មេដឹកនាំផ្តាច់ខ្លួននៅតំបន់ដូណេតស្ក៍ អំពាវនាវឱ្យមានទំនាក់ទំនងប្រកបដោយផលប្រយោជន៍ជាមួយកូរ៉េខាងជើង

កៀវ៖ ប្រមុខកងកម្លាំងប្រូកស៊ីរុស្ស៊ីនៅតំបន់ដូណេតស្ក៍ ភាគខាងកើតអ៊ុយក្រែន បានផ្ញើសារមួយទៅកាន់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដោយអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការ ចំពេលមានសញ្ញាថា ទីក្រុងព្យុងយ៉ាងកំពុងពិចារណាបញ្ជូនកម្មករ សម្រាប់គម្រោងស្តារឡើងវិញនៅក្នុងតំបន់ដែលរុស្ស៊ីដណ្តើមបានពីអ៊ុយក្រែន។

នៅក្នុងសាររបស់ខ្លួនដែលបានផ្ញើកាលពីថ្ងៃចន្ទសប្តាហ៍នេះ មេដឹកនាំផ្តាច់ខ្លួននៅតំបន់ដូណេតស្ក៍លោក Denis Pushilin បានសម្តែងក្តីសង្ឃឹមថា សាធារណរដ្ឋដែលគាំទ្រដោយរុស្ស៊ី និងកូរ៉េខាងជើង នឹងអាចសម្រេចបាននូវកិច្ចសហប្រតិបត្តិការទ្វេភាគីដែលមានអត្ថប្រយោជន៍ស្មើគ្នា ដោយយល់ព្រមជាមួយផលប្រយោជន៍របស់ប្រជាជន។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA) នៅថ្ងៃពុធម្សិលមិញ។

សាររបស់លោក Pushilin ទៅកាន់លោក គីម ធ្វើឡើងចំថ្ងៃទី១៥ ខែសីហា ជាថ្ងៃខួបនៃការរំដោះឧបទ្វីបកូរ៉េពីអាណានិគមរបស់ជប៉ុន នៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទីពីរ។ របាយការណ៍បានដកស្រង់លិខិតរបស់លោក Pushilin ដែលបាននិយាយថា ប្រជាជននៃតំបន់ ដុនបាស់ កំពុងប្រយុទ្ធដើម្បីយកមកវិញនូវសេរីភាព និងយុត្តិធម៌នៃប្រវត្តិសាស្ត្រនៅថ្ងៃនេះ ដូចប្រជាជនកូរ៉េបានធ្វើវាកាលពី ៧៧ឆ្នាំមុនដែរ។

របាយការណ៍នេះមិនបានបញ្ជាក់ថាតើលោក គីម បានផ្ញើសារទៅកាន់លោក Pushilin ជាការឆ្លើយតបវិញឬយ៉ាងណានោះទេ។
សូមរម្លឹកថា កាលពីខែកក្កដាកន្លងទៅ កូរ៉េខាងជើងបានទទួលស្គាល់នូវអ្វីដែលគេហៅថា សាធារណរដ្ឋដូណេតស្ក៍ (DPR) និងសាធារណៈរដ្ឋលូហាន់ស្ក៍ (LPR) នៅតំបន់ដុនបាស់ ភាគខាងកើតអ៊ុយក្រែនជារដ្ឋឯករាជ្យ។ ទង្វើនេះបានធ្វើឲ្យកូរ៉េខាងជើងក្លាយជាប្រទេសទី៣ បន្ទាប់ពីរុស្ស៊ី និងស៊ីរីដែលទទួលស្គាល់អង្គភាពបំបែកខ្លួនទាំងពីរនេះ ៕ ប្រភព៖ Aljazeera ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner