អភិបាលខេត្តបាត់ដំបង ចុះពិនិត្យទីតាំងអាងភាសស្រុកឯកភ្នំ ក្រោយពីមានការញុះញង់បង្កការតវ៉ា ពាក់ព័ន្ធនិងការស្តារដីបាតអាងដែលគោករាក់ ដើម្បីរក្សានិងតម្កល់ស្តុកទឹកក្នុងអាង នារដូវវស្សា សម្រាប់ជាប្រយោជន៍ ផ្តល់ការស្រោចស្រពស្រែប្រាំងជាង ៥ពាន់ហិកតា

ខេត្តបាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង រួមនិងថ្នាក់ដឹកនាំមន្ទីរជំនាញ ជាពិសេសមន្ទីរធនធានទឹកខេត្ត លោកអភិបាលស្រុកឯកភ្នំ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមូលដ្ឋានផ្ទាល់ ប្រធានសហគមន៍ប្រើប្រាស់ទឹកអាងភាស ស្ថិតក្នុងភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ រួមនិងប្រជាលរដ្ឋ ដែលកំពុងតែធ្វើស្រែក្នុងអាងភាស ក្នុងចំណោមប្រជាពលរដ្ឋ២៣គ្រួសារដែលកំពុងតែដាំដុះដំណាំស្រូវ និងអាស្រ័យផលពិតប្រាកដក្នុងអាងផ្ទាល់ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ក្រោយពីមានករណីបង្កការញុះញង់រារាំងមិនឲ្យអាជ្ញាធរខេត្ត-ស្រុកនិងមន្ទីរជំនាញ ធ្វើការស្តារដីបាតអាង ដែលគោករាក់ ខកខានមិនបានស្តារជាច្រើនឆ្នាំកន្លងមកនេះ ហើយផ្នែកខ្លះក្នុងផ្ទៃអាងត្រូវក៏បានប្រជាពលរដ្ឋ ចូលទៅដាំដុះដំណាំស្រូវក្នុងផ្ទៃបាតអាងជាបន្តបន្ទាប់សរុបចំនួន ៣១ហិកតា ក្នុងចំណោម ២៣គ្រួសារ ហើយបងប្អូនទាំង ២៣គ្រួសារនេះ ក៏មានឈ្មោះក្នុងបញ្ជីចុះស្រង់ទិន្នន័យកន្លងមក របស់ក្រុមការងារថ្នាក់ស្រុក-ខេត្ត និងមន្ទីរជំនាញ ដែលបានចុះកំណត់អត្តសញ្ញាណបងប្អូនដែលបានកាន់កាប់ធ្វើស្រែក្នុងអាងរហូតមក ជាយូរផងដែរ ។

បាតុភាពដែលបង្កការញុះញង់កើតឡើងថ្មីៗនេះ តាមរយៈមេក្លោងបង្កហេតុ ២-៣នាក់ បានញុះញង់ប្រជាពលរដ្ឋពីតំបន់ផ្សេងនិងប្រមែប្រមូលគ្នីគ្នាប្រមាណជា ៥០-៦០នាក់ ធ្វើសកម្មភាពស្រែកតវ៉ានៅលើអាង។ បើទោះបីអាជ្ញាធរក្នុងមូលដ្ឋានធ្វើការពន្យល់ក៏មិនព្រមស្តាប់។ដោយសំអាងថា៖ពួកគេបានធ្វើស្រែនៅទីនេះយូរឆ្នាំមកហើយ។ហើយបានអះអាងថាខ្លួនជាតំណាងប្រជាពលរដ្ឋរាប់រយគ្រួសារ រស់នៅជុំវិញទីនេះ និងបានធ្វើស្រែអាស្រ័យផលនៅទីនេះ ជាច្រើនឆ្នាំផងដែរ។

ដោយទទួលបានបទបញ្ជាពីសម្តេចតេជោ ហ៊ុន សែន ឯកឧត្តម សុខ លូ បានដឹកនាំ មន្ត្រីជំនាញ ដើម្បីសាកសួរស្វែងរកការពិត បានរកឃើញថាបងប្អូនប្រជាកសិករ ដែលបាននិងកំពុងតែធ្វើស្រែក្នុងអាងភាស ពិតប្រាកដ គឺមានតែ២៣គ្រួសារប៊ុណ្ណោះ ដែលបាននិងកំពុងធ្វើស្រែក្នុងអាង មិនដូចការអះអាងរបស់មេខ្យល់ញុះញង់ឡើយ។ ឯកឧត្តម សុខលូ បញ្ជាក់ទៀតថា ដោយគោរពអនុវត្តបទបញ្ជារបស់សម្តេចតេជោ ឯកឧត្តមបានចុះមកពិនិត្យផ្ទាល់និងជួបជាមួយបងប្អូនទាំងនោះ ដោយឯកឧត្តម បានបញ្ជាក់ទៅកាន់បងប្អូន ប្រជាពលរដ្ឋដែលបានមកបំភ្លឺ នូវជុំវិញករណី រឿងរ៉ាវកើតឡើងខាងលើថា “ផលប្រយោជន៍រាស្ត្រ ត្រូវតែការពារ “មិនឲ្យបាត់បង់ផលប្រយោជន៍របស់ប្អូនឡើយ។ តែទ្រព្យសម្បត្តិរដ្ឋនិងផលប្រយោជន៍រួម ដែលជាប្រយោជន៍រដ្ឋ ក៏ត្រូវតែរក្សាដែរ គឺមិនអាចលើកលែងដល់ជនខិលខូចណាមួយដែលដើរបង្កការញុះញង់ ចង់បំផ្លាញទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ តាមតែទង្វើទុច្ចរិតរបស់ បុគ្គលខិលខូចទាំងនោះ បានឡើយ ។

ដោយមានការបំភ្លឺបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានផ្ទាល់និងប្រជាពលរដ្ឋផងនោះ ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានធ្វើការណែនាំ និងជំរុញឲ្យអាជ្ញាធរស្រុកឯកភ្នំ និងមន្ទីរធនធានទឹកខេត្តចុះធ្វើការពិនិត្យអង្កេតនិងផ្ទៀងផ្ទាត់ស្រង់នូវទិន្នន័យតាមផែនទីអាង ដែលបានបង្កផលប៉ះពាល់ជាមួយ និងផ្ទៃដីក្នុងអាងភាសឲ្យបានជាក់លាក់ដើម្បីសុំគោលការណ៍សម្រេចពីរាជរដ្ឋាភិបាល ។

បើតាមការគូសបញ្ជាក់ពីលោកប្រធានមន្ទីរធនធានទឹកខេត្តបាត់ដំបង បានឲ្យដឹងថា ការស្តារដីបាតអាងនេះ គឺដើម្បីស្តុកតម្កល់ទឹកក្នុងអាង សម្រាប់ធានាដល់ការប្រើប្រាស់ស្រោចស្រពស្រូវវស្សា ប្រមាណជាង៣ពាន់ ហិកតាដែលមុននេះបានប្រមាណតែ ២ពាន់ហិកតា ប៉ុណ្ណោះ។ហើយជំនាញគ្រោងធ្វើការស្តារបាតអាងនេះក្នុងគោលបំណង ដើម្បីកែលម្អលើកខ្នងទំនប់ឲ្យមានកម្ពស់បន្ថែមចំនួន១,២០ម៉ែត្រ បន្ថែមពីលើខ្នងទំនប់អាងភាស និងដើម្បីបង្កើនធានាស្តុកទឹកអាងឲ្យបានច្រើនដើម្បីជួយដល់ការស្រោចស្រពស្រែរដូវវស្សានិងស្រូវប្រាំង របស់ប្រជាកសិករ ដែលនៅតាមបណ្តាឃុំមួយចំនួន ជុំវិញអាង អាចស្រោចស្រពដីស្រែប្រាំង កើនឡើងបានប្រមាណ ៥ពាន់ហិកតាផងដែរ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

ads banner