ទូរទស្សន៍ក្នុងស្រុកផ្សាយថា អតីតប្រធានាធិបតីស្រីលង្កានឹងវិលចូលប្រទេសវិញ

កូឡុំបូ៖ អតីតប្រធានាធិបតីស្រីលង្កា លោក ហ្កោតាប្រាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) នឹងវិលត្រឡប់មកកាន់ប្រទេសកំណើតវិញ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះបើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ Newsfirst របស់ប្រទេសសី្រលង្កា ។

ទូរទស្សន៍ Newsfirst របស់ប្រទេសសី្រលង្កា ធ្វើការផ្សព្វផ្សាយដោយដកស្រង់ប្រភពចេញពី អតីតឯកអគ្គរដ្ឋទូតស្រីលង្កាប្រចាំនៅរុស្ស៉ី គឺ លោក អ៊ូដាយ៉ាហ្កា វៀរ៉ាទុនហ្កា (Udayanga Weeratunga) កាលពីថ្ងៃទី១៧ សីហា ថា អតីតប្រធានាធិបតីនឹងត្រលប់ចូលស្រុកវិញ នៅសប្តាហ៍ក្រោយនេះ។

គួរបញ្ជាក់ថា អតីតប្រធានាធិបតីស្រីលង្កា ដែលរត់ភៀសខ្លួនទៅក្រៅប្រទេស ដើម្បីគេចពីការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក បានទៅដល់ប្រទេសថៃ កាលពីសប្តាហ៍មុន តាមជើងហោះហើរពីប្រទេសសិង្ហបុរី ជាកន្លែងដែលលោកបានជ្រកកោនបណ្តោះអាសន្ន ចាប់តាំងពីពាក់កណ្តាលខែកក្កដាមក។

ដំណឹងនេះត្រូវបានប្រកាស ក្រោយពេលប្រធានាធិបតីស្រីលង្កា បច្ចុប្បន្ន សម្រេចថា នឹងមិនបន្តដាក់រដ្ឋក្នុងគ្រាអាសន្ន ដើម្បីគ្រប់គ្រងការតវ៉ាប្រឆាំងរដ្ឋាភិបាល ខណៈដែលស្ថានភាពនៅក្នុងប្រទេសក្រីក្រមួយនេះ “មានស្ថេរភាព” វិញ។

ភាពអាសន្នដែលដាក់ដោយ លោក Wickremesinghe គ្រោងនឹងត្រូវលុបចោល នៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ ហើយលោកមានអំណាចដើម្បីបន្តការដាក់រដ្ឋក្នុងគ្រាអាសន្នបាន រៀងរាល់ខែ បន្ទាប់ពីនោះ ៕ ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner