ក្រុមហ៊ុនស៊ីងបាយអូថេកបានចូលរួមចំណែកធ្វើផ្លូវពីខេត្តមួយទៅខេត្តមួយ និងនៅក្នុងមូលដ្ឋានសំរាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋធ្វើដំណើរបានជាង ១០០គីឡូម៉ែត្រ
ខេត្តក្រចេះ៖ តាមរយៈការវិនិយោគចម្ការឈើដាំរបស់ក្រុមហ៊ុនស៊ីងបាយអូថេក (Think Bio-Tech) នៅក្នុងស្រុកសំបូរ ខេត្តក្រចេះ និងមួយផ្នែកទៀតជាប់ខេត្តស្ទឹងត្រែង ក្រុមហ៊ុនបានរួមចំណែកយ៉ាងច្រើនទៅលើការអភិវឌ្ឍន៍ផ្លូវគមនាគមន៍ ពីខេត្តមួយទៅមួយ និងនៅក្នុងមូលដ្ឋាន បានប្រមានជាង ១០០គីឡូម៉ែត្រហើយ សំរាប់ជាប្រយោជន៍ដល់ការធ្វើដំណើរក៏ដូចជាដឹកទំនិញគ្រប់ប្រភេទចេញចូល ។ នេះបើតាមការបញ្ជាក់ពី លោក សាន សុខហៀង តំណាងក្រុមហ៊ុនស៊ីងបាយអូថេក បានបញ្ជាក់ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ នៅក្នុងកំឡុងពេល ធ្វើបទបង្ហាញដល់ មន្រ្តីអាជ្ញាធរដែនដីនិងប្រជាពលរដ្ឋជិត ១០០នាក់មកពី ៤ខេត្តធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីចម្ការឈើដាំរបស់ក្រុមហ៊ុនស៊ីងបាយអូថេក ក្នុងខេត្តក្រចេះ។
លោក សាន សុខហៀង ក៏បានរំលឹកផងដែរថា ចាប់តាំងពីលោកមកធ្វើការនៅក្នុងតំបន់នេះពោលគឺនៅក្នុងកំឡុងឆ្នាំ១៩៩៩ មក ជីវភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះមានការលំបាក ការធ្វើដំណើរមកទីនេះគឺលំបាកខ្លាំង និងត្រូវជិះទូកជាដើម តែឥឡូវនេះបន្ទាប់ពីក្រុមហ៊ុនក៏បានចូលរួមចំណែកនៅក្នុងការធ្វើផ្លូវ ធ្វើស្ពានឆ្លង និងជួយការងារសង្គមដូចជាជួយសាងសង់វត្តអារាមបានមួយចំនួន និងបានបង្កើតការងារធ្វើជាច្រើននៅកន្លែងនេះ ដែលធ្វើអោយជីវភាពប្រជាពលរដ្ឋមានភាពកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដោយមិនចាំបាច់ំណាកស្រុកទៅធ្វើការនៅខេត្ត ឆ្ងាយៗពីផ្ទះ។
លោក បួយ រតនា នាយផ្នែករដ្ឋបាលព្រៃឈើព្រែកប្រសប់ ដែលជាមន្រ្តីកំពុងបំរើការងារនៅក្នងតំបន់ចម្ការឈើដាំនេះតែម្តង បានលើកឡើងថា នៅមុនមិនទានន់មានក្រុមហ៊ុនអភិវឌ្ឍន៍នៅទីនេះពីបាកធ្វើដំណើរនិងមានផ្លុវហើយពីបាកជិះ តែក្រោយពីក្រុមហ៊ុនស៊ីងបាយអូថេក មកធ្វើការអភិវឌ្ឍន៍គឺផ្លូវខ្វាត់ខ្វែង។ លោកបន្ថែមថា សូម្បីតែផ្លូវឃុំដែលខូច ស្នើរទៅក្រុមហ៊ុន គឺក្រុមហ៊ុនតែងតែជួយជានិច្ច ដែលទាំងអស់នេះហើយធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធរបស់ភូមិ ឃុំ គឺមានការរីកចំរើនទៅតាមនេះដែរ។
លោក ហ៊ុល សឿង មេឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ បានឱ្យដឹងថា ការវិនិយោគនៅក្នុងមូលដ្ឋាននេះគឺមានលក្ខណៈល្អប្រសើ ដោយសារក្រុមហ៊ុនបានរួមចំណែកនៅក្នុងការធ្វើស្ពានធ្វើលូ និងផ្ឡូវ ដែលបានបង្កភាពងាយស្រួលនៅក្នុងការធ្វើដំណើរទាំងឆ្លងកាត់ក្នុងចម្ការឈើដាំ ក៏ដូចជានៅក្នុងភូមិ ឃុំ ។ លោកបានបន្ថែមថា ក្រៅពីនេះផងដែរ ក្រុមហ៊ុន ក៏បានចូលរួមចំណែកនៅក្នុងការផ្តល់ជាថវិការដល់អាជ្ញាធរមូលដ្ឋាននៅឥឥក្នុងការជួសជុលផ្លូវដែលជន់លេចដោយសារទឹកភ្លៀង។
ពាក់ព័ន្ធទៅនឹងតម្រូវការកម្លាំងពលកម្មនៅក្នុងក្រុមហ៊ុន លោក សាន សុខហៀង តំណាងក្រុមហ៊ុន ស៊ីងបាយអូថេក បានគូសបញ្ជាក់ថា ក្នុងទំហំដីជាង ១០០០០ហិកតា ក្រុមហ៊ុនត្រូវការកម្លាំង ពលកម្មប្រមាណ ៥០០០នាក់ ដោយលោកបានថ្លែងថា ការបង្កើតចម្ការឈើដាំ គឺបាន ចូលរួមពង្រឹង ការអភិរក្សធនធានធម្មជាតិ ដែលកម្ពុជាមាននាពេលបច្ចុប្បន្ន ដែរ។
គួររំលឹកថា ការវិនិយោគចម្ការឈើដាំនេះ ក្រុមហ៊ុន ស៊ីង បាយអូថេក (ខេមបូឌា) ទទួលបានសិទ្ធិ ប្រើប្រាស់ដីព្រៃរបស់រដ្ឋ សម្រាប់ដាំឈើជាលក្ខណៈឧស្សាហកម្ម ក្រោមកិច្ចសហការជាមួយរដ្ឋបាលព្រៃឈើ ក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទតាមរយៈលិខិតលេខ ៩៩៩ សជណ.កស ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ ២០១១ របស់ទីស្តីការគណៈរដ្ឋមន្រ្តីលើផ្ទៃដីសរុបទំហំ ៣៤ ០០៧ ហិកតា នៅលើដី របស់ស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបឹងចារ ស្ថិតនៅក្នុងខេត្តក្រចេះ និងស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០១៩ ក្រោយពីមានការផ្ទេរការទទួលខុសត្រូវពីក្រុមហ៊ុនកូរ៉េមក ក្រុមហ៊ុនស៊ីង បាយអូថេក (ខេមបូឌា) បានដាំចម្ការឈើប្រភេទឈើប្រេងខ្យល់បានចំនួនជាង ១២០០០ ហិកតាដែលស្មើនឹងប្រមាណជាង ១៣ លានដើម ៕ ង៉ាន់ ទិត្យ








