ភ្នំ១៥០០ គឺជាទីកន្លែងទេសចរណ៍បែបធម្មជាតិ និងទីកន្លែងកម្សាន្តលើភ្នំដ៏ស្រស់ត្រកាល

ខេត្តពោធិ៍សាត់ ៖ ភ្នំ១៥០០ស្ថិតនៅស្រុកវាលវែង កំពុងបានក្លាយជាគោលដៅ ទេសចរណ៍ចំបងរបស់ខេត្តពោធិ៍សាត់ ។ តំបន់ទេសចរណ៍ដ៏ស្រស់ត្រកាលបែបធម្មជាតិស្ថិតនៅភាគខាងលិចនៃប្រទេសកម្ពុជា មួយកន្លែងនេះកំពុងត្រូវបានក្លាយជាទីទាក់ទាញភ្ញៀវទេសចរណ៍ពីទីជិតឆ្ងាយឱ្យចូលកម្សាន្តឥតដាច់ជារៀងរាល់ថ្ងៃ ។

កាលបើធ្វើដំណើរទៅកាន់ភ្នំ១៥០០ គេអាចធ្វើដំណើរទៅកាន់ទីនោះតែម្តងក៏បាន ឬបើចេញដំណើរពីរង្វង់មូលប្រមោយទៅ មានចម្ងាយប្រមាណជាង ៣០គីឡូម៉ែត្រនឹងទៅដល់ភ្នំដែលមានទេសភាពដ៏ស្រស់ត្រកាលមួយនេះហើយ។

ក្នុងដំណើរទៅកាន់លើភ្នំនៃតំបន់ទេសចរណ៍មួយនេះ ភ្ញៀវទេសចរនឹងបានឆ្លងកាត់ផ្លូវបត់បែន និងពន់ពេន ដែលមានសភាពដូច ផ្លូវអន្ទង់អាំង ដើម្បីឡើងទៅលើកំពូលភ្នំ។នៅពេលធ្វើដំណើរចាប់ពីពាក់កណ្តាលភ្នំទៅអ្នកទេសចរខ្លះគេឃើញបានឈប់រថយន្ត ដើម្បីថតផ្តិតយក ទិដ្ឋភាពនៃទស្សនីយភាពពីលើភ្នំនិងព្រមទាំងស្រូបយកខ្យល់អាកាសយ៉ាងសប្បាយរីករាយ។អមជាមួយនឹង ទេសភាពព្រៃភ្នំ ទឹកអូរហូរធ្លាក់តាមជ្រលងភ្នំ វាលស្មៅស្រស់ត្រកាលពីលើភ្នំនិងផ្លូវបត់បែនពិតជាធ្វើឱ្យអ្នកទេសចរអត់ទ្រាំនឹងថតផ្តិតយករូបភាពទាំងនេះមកកាន់លំនៅដ្ឋានរបស់ខ្លួនសម្រាប់ទុកជាអនុវស្សាវរីយ៍គ្រប់ៗគ្នាមិនដែលខាន។

យូរៗម្តងគេបានលឺសម្លេងបក្សាបក្សីយំឆ្លើយឆ្លង និងក្រៅពីនេះគេអាចស្តាប់លឺនូវសត្វស្វា សត្វទោចយំឆ្លើយឆ្លង ហើយបើបានស្តាប់ញាំងឱ្យកើតក្តីសប្បាយរីករាយ ព្រមជាមួយផងដែរ។

គួរបញ្ជាក់ថា តំបន់ភ្នំ១៥០០នេះអ្នកទេសចរនៅពេលទៅដល់ទីកន្លែងនេះហើយ តែងមិនភ្លេចចូលលេងនៅតំបន់សំខាន់ៗជាច្រើនដូចជា៖ផ្ទះលម្ហែបងបារាំងដែលជាទីកន្លែងសំរាកលំហែកាយបែបផ្ទះបឹងកាឡូ,ភ្នំកាហ្វេ ជាទីកន្លែងដែលមានទេសភាពព័ទ្ធជុំវិញទៅដោយភ្នំ និង មានទឹកជ្រោះហូរកាត់ នៅខាងក្រោយហាងកាហ្វេតែម្ដង , រីសតបុប្ផាលាក់ខ្លួន មានសេវាកម្មច្រើនមុខ ថែមទាំងមានទីតាំង អាចឱ្យអ្នកដំណើរបោះតង់សម្រាកពេលយប់ជាដើម។

បើយោងតាមឯកសារស្រាវជ្រាវវិញបានឱ្យដឹងថា ប្រវត្តិឈ្មោះភ្នំ១៥០០ គឺហៅតាមផែនទីភូមិសាស្រ្ត របស់ទាហាន កាលពី សង្គ្រាមជាមួយខ្មែរក្រហម គឺហៅតាមការកំណត់កំពស់ភ្នំ ធៀបជាមួយនីវ៉ូទឹកសមុទ្រតែកំពស់ពិត មិនមែន១៥០០ម៉ែត្រទេ គឺ១៦០០ម៉ែត្រ ហើយត្រង់ចំនុចផ្លូវអន្ទង់អាំងមានកំពស់ប្រមាណតែ ៩០០ម៉ែត្រប៉ុណ្ណោះ ។ ផ្លូវមួយកន្លែងនេះបានក្លាយជាយុទ្ធសាស្រ្តសំខាន់ទាំងទេសចរណ៍និងពាណិជ្ជកម្ម បន្ទាប់ពីការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ៥៥ ដែលមានប្រវែងជាង ១៧០គីឡូម៉ែត្រ ដែលបានភ្ជាប់និងបំបែកពីផ្លូវជាតិលេខ៥ ទៅកាន់ច្រកព្រំដែនថ្មដា កម្ពុជា-ថៃ រួចមក ៕ ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner