មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ គម្រោងផ្តល់ មេពូជ គោ-ក្របី ជូនដល់ប្រជាសហគមន៍បានជួយបង្កើនជីវភាព និងចូលរួមជួយអភិរក្សសត្វព្រៃនៅកម្ពុជា
ខេត្តកំពង់ធំ ៖ ក្រសួងបរិស្ថាន និងអង្គការដៃគូ បានធ្វើការផ្តល់មេពូជ គោនិងក្របីជូនដល់ ប្រជាសហគមន៍ នៅក្នុងតំបន់ការពារទេសភាពទំនាប ខាងជើងទន្លេសាប ដែលអាចរកចំណូលបន្ថែមសម្រាប់ផ្តគ់ផ្គង់ជីវភាពគ្រួសារ និងក្រៅពីនេះ នៅបានជួយអភិរក្សសត្វព្រៃ ដូចជា សត្វខ្សឹប ដែលជាសត្វកម្របំផុតនៅលើលោក ហើយកំពុងមានវត្តមាននៅកម្ពុជា។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន ក្នុងដំណើរទស្សនកិច្ច និងក្នុងពិធីអញ្ជើញចូលរួមជាអធិបតីភាពបើកយុទ្ធនាការ អន្ទាក់សូន្យ ដែលបានរៀបចំឡើងនា ខេត្ត កំពង់ធំ កាលពីពេលថ្មីៗកន្លងមកបញ្ជាក់ឱ្យដឹងថា ប្រជាសហគមន៍ការពារធនធានធម្មជាតិ ប្រឡាយ ដែលស្ថិត នៅក្នុង ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ បានទទួល មេពូជ គោ ក្របី ដើម្បីចិញ្ចឹមសម្រាប់បង្កើនជីវភាពគ្រួសារ និងក៏ដូចជាផ្នែកមួយពួកគាត់បានចូលរួមអភិរក្សសត្វកម្រៗដូចជាសត្វខ្សឹប និងក្រៅពីនេះក៏ជាផ្នែកមួយជួយឱ្យពួកគាត់បញ្ឈប់ការចូលព្រៃ កាប់ឈើ បរបាញ់សត្វ និងដាក់អន្ទាក់ជាដើម។
ទាក់ទិនក្នុងរឿងនេះ ឯកឧត្តម រដ្ឋលេខាធិការបានមានប្រសាសន៍ថា សម្រាប់ការផ្តល់ពូជគោរបស់ក្រសួងបរិស្ថាន និងអង្គការដៃគូនេះគឺ ក្នុងមួយគ្រួសារទទួលបានពូជមេគោ ក្របីចំនួន ២ក្បាល ។ ពូជ គោ ក្របី និងជ្រូកដែលក្រសួងនិងអង្គការដៃគូផ្តល់ឱ្យ គិតមកដល់ពេលនេះ បានជាង ១ពាន់ក្បាលហើយ ដើម្បីពលរដ្ឋយកទៅចិញ្ចឹមបែបលក្ខណៈប្រវាស់។
ដោយឡែក លោក តឹក គឹមសុង អ្នកសម្របសម្រួលគម្រោងស្រូវនិរន្តរភាពនៃអង្គការ WCS បានឱ្យដឹងថា គម្រោងផ្តល់ពូជ គោ ក្របី និងក៏ដូចជាការ អនុវត្តគម្រោងស្រូវនិរន្តរភាពគឺជាផ្នែកមួយសំខាន់ដើម្បីរួមចំណែកកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន និងពិសេសជួយលើកស្ទួយជីវភាពប្រជាសហគមន៍។មកដល់ពេលនេះមានប្រជាសហគមន៍កាន់តែច្រើនឡើងបានទទួលផលប្រយោជន៍បន្តបន្ទាប់ពីគម្រោងទាំងនេះ។
លោក ញ៉ឹប ញឿន អ្នកសម្របសម្រួល សហគមន៍នៃគម្រោងអភិរក្សសត្វខ្សឹបរបស់អង្គការ WCS វិញបានប្រាប់ឱ្យដឹងថា”ក្នុងគម្រោងបានទិញមេពូជក្របីចំនួន ៥០ក្បាល សម្រាប់ចែកជូនដល់សមាជិកសហគមន៍ ការពារធម្មជាតិប្រឡាយចំនួន ២៥គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន ២ក្បាល ។ សម្រាប់កម្មវិធីអនុវត្តសាកល្បងពីគម្រោងក្នុងសហគមន៍មួយកន្លែងនេះ ដោយមានរយៈពេល១០ឆ្នាំ ហើយក្នុងនេះ មានការចូលរួមពីប្រជាពលរដ្ឋចំនួន៣ភូមិ ដោយមានសមាជិកសរុប ៣៨៩គ្រួសារ ៕ ដោយ ៖ ម៉ាដេប៉ូ









