ប្រទេសតួកគី មានសមត្ថភាពផលិតយន្ដហោះគ្មានមនុស្សបើក២០គ្រឿងក្នុងមួយខែ

ក្រុមហ៊ុន Baykar Makina Sanayi ve Ticaret AS របស់ប្រទេសតួកគី ដែលផ្តល់យានជំនិះគ្មានមនុស្សបើកដល់អ៊ុយក្រែនបាននិយាយថា បច្ចុប្បន្នខ្លួនមានសមត្ថភាពផលិតយន្តហោះគ្មានមនុស្សបើកចំនួន ២០គ្រឿងក្នុងមួយខែ និងការបញ្ជាទិញរយៈពេល៣ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់ Bloomberg។

សារព័ត៌មានដែលមានមូលដ្ឋាននៅអាមេរិកនេះបានផ្សាយថា លោក Haluk Bayraktar នាយកប្រតិបត្តិរបស់ក្រុមហ៊ុនបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ Ukrainian Come Back Alive Foundation កាលពីថ្ងៃព្រហស្បតិ៍ថា ៖ «យន្តហោះគ្មានមនុស្សបើក TB2 និង Akinci កំពុងផលិតជាស៊េរី យើងមានតម្រូវការសម្រាប់ពួកគេទាំងពីរ។ សម្រាប់ Bayraktar TB2 យើងមានកិច្ចសន្យានាំចេញជាមួយ ២២ប្រទេសផ្សេងគ្នា»។

ក្រុមហ៊ុន Baykar ដែលធ្លាប់បដិសេធសំណើរប្រធានាធិបតីរុស្ស៊ីក្នុងការបង្កើតរោងចក្រនៅរុស្ស៊ី និងដែលកំពុងធ្វើការលើគម្រោងយន្តហោះចម្បាំងគ្មានមនុស្សបើកហៅថា Bayraktar Kizilelma ចង់បង្កើនសមត្ថភាពផលិតរបស់ខ្លួនបន្ថែមទៀត ហើយសង្ឃឹមថានឹងសម្រេចបាននូវរោងចក្រនៅអ៊ុយក្រែន។

Bayraktar ដែលជាប្អូនប្រុសរបស់កូនប្រសាររបស់ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បាននិយាយថាក្រុមហ៊ុនចង់ប្រមូលផ្តុំយន្តហោះគ្មានមនុស្សបើក TB2 និង Akinci ក៏ដូចជាយន្តហោះចម្បាំង Kizilelma នៅអ៊ុយក្រែន។

លោកបាននិយាយថា ការសាងសង់កន្លែងស្រាវជ្រាវ និងមជ្ឈមណ្ឌលផលិតកម្មទំនើបកំពុងដំណើរការរួចហើយ ដោយលោកបានបន្ថែមថា «យើងមើលឃើញអ៊ុយក្រែនជាដៃគូយុទ្ធសាស្ត្ររបស់យើង។ យើងក៏ចង់ធ្វើឲ្យអ៊ុយក្រែនជាមូលដ្ឋានផលិតកម្មផងដែរ»។

ប្រទេសតួកគីបានគ្រប់គ្រងរក្សាភាពជិតស្និទ្ធជាមួយអ៊ុយក្រែន និងរុស្ស៊ីនៅឆ្នាំនេះ ខណៈដែលប្រទេសនេះសម្លឹងរកការសម្រុះសម្រួលជាជាងជ្រើសរើសភាគីនៅក្នុងសង្គ្រាមបន្ទាប់ពីការលុកលុយរបស់ប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន លើអ៊ុយក្រែនកាលពីខែកុម្ភៈ។

ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌឺមៀ ពូទីន នៅក្នុងជំនួបកាលពីខែមុនក្នុងប្រទេសអ៊ីរ៉ង់ ធ្លាប់បានស្នើប្រធានាធិបតីតួកគីឱ្យនាំយកក្រុមហ៊ុនផលិតយន្តហោះគ្មានមនុស្សបើកនេះទៅបើករោងចក្រក្នុងប្រទេសរុស្ស៊ី ប៉ុន្តែត្រូវក្រុមហ៊ុននេះបដិសេធ៕

ប្រភព៖ Ams Economy

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner