុតក្នុងការប្រកួតពិភពលោកចំនួន ៣ដងផងដែរ៕ ប្រភព៖ Reuters ប្រែសម្រួល៖ ទីណា និងបុត្រា


