សាខាកាកបាទក្រហម ចែកអំណោយអ្នកផ្ទុកមេរោគអេដស៍ចំនួន១៥គ្រួសារ នៅមង្គលបុរី
បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋផ្ទុកមេរោគអេដស៍និងមានជីវភាពទីទាល់ក្រចំនួន ១៥គ្រួសារក្នុងឃុំ បត់ត្រង់ ស្រុកមង្គរបូរីខេត្តបន្ទាយមានជ័យ ត្រូវបានសាខាកាកបាទក្រហមខេត្តដឹកនាំដោយឯកឧត្តម អ៊ុ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមនិងលោកជំទាវ អញ្ជើញចុះសាកសួរសុខទុក្ខនិងបាននាំយកនូវអំណោយមនុស្សធម៌ មកផ្ដល់ជូនដោយផ្ទាល់ដើម្បីជួយសម្រាលទុក្ខលំបាកបានមួយគ្រា នាព្រឹកថ្ងៃទី ១៧ខែសីហាឆ្នាំ២០២២។
ឯកឧត្តម អ៊ុ រាត្រី បានមានប្រសាសន៍ថា ការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ០១ ធ្នូ ដែលព្រះរាជាណាចក្រកម្ពុជាបានកំណត់ប្រធានបទ ទាំងអស់គ្នាចូលរួមជាចរន្តជាតិមួយ ក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ ជំងឺអេដស៍ ដែលប្រធានបទនេះបានកំណត់ឡើងមានគោលបំណងគូសបញ្ជាក់ ពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត ឈានទៅសម្រេចបានគោលដៅបញ្ចប់បញ្ហាអេដស៍នៅក្នុងព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ២០២៥ ។
ឯកឧត្តម អ៊ុ រាត្រី មានប្រសាសន៍បន្តថា ក្នុងចំណោមបងប្អូនដែលកំពុងផ្ទុកនូវមេរោគអេដស៍ សូមកុំមានការព្រួយបារម្ភព្រោះថាក្រុមគ្រូពេទ្យនៅតែបន្តផ្ដល់ថ្នាំ ពន្យារនិងផ្ដល់ឱសថប្រឆាំងមេរោគអេដស៍ និងសេវាថែទាំព្យាបាលជាប្រចាំដែលជាលទ្ធផលបានធ្វើអោយអត្រាមរណភាព ដោយសារជំងឺអេដស៍ធ្លាក់ចុះជារៀងរាល់ឆ្នាំ និងអត្រាចម្លងពីម្ដាយទៅកូននិងសន្ទស្សន៍នៃការរើសអើង មើលងាយអ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺអេដស៍មានការថយចុះខ្លាំងជាទីមោទនៈ។
ជាចុងក្រោយឯកឧត្តម អ៊ុ រាត្រី ក៏បានធ្វើការក្រើនរំលឹកដល់បងប្អូនទាំងអស់ទៅទទួលសេវាថែទាំ ពីមណ្ឌលសុខភាពឱ្យបានទៀងទាត់និងសូមជៀសវាងដាច់ខាតកុំចម្លងទៅអ្នកដទៃ និងកុំមានការខ្មាសអៀននឹងរើសអើងខ្លួនឯង ហើយត្រូវប្រញាប់រួសរាន់ទៅទទួលការប្រឹក្សានិងការព្យាបាលឱ្យបានទាន់ពេលវេលា ព្រមទាំងគោរពទៅតាមបញ្ជារបស់គ្រូពេទ្យ។ អំណោយដែលបានយកមកផ្ដល់ជូននាពេលនេះក្នុងមួយគ្រួសារៗទទួលបាន អង្ករចំនួន ២៥គីឡូក្រាម មីជាតិចំនួន ១កេស ត្រីខចំនួន ២យួរ ប្រេងឆាចំនួន ១ដប សាប៊ូម្សៅចំនួន ១ថង់ ប្រេងកូឡាចំនួន ១ប្រអប់ សារុងចំនួន ១ស្ករសចំនួន ១ថង់ អាវយឺតចំនួន ៥អាវ ជែលលាងដៃចំនួន ៤ដប ទឹកសុទ្ធចំនួន ២យួរ និងថវិកាបន្ថែមមួយចំនួន៕ដោយ៖ ឃិន គន្ធា






