លោក ម៉ែន វិបុល ស្នើដល់កម្លាំងទាំងអស់ត្រូវបង្កើនពង្រឹងសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ឱ្យបានល្អប្រសើរបន្ថែមទៀតជូនប្រជាពលរដ្ឋ

អត្ថបទដោយ៖
Kien Sereyvuth

ស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អាគារអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដែលចំណាយថវិកាអស់ប្រមាណជាង ៧ម៉ឺនដុល្លា,បានថ្លែងប្រាប់កងកម្លាំងទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ពង្រឹងការងារសន្តិសុខសណ្ដាប់ធ្នាប់សង្គម ឲ្យបានល្អប្រសើរបន្ថែមទៀតជាពិសេសត្រូវធ្វើវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋធ្វើឲ្យបានដូចភ្លៀងរលឹមដើម្បីស្វែងយល់ អំពីមូលដ្ឋាន ស្ដាប់សំណូមពរ ស្តាប់កង្វល់  ស្តាប់បញ្ហាអ្វីដែលកើតឡើងនៅមូលដ្ឋានស្ដាប់ ហើយដោះស្រាយឲ្យបានទាន់ពេលវេលាក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង ៩ ចំណុចឲ្យបានជោគជ័យ។

លោកបានបន្តថាក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត សូមថ្លែងកោតសរសើរដល់កងកម្លាំងនគរបាលទាំងអស់ ជាពិសេសអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដែលកន្លងមកបានខិតខំអនុវត្តន៍ តួនាទីភារកិច្ចរបស់ខ្លួនក្នុងការរក្សាសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់បានល្អប្រសើរជូនប្រជាពលរដ្ឋ និងបានអនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជានានារបស់រាជរដ្ឋាភិបាលការ និងបានចូលរួមចំណែកក្នុងការ ផ្សព្វផ្សាយវិធានការទប់ស្កាត់នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសក្នុងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសផ្សេងៗបានទាន់ពេលវេលា ដោយផ្តល់ភាពកក់ក្តៅនិងជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋមកលើកម្លាំងនគរបាលយើង។

លោក ម៉ែន វិបុល បានថ្លែងទៀតថាកងកម្លាំងរបស់យើង មិនត្រឹមតែជាកម្លាំងប្រដាប់អាវុធដែលមានភារកិច្ចក្នុងការរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកងកម្លាំងគាំទ្រដ៏សំខាន់ក្នុងការកសាងសមិទ្ធផលនានា ជាក់ស្ដែងអាគារធ្វើការថ្មីនៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដែលកំពុងរៀបចំសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ ដោយកើតចេញពីការចូលរួមចំណែកចែករំលែកសហការនិងសាមគ្គីភាពពីគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ដឹកនាំទាំងកងកម្លាំង និងសប្បុរសជន វិស័យឯកជនជាពិសេសលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង កន្លងមកលោកស្រីបានយកចិត្តទុកដាក់ដល់កម្លាំងនិងបានជំរុញ ការរៀបចំកន្លែងធ្វើការឲ្យបានសមរម្យហើយក៏បានចូលរួមថវិកាយ៉ាងច្រើន ក្នុងការកសាងអាគារនៅតាមអធិការដ្ឋាននានាក្នុងខេត្តស្វាយរៀងផងដែរ។

លោកបានថ្លែងផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ត្រូវត្រូវយកចិត្តទុកដាក់ជាពិសេសគឺនៅទីប្រជុំជនដូចជានៅក្រុងស្វាយរៀង ក្រុងបាវិតដែលក្រុងទាំងពីរនេះ រាជរដ្ឋាភិបាលយកចិត្តទុកដាក់ហើយក៏ជាទីតាំងមួយដែលប្រមូលផ្ដុំដោយសណ្ឋាគារ កាសុីណូ អាហារដ្ឋាន ភោជនីយដ្ឋានផ្ទះសំណាក់និងផ្សារ កន្លែងកម្សាន្តផ្សេងៗ ដែលតម្រូវឱ្យសមត្ថកិច្ចយើងធ្វើការការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងមានជំនឿទុកចិត្តបាន។

លោកក៏បានថ្លែងជំរុញឱ្យកងកម្លាំងទាំងអស់ត្រូវបន្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានខ្លាំងក្លាបន្តទៀត ដើម្បីដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នឹងត្រូវបង្កើនការបង្ក្រាបបទល្មើសគ្រឿងញៀនគ្រប់ប្រភេទ និងត្រូវបង្ក្រាបមុខសញ្ញាបងធំ បងតូចនៅមូលដ្ឋាន ដាច់ខាតគឺមិនឲ្យមានកើតឡើងទេ។ មួយវិញទៀតចៅសង្កាត់ និងនគរបាលប៉ុស្តិ៍ទាំងអស់ត្រូវពិនិត្យមើលអំពីអត្ដសញ្ញាណកម្មជនក្រីក្រ មានក្រ១ ក្រ២ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ក្នុងអំឡុងពេលកូវីត១៩ ដូច្នេះត្រូវស្រង់ស្ថិតិប្រជាពលរដ្ឋដែលក្រពិតប្រាកដ ដើម្បីធ្វើយ៉ាងណាកុំឲ្យប្រជាពលរដ្ឋថ្នាំងថ្នាក់ឲ្យសោះ។

ក្នុងឱកាសនោះលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងក្រុមការងារបានប្រគល់អំណោយមួយចំនួនដល់អធិការដ្ឋានគរបាលក្រុងស្វាយរៀង និងបានដោះស្រាយសំណូមពរមួយចំនួនរបស់អធិការដ្ឋាន ដែលបានស្នើរដល់រដ្ឋបាលខេត្ត ឲ្យជួយដោះស្រាយផងដែរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner