សម្តេចតេជោ ហ៊ុន សែន កោតសរសេីររដ្ឋមន្រ្តីការបរទេស និងឧត្តមមន្រ្តីកម្ពុជាទាំងអស់ ចំពោះភាពជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានានៅកម្ពុជា ទទួលបានជោគជ័យត្រចះត្រចង់ជាទីបំផុត
ភ្នំពេញ៖ នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រជាង ៦០០នាក់ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសដោយរីករាយ និងមានមោទនភាពបំផុត ចំពោះភាពជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានានៅកម្ពុជា កាលពីពេលកន្លងទៅ បានធ្វើឡើងជោគជ័យ ត្រចះត្រចង់ជាទីបំផុត ទាំងដំណើរការរៀបចំ,សន្តិសុខ សុវត្ថិភាព,បដិសណ្ឋារកិច្ច និងចេញសេចក្តីថ្លែងការណ៍រួម ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍កោតសរសេីររដ្ឋមន្រ្តីការបរទេស និងឧត្តមមន្រ្តីកម្ពុជាទាំងអស់ ដែលបានដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន បានដោយជោគជ័យ និងចេញសេចក្តីថ្លែងការណ៍រួម បានដោយរលូន ខណៈបញ្ហាពិភពលោក មានរឿងរ៉ាវជាច្រើន ដូចជា៖ នៅក្នុងតំបន់បញ្ហាមីយ៉ាន់ម៉ា សមុទ្រចិនខាងត្បូង បញ្ហាឧបទ្វីបនៅកូរ៉េ បញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងបញ្ហាដ៏ក្តៅបំផុត ដែលធ្វើឱ្យរញ្ជូនពិភពលោកខ្លាំងបំផុតនោះ គឺមន្រ្តីអាមេរិកទៅបំពេញទស្សនៈកិច្ច នៅកោះតៃវ៉ាន់។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ដែលបញ្ហាលំបាកទាំងនេះ បានធ្វើឱ្យខ្ញុំកោតសរសើរ ឯកឧត្តមប្រាក់ សុខុន រដ្ឋមន្រ្តីការបរ ទេស កម្ពុជា និងឧត្តមមន្រ្តីកម្ពុជា ដែលបានសម្របសម្រួល អញ្ជើញមន្រ្តីមិត្តភក្រ្តបរទេស អាចមកចូលរួមប្រជុំ ជាមួយគ្នាបាន ហើយមន្រ្តីប្រទេសនីមួយៗ អាចនិយាយជាមួយគ្នាបាន បើទោះបីជាប្រទេសនីមួយៗហ្នុះ មានបញ្ហាការទូតក៏ដោយ។ នេះជាលទ្ធផលល្អសម្រាប់កម្ពុជា ដែលជាមូលដ្ឋានទៅកិច្ចប្រជុំអាស៊ាន នៅខែវិច្ឆិការ និងកិច្ចប្រជុំពាក់ព័ន្ធនានា បានជោគជ័យដែរ នាពេលខាងមុខ ដោយចាប់ផ្តើមពីការប្រជុំដោយជោគជ័យ ចេញពីភ្នំពេញ ៕ ដោយ វណ្ណលុក





