ប្រមុខការពារជាតិចិន៖ ចិនប្រឆាំងទណ្ឌកម្មលោកខាងលិច ហើយវាយតម្លៃវិបត្តិអ៊ុយក្រែនដោយឯករាជ្យ
ប៉េកាំង៖ រដ្ឋមន្ត្រីការពារជាតិចិនលោក វៃ ហ្វេង នៅថ្ងៃអង្គារសប្តាហ៍នេះថ្លែងថា ប្រទេសរបស់លោកប្តេជ្ញាគោរពតាមគោលជំហរឯករាជ្យជុំវិញសង្គ្រាមនៅអ៊ុយក្រែន ហើយប្រឆាំងនឹងការដាក់ទណ្ឌកម្មឯកតោភាគី ដែលដាក់ដោយប្រទេសលោកខាងលិចប្រឆាំងនឹងប្រទេសរុស្ស៊ី។
នៅក្នុងសុន្ទរកថាតាមវីដេអូទៅកាន់អ្នកចូលរួមក្នុងសន្និសិទទីក្រុងម៉ូស្គូ លើកទី១០ ស្តីពីសន្តិសុខអន្តរជាតិ លោក ហ្វេង បានបញ្ជាក់យ៉ាងដូច្នេះថា ប្រទេសចិនបានប្រកាន់ខ្ជាប់នូវគោលជំហរឯករាជ្យទៅលើបញ្ហាអ៊ុយក្រែន ។ យើងកំពុងលើកកម្ពស់ដំណើរការនៃការចរចារដែលមានគោលបំណងស្តារសន្តិភាពឡើងវិញ ហើយប្រទេសយើងប្រឆាំងនឹងទណ្ឌកម្មឯកតោភាគីដោយលោកខាងលិចប្រឆាំងនឹងរុស្ស៊ី។
លោក ហ្វេង បន្ថែមថា ដូចដែលលោកបានបញ្ជាក់ច្បាស់លាស់ ប្រទេសចិនមានបំណងពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសអឺរ៉ុប រួមទាំងផ្នែកសន្តិសុខក្នុងតំបន់ផងដែរ លោកថា ចិនតែងតែតស៊ូមតិក្នុងការសន្ទនាដោយសន្តិវិធី ហើយយើងផ្តល់ដំណោះស្រាយផ្ទាល់ខ្លួន។
ប្រមុខការពារជាតិចិនរូបនេះបានសង្កត់ធ្ងន់ទៀតថា យើងកំពុងខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីកាត់បន្ថយការកើនឡើងនៃជម្លោះនៅអ៊ុយក្រែន ដើម្បីជាប្រយោជន៍ដល់ស្ថិរភាពស្ថានភាពអន្តរជាតិ លោកថា គ្រប់ភាគីពាក់ព័ន្ធត្រូវទទួលខុសត្រូវក្នុងការដោះស្រាយវិបត្តិអ៊ុយក្រែន ហើយចិនក៏នឹងបន្តដើរតួនាទីស្ថាបនារបស់ខ្លួនក្នុងការធ្វើដូច្នេះដែរ៕ ប្រភព៖ Tass ប្រែសម្រួល៖ ទីណា និងបុត្រា




