លោក Elon Musk ប្រកាសចង់ទិញក្លឹប Manchester United
លោក Elon Musk ដែលជាម្ចាស់ក្រុមហ៊ុន Tesla, Space X បានបង្ហោះសារលើបណ្ដាញសង្គមថា លោកកំពុងចង់ទិញក្លឹបបាល់ទាត់ Manchester United ។ ស្របពេលដែលអ្នកមានជាងគេលើលោក វ័យ៥១ឆ្នាំដែលជាម្ចាស់ក្រុមហ៊ុន Tesla, Space X និងមានទ្រព្យ២៦៥ពាន់លានដុល្លារ ធ្លាប់ត្រូវបានអ្នកគាំទ្រជំរុញឲ្យទិញក្លឹបបិសាចក្រហមកាលពីដើមឆ្នាំនេះ។
ការបង្ហោះសារលើបណ្ដាញសង្គម Twitter កាលពយប់មិញ Musk បានសរសេរថា៖ “ខ្ញុំកំពុងចង់ទិញក្លឹប Manchester United “។ សារមួយនេះ បានធ្វើអោយមានការភ្ញាក់ផ្អើលជាខ្លាំង ក្នុងបណ្ដាញសង្គមខាងលើ ដោយមានអ្នកបញ្ចេញមតិនិង Like រាប់ម៉ឺន។ ក្លឹបបិសាចក្រហម Man Utd កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់គ្រួសារសេដ្ឋីអាមេរិក Glazer ប៉ុន្តែអ្នកគាំទ្របានប្រឆាំងតវ៉ានឹងម្ចាស់ក្លឹបនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលដែលក្រុមកំពុងលេងធ្លាក់ទម្រង់ខ្លាំង។ ដោយ២ប្រកួតដើមរដូវកាល ចាញ់ទាំង២ គឺចាញ់ Brighton 2:1 , ចាញ់ Brentford 4:0 ។
គួរបញ្ជាក់ថា លោក Elon Musk វ័យ៥១ឆ្នាំ ដែលជាម្ចាស់ក្រុមហ៊ុន Tesla, Space X និងមានទ្រព្យ២៦៥ពាន់លានដុល្លារ មានជាងគេលើលោក ។ ហើយកាលពីថ្មីនេះ លោក បានចំណាយ៤១ពាន់លានដុល្លារទិញយក Twitter កាលពីខែមេសាកន្លងទៅ ៕ ចាន់ វិចិត្រ




