សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ចំនួន ៦២៣នាក់
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុប ៦២៣នាក់ នៅព្រឹក ថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ។
និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ រួមមាន៖ ថ្នាក់បរិញ្ញាបត្ររងចំនួន ១១១នាក់ នារី ៧៩នាក់, ថ្នាក់បរិញ្ញាបត្រចំនួន ៤៤២នាក់ នារី ៣៤០នាក់ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៧០នាក់ នារី ១៧នាក់។ និស្សិតដែលទទួលសញ្ញាបត្រនេះ មាននិស្សិតផ្នែកវិទ្យាសាស្ត្រសុខាភិបាលចំនួន ៥៦៥នាក់ នារី ៤១៤នាក់ និងនិស្សិតផ្នែកទូទៅក្រៅពីវិទ្យាសាស្ត្រសុខាភិបាលចំនួន ៥៨នាក់ នារី ២២នាក់។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍កោតសរសើរដល់ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំគ្រប់រូប សាស្ត្រាចារ្យ និងបុគ្គលិកទាំងអស់ នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ដែលបានប្រឹងប្រែងបណ្តុះបណ្តាលសិស្សនិស្សិតប្រកបដោយភាពជោគជ័យ និងជម្នះបាននូវវិបត្តិនៃជំងឺកូវីដ-១៩ ដែលអាចឱ្យសាលានៅតែដំណើរការបានជាធម្មតា។ សម្តេចតេជោ ក៏បានណែនាំឱ្យគ្រឹះស្ថានសិក្សា យកចិត្តទុកដាក់ពង្រឹងគុណភាពអប់រំ មិនអាចមានតែសញ្ញាបត្រគ្មានចំណេះ និងជំនាញនោះទេ គ្រឹះស្ថានសិក្សាមិនមានគុណភាព នឹងដួលរលំ ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា វិបត្តិនៃជំងឺកូវីដ-១៩ ក៏បានបង្កើតនូវកាលានុវត្តន៍ភាពនៃការប្រើប្រាស់ប្រព័ន្ធឌីជីថល ជាពិសេសក្នុងវិស័យអប់រំ ពោលគឺនៅពេលដែលកម្ពុជាជួបនូវវិបត្តិកូវីដ-១៩នោះ សាលាបានធ្វើការបណ្ដុះបណ្ដាលសិស្សនិស្សិតតាមរយៈការសិក្សាតាមប្រព័ន្ធអនឡាញ។ សម្តេច ថ្លែងថា ការចាក់ស្រោចវ៉ាក់សាំងនៅទូទាំងប្រទេសក្នុងអត្រាខ្ពស់នេះ គឺបានធ្វើឱ្យមានភាពសាំ និងទប់ស្កាត់បានការឆ្លងរាតត្បាតនៃជំងឺនេះបន្ថែមទៀត។
ថ្លែងពាក់ព័ន្ធនឹងបញ្ហាអ៊ីនធឺណិតនៅកម្ពុជា សម្តេចតេជោ បានមានប្រសាសន៍ថា ការផ្តាច់មុខអ៊ីនធើណេតនៅតាមបុរី ជាការខុសឆ្គងនឹងច្បាប់ប្រកួតប្រជែងនៅកម្ពុជា។ ជាមួយនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យបញ្ចប់កុងត្រាផ្ដាច់មុខរវាងក្រុមហ៊ុនសេវាទូរស័ព្ទ និងសេវាអ៊ិនធើណែត ជាមួយក្រុមហ៊ុនបុរី ដែលបានបង្កផលលំបាកយ៉ាងខ្លាំងក្នុងការរស់នៅប្រចាំថ្ងៃដោយសារបញ្ហា មិនមានសេវាទូរស័ព្ទ និង អ៊ិនធើណែតក្នុងបុរី។ សម្ដេច បានបញ្ជាក់ថា ការងារនេះ ត្រូវធ្វើឡើងតាមរយៈការប្រកួតប្រជែងរវាងក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទ និងអ៊ិនធើណែត ដើម្បីសម្រួលដល់ការប្រើប្រាស់អ្នករស់នៅក្នុងបុរី ។ សម្តេច ក៏បានណែនាំឱ្យក្រុមហ៊ុនទូរស័ព្ទនានា ប្រញាប់តបណ្តាញសេវានៅតាមបុរី ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបុរី បានទទួលសេវាទូរសព្ទគ្រប់គ្រាន់។
ទាក់ទងទៅនឹងបញ្ហាកម្មករដែលមានការតវ៉ាកន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា មិនមែនបោះបង់ចោលរឿងការទាមទាររបស់កម្មករ ឬសហជីព ដែលទាមទារនូវភាពត្រឹមត្រូវនោះទេ។ សម្តេចតេជោ ក៏បានណែនាំឱ្យក្រសួងការងារខិតខំប្រឹងប្រែងដោះស្រាយលើវិវាទការងារជាមួយកម្មករតាមបណ្តារោងចក្រនានា។ សម្តេចតេជោបានណែនាំឱ្យរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយវិវាទរវាងកម្មករ និងរោងចក្រមួយ ដោយយកថវិកាជាតិ ទូទាត់ប្រាក់បំណាច់ការងារនោះអោយបានឆាប់។
ជាថ្មីម្ដងទៀត សម្តេចតេជោ បានថ្លែងថា ការដាំដើមឈើឡើងវិញនៅភ្នំតាម៉ៅ មិនមែនដាំគ្រាន់តែបង្ហោះហ្វេសប៊ុកទេ គឺត្រូវដាំឱ្យវាដុះ និងមានក្បួនខ្នាត។ សម្តេច បានបញ្ជាក់ថា ទាំងសួនសត្វ និងព្រៃនៅតំបន់ភ្នំតាម៉ៅទាំងមូល ត្រូវកំណត់ជាតំបន់អភិរក្ស ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម។ សម្តេចក៏បានណែនាំរដ្ឋមន្ត្រីកសិកម្មឱ្យរកប្រភពទឹកដើម្បីស្រោចស្រង់កូនឈើដាំឡើងវិញនៅរដូវប្រាំងផងដែរ។ សម្ដេចថា ភ្នំតាម៉ៅ នឹងមិនមែនគ្រាន់តែយកទៅដាំនោះទេ ត្រូវដាំឱ្យត្រូវខ្នាត និងមើលការថែទាំទៀត។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ភ្នំតាម៉ៅ នឹងប្រែជាឧទ្យានព្រៃឈើ តំបន់អភិរក្ស។ សម្តេច បានបញ្ជាក់ថា បញ្ហាការដាំវាមិនលំបាកទេ តែបញ្ហាដាំបានត្រូវធ្វើដីឱ្យវាស្រួល សំអាតដីឱ្យស្អាតទើប យើងត្រូវប្រើគ្រឿងចក្រ ១១៣ គ្រឿង ប្រើកម្លាំងជាង ១ ពាន់នាក់ បញ្ជាដោយឧត្តមសេនីយ ហ៊ីង ប៊ុនហៀង ឈើយើងដាំសុទ្ធតែបេង ធ្នុង និងនាងនួន ដោយសុទ្ធតែឈើប្រណិតៗ ។
នៅក្នុងឱកាសនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ជំហរ របស់សម្ដេចចំពោះអ្នកវិនិយោគថា មិនថាក្រុមហ៊ុនតូច ឬធំនោះទេ ឱ្យតែមកដាក់វិនិយោគនៅកម្ពុជាមុន គឺសម្ដេចធានានូវអាទិភាព ចំពោះក្រុមហ៊ុននោះតែម្ដង។ សម្ដេច បានបង្ហើបថា មានក្រុមហ៊ុនធំមួយគ្រោងមកដាក់ទុនវិនិយោគនៅកម្ពុជា ដោយឱ្យរដ្ឋាភិបាលកម្ពុជា លុបសន្យាជាមួយក្រុមហ៊ុនមួយដែលបានមកមុនឱ្យសិទ្ធិទៅក្រុមហ៊ុនខ្លួនវិញ ។ សម្ដេច ថា សម្ដេចមិនអាចធ្វើបាន។ សម្ដេចបានឱ្យជាគតិមួយទៅក្រុមហ៊ុននោះវិញថា៖ បើក្រុមហ៊ុនដែលខ្ញុំ ឱ្យសិទ្ធិគេហើយដកបាន ថ្ងៃក្រោយខ្ញុំក៏បំពានសិទ្ធិអ្នកឯងដែរ។ សម្ដេចថា ក្រុមហ៊ុននោះបានទទួលគោរពចំពោះសម្ដេចលើជំហរ មួយនេះ ។
ពាក់ព័ន្ធនឹងបញ្ហាដីធ្លីនៅខេត្តព្រះសីហនុ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាឱ្យឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ស្រាវជ្រាវ វែកមុខរកមេក្ខោង ដែលកាប់ទន្ទ្រានយកដីរដ្ឋ នៅខេត្តព្រះសីហនុ ហើយនាំគ្នាតវ៉ា ដោយពាក់អាវ និងមួកគណបក្សប្រជាជនកម្ពុជា ប្រឆាំងនឹងការបង្ក្រាបរបស់អាជ្ញាធរ។ ជាមួយគ្នានេះដែរ សម្ដេច បានប្រាប់ឱ្យមេខ្លោងទន្ទ្រានដីរដ្ឋម្នាក់ដែលកំពុងរត់គេចខ្លួននេះ ឱ្យចូលខ្លួនទៅសារភាពកំហុស។ សម្ដេចតេជោ បានបញ្ជាបែបនេះក្រោយពីបានទទួលព័ត៌មានមួយដែលមេខ្លោងរូបនេះបានពាក់អាវគណបក្សប្រជាជនស្នើសុំដល់សម្ដេចឱ្យជួយដោះស្រាយ ដែលសម្ដេចបានផ្ញើទៅសួរអភិបាលខេត្តព្រះសីហនុ និងទទួលបានការឆ្លើយតបថាជនរូបនោះគឺជាមេខ្លោងទន្ទ្រានដីរដ្ឋម្នាក់នៅក្នុងខេត្ត និងកំពុងរត់គេចពីការចាប់ខ្លួន។ សម្ដេចបានបញ្ជាក់ទៀតថា ប្រសិនជាជនរូបនេះចូលសារភាពកំហុស អាជ្ញាធរនឹងមិនចាប់ឃុំខ្លួននោះទេ។
ពាក់ព័ន្ធទៅនឹងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន សម្តេចតេជោពិតជារីករាយណាស់ សម្រាប់ការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធកាលពីដើមខែសីហា ដែលទទួលបាននូវភាពជោគជ័យ។ សម្តេចតេជោ បានថ្លែងអំណរគុណដល់អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ សម្រាប់កិច្ចប្រឹងប្រែងក្នុងការរៀបចំសម្របសម្រួលកិច្ចប្រជុំនេះ។
សម្តេចតេជោ បានកោតសរសើរដល់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឧត្តមមន្ត្រីទាំងអស់ ដែលបានប្រឹងប្រែងសម្របសម្រួល និងឈានទៅចេញសេចក្តីថ្លែងការណ៍នានា ខណៈពិភពលោកចាក់ស្រេះទៅដោយបញ្ហានោះ។
មុននឹងបញ្ចប់ សម្ដេចតេជោ ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាបន្តទៀត ជាពិសេស អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងដូសមូលដ្ឋានត្រូវបន្តទៅចាក់ ហើយអ្នកដែលត្រូវចាក់ដូសជំរុញត្រូវបន្តចាក់ដូសជំរុញ និងជូនពរអោយបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា៕ ដោយ វណ្ណលុក










