មេដឹកនាំយោធាមីយ៉ាន់ម៉ា៖ កិច្ចព្រមព្រៀង AUKUS បានគំរាមកំហែងដល់ការរួបរួមនៃប្លុកអាស៊ាន

ណៃពិដោ៖ នាយករដ្ឋមន្ត្រីមីយ៉ាន់ម៉ាលោក មីន អោងឡាំង បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា សម្ព័ន្ធភាពយោធារវាងអូស្ត្រាលី អង់គ្លេស និងសហរដ្ឋអាមេរិក ដែលហៅកាត់ថា (AUKUS) បានគំរាមកំហែងដល់ការរួបរួមនៃរដ្ឋសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

លោក មីន អោងឡាំង បានថ្លែងនៅក្នុងសុន្ទរកថា តាមប្រព័ន្ធវីដេអូទៅកាន់អ្នកចូលរួមក្នុងសន្និសីទទីក្រុងម៉ូស្គូ លើកទី១០ ស្តីពីសន្តិសុខអន្តរជាតិថា កិច្ចសន្ទនាសន្តិសុខចតុភាគី ក្វាដ (Quad) និងសម្ព័ន្ធភាពត្រីភាគី (AUKUS) បានឈានដល់កម្រិតនៃឥទ្ធិពលលើតំបន់អាស៊ី-ប៉ាស៊ីហ្វិកទាំងមូល ជាមួយនឹងទំនោរនៃការជ្រៀតជ្រែកក្នុងបញ្ហាសន្តិសុខក្នុងតំបន់។ សកម្មភាពនេះអាចប៉ះពាល់ដល់ភាពសុខដុមរមនា នៃប្រទេសសមាជិកអាស៊ាន។

ទន្ទឹមគ្នា លោកក៏បានសម្តែងការព្រួយបារម្ភចំពោះការប៉ុនប៉ងរបស់អូស្ត្រាលី ក្នុងការប្រើយន្តការ AUKUS ដើម្បីបង្កើតកងនាវាមុជទឹកនុយក្លេអ៊ែរ ដែលតាមគំនិតរបស់គាត់អាចប៉ះពាល់ដល់ការអភិរក្សតំបន់គ្មាននុយក្លេអ៊ែរ។

សូមរម្លឹកថា នៅឆ្នាំ២០២១ អូស្ត្រាលី អង់គ្លេស និងសហរដ្ឋអាមេរិកបានប្រកាសបង្កើតកតិកាសញ្ញាសន្តិសុខថ្មីមួយដែលហៅកាត់ថា AUKUS។

ជាពិសេសអូស្ត្រាលីមានបំណងប្រើប្រាស់បច្ចេកវិទ្យារបស់អាមេរិក ដើម្បីបង្កើតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរយ៉ាងហោចណាស់ចំនួន ៨ គ្រឿង ដែលនាវាទីមួយនឹងដំណើរការនៅឆ្នាំ២០៣៦ ក៏ដូចជាបំពាក់កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ជាមួយនឹងមីស៊ីលបញ្ជាទិសដែលផលិតដោយសហរដ្ឋអាមេរិកផងដែរ៕ ប្រភព៖ Tass ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner