ទោះបី លោក Musk និយាយលេងក៏ដោយ តែភាគហ៊ុនរបស់ក្លឹប Manchester United កើន ១៧%

បរទេស៖ ភាគហ៊ុនរបស់ក្លឹបបាល់ទាត់អង់គ្លេស Manchester United បានកើនឡើង 17% ក្នុងពេលដ៏ខ្លី សម្រាប់ការជួញដូរមុនទីផ្សារ បន្ទាប់ពីនាយកប្រតិបត្តិក្រុមហ៊ុន Tesla លោកកំពូលមហាសេដ្ឋីលំដាប់ពិភពលោក Elon Musk បាននិយាយបែបកំប្លែងថា គាត់នឹងទិញក្លឹបនេះ។

មហាសេដ្ឋីរូបនេះបានសរសេរនៅលើ Twitter ថា៖ «ខ្ញុំក៏ទិញ Manchester United ដែរ»។ ប៉ុន្មានម៉ោងក្រោយមក Musk បានឆ្លើយតបទៅនឹងអ្នកប្រើប្រាស់ Twitter ដែលសួរថា តើគាត់ពិតជាចង់ទិញក្លឹបមែនទេ ហើយបានបំភ្លឺថា វាជាការលេងសើច។
លោកថា “ទេ នេះគឺជារឿងកំប្លែងដ៏យូរមកហើយនៅលើ Twitter។

ខ្ញុំមិនទិញក្រុមកីឡាណាមួយទេ” មុននឹងបន្ថែមថា “ទោះបីជាក្រុមណាក៏ដោយ វានឹងជា Man U ។ ពួកគេជាក្រុមដែលខ្ញុំពេញចិត្តកាលពីក្មេង”។
ភាគហ៊ុនរបស់ Manchester United ដែលត្រូវបានជួញដូរក្រោមអក្សរកាត់ MANU នៅលើផ្សារហ៊ុនញូវយ៉កបានបង្ហាញពីការកើនឡើងដល់ 17% បែបនេះ បន្ទាប់ពីលោក Musk និយាយថាទិញក្លឹបនេះ តាមបណ្តាញសង្គម Twitter។

ដោយផ្អែកលើការវាយតម្លៃទីផ្សារភាគហ៊ុនថ្មីៗបំផុតរបស់ក្លឹប ការទិញ Manchester United នឹងធ្វើឱ្យ Musk ចំណាយប្រហែល ២ ពាន់លានដុល្លារ។ Manchester United បានបដិសេធមិនធ្វើអត្ថាធិប្បាយលើបញ្ហានេះទេ ពេលត្រូវបានទាក់ទងដោយ ទីភ្នាក់ងារព័ត៌មាន CNBC។

បច្ចុប្បន្ន ក្លិប Man Utd ស្ថិតក្នុងការគ្រប់គ្រងរបស់គ្រួសារ Glazer ដែលមានលោក Joel Glazer និងលោក Avram Glazer ជាសហប្រធានក្លិប ដែលកំពុងជួបវិបត្តិដោយការខឹងសម្បារជាខ្លាំងពីសំណាក់អ្នកគាំទ្រ មិនពេញចិត្តនឹងគ្រួសារនេះ ឲ្យដកខ្លួនចេញ។

បច្ចុប្បន្នលោក Elon Musk វ័យ ៥១ឆ្នាំ មានទ្រព្យសម្បត្តិសរុបជាង ២៦៨ពាន់លានដុល្លារអាមេរិក រហូតមកដល់ឆ្នាំ២០២២នេះ ជាអ្នកមានទ្រព្យច្រើនជាងគេ នៅលើពិភពលោក នេះបើតាម ទស្សនាវដ្តី Forbes ៕ ប្រភពពី CNBC , ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner